ថៅកែហាងសម្អាងការ កែវ ពេជ្រពិសី ដែលបរាជ័យស្នេហ៍កណ្តាលផ្លូវ ធ្លាក់ខ្លួនមេម៉ាយកាយរងានោះ កាន់តែផ្តាច់ខ្លួនពីអាជីពសិល្បៈស្ទើរតែទាំងស្រុង ហើយពេលនេះ ជាមួយនឹងគីឡូកាន់តែឡើង បែកសាច់ខូចរាងអស់ មិនដូចមុនឡើយ ទើបធ្វើឱ្យពិសី ពិបាកក្នុងការវិលត្រឡប់រកអាជីពចាស់វិញ។
ប្រភពបានឱ្យដឹងថា កែវ ពេជ្រពិសី អាចនឹងក្លាយទៅជាជំទាវ ប្រសិនបើនាងព្រមស្នេហ៍លោកពោះម៉ាយផ្កាយ៣ម្នាក់ ប៉ុន្តែពិសី អះអាងថា ពេលនេះ នាងចង់រៀបការ តែមិនទាន់ដល់គូថ្មីទេ…។
កែវ ពេជ្រពិសី បានបាត់មុខទាំងស្រុងពីអាជីពសម្តែង និងតាមកញ្ចក់ទូរទស្សន៍បាយ័ន នារយៈពេលចុងក្រោយនេះហើយ សូម្បីតែហាងសម្អាងការនាងដែលបើកនៅផ្លូវកម្ពុជាក្រោម នោះ ក៏ត្រូវបង្ខំចិត្តរើចេញ ដោយតក់ក្រហល់ដែរ។
ជុំវិញការដែលពេជ្រ ពិសី លែងរវីរវល់ជាមួយអាជីពចាស់នេះ នាំឱ្យមានពាក្យខ្សឹបខ្សៀវជាច្រើនថា អតីតតារាសម្តែងរូបនេះត្រូវគូស្នេហ៍ថ្មីហួងហែង និងខ្លះទៀតថា ពិសី ជិតក្លាយជាជំទាវហើយ ព្រោះមានលោកផ្កាយ3ម្នាក់ តាមស្នេហ៍ជាយូរហើយ។
ក្នុងជំនួបតាមទូរស័ព្ទជាមួយកែវ ពេជ្រពិសី កាលពីរសៀលថ្ងៃទី11 ខែមករា ឆ្នាំ2018 តារាបាត់មុខពីអាជីពចាស់ឈឹងរូបនេះ បានឱ្យដឹងថា នាងដកខ្លួនចេញពីសិល្បៈ មួយរយៈនេះ មិនមានអ្វីជាអាថ៌កំបាំងទេ គឺដោយសារតែជាប់ដៃរកស៊ីប៉ុណ្ណោះ ហើយក៏មិនមែនថា ផ្តាច់ខ្លួនពីការថតសម្តែងទាំងស្រុងដែរ។
ពេជ្រពិសី រៀបរាប់ថា “ហាងសម្អាងការខ្ញុំនៅផ្លូវកម្ពុជាក្រោម នោះ បានរើទៅទៅតាំងថ្មី ម្តុំព្រែកលៀប ព្រោះនៅទីនោះមានទីតាំងធំជាងមុន គឺ3ជាន់ ហើយខ្ញុំមានលក់ផលិតផលនារី ជាគ្រឿងសម្អាង ក្នុងហ្នឹងដែរ គឺមានអតិថិជនច្រើនជាងមុនផង។ ចំពោះការបាត់មុខខ្ញុំតាមកម្មវិធីសិល្បៈនោះ គឺព្រោះតែខ្ញុំជាប់គ្រប់គ្រង និងចុះទៅតាមហាងសម្អាងការហ្នឹងតែម្តង ព្រោះថា ការរកស៊ី បើយើងបណ្តោយតែបន្តិច គឺវានឹងធ្លាក់ចុះវិញ ហើយនឹងពិបាក អ៊ីចឹងខ្ញុំត្រូវចុះជាប់។ សម្រាប់ឆ្នាំ2018 នេះ ខ្ញុំទទួលបានម៉ូយច្រើនជាងឆ្នាំមុនៗ ហើយខ្ញុំរើទីតាំងទៅព្រែកលៀប ហ្នឹង គឺបន្តិចទៀត មង្គលការនៅកោះពេជ្រ គេរើទៅធ្វើនៅទីនោះ អ៊ីចឹងងាយស្រួលជាងមុនផងដែរ”។
ឆ្លើយតបសំណួរថា តើពេជ្រពិសី មានចង់រៀបការប្តីជាថ្មីទៀតដែរឬអត់? ហើយពេលនេះ មានបុរសថ្មីក្នុងបេះដូងឬនៅ?
ថៅកែស្រីសម្អាងការរូបនេះថ្លែងថា “ខ្ញុំចង់រៀបការដែរបង ព្រោះអីមិត្តភក្តិខ្ញុំមួយចំនួន គេមានកូន2ទៅ3នាក់អស់ហើយ។ ចំពោះយើងវិញ គឺចង់មានគ្រួសារដូចគេដែរ តែធ្វើម៉េចយើងពេលនេះ រកមិនទាន់បានអ្នកដែលត្រូវចិត្ត។ មិនមែនយើងរកតែអ្នកពិសេសៗ មានលក្ខខណ្ឌខ្ពស់នោះទេ គឺយើងរកតែអ្នកល្មមៗហ្នឹង តែគូថ្មីហ្នឹង មិនទាន់ដល់តែម្តង។ យើងមិនចង់រស់នៅម្នាក់ឯង ឬមានអាថ៌កំបាំងអីទេ គឺចង់ឱ្យអ្វីៗបើកចំហ តែនៅឆ្នាំ2018 នេះ ខ្ញុំអាចនិយាយបានថា យើងមិនទាន់រកបានអ្នកដែលត្រូវចិត្តហ្នឹងទេ”។
ទោះជាកែវ ពេជ្រពិសី ថា គូស្នេហ៍ថ្មីនាងហាក់នៅលាក់ខ្លួននៅឡើយ តែអ្នកដែលស្និទ្ធនឹងនាងបានបង្ហើបឱ្យដឹងថា មានប្រុសទាំងក្នុងនិងក្រៅប្រទេស ចាំចម្លើយស្នេហ៍អ្នកមេម៉ាយរូបស្រស់នេះ ពិសេស គឺលោកពោះម៉ាយផ្កាយ3ម្នាក់ រួមទាំងលោកឧកញ៉ាម្នាក់ទៀតផង ដែលប្រជែងដណ្តើមបេះដូងពិសី ហេតុនេះហើយគេជឿថា ពិសី ពិបាកគេចចេញពីអន្ទាក់ស្នេហ៍នោះណាស់ ហើយបើពិសី លោកឆត្រ គឺនឹងក្លាយទៅជាជំទាវភ្លាមតែម្តង។
ប្រភពបានឱ្យដឹងថា កែវ ពេជ្រពិសី មានឱកាសតិចតួចបំផុត ដែលអាចវិលត្រឡប់ចូលសិល្បៈវិញ ព្រោះពេលនេះនាងលែងចង់ល្បីទៀតហើយ សូម្បីតែការធ្វើពិធីការិនីនៅប៉ុស្តិ៍បាយ័ន ក៏លែងឃើញពិសី ទៀតដែរ។
កែវ ពេជ្រពិសី បន្ថែមថា “ខ្ញុំមិនមែនផ្តាច់ខ្លួនចេញពីសិល្បៈ 100°C ទេបង។ ឥឡូវខ្ញុំសម្រកគីឡូបន្តិច អាចឈរនៅមុខកាមេរ៉ាស្អាតវិញ ហើយមានគេហៅថតរឿងអី ខ្ញុំនៅតែឆ្លៀតថតអ៊ីចឹង។ ប៉ុន្តែ អាជីពសិល្បៈពេលនេះ គ្រាន់តែជាជំហានទី2ប៉ុណ្ណោះ ព្រោះខ្ញុំចាត់ទុកការរកស៊ីជាជម្រើសដំបូង ដោយសារសិល្បៈមិនអាចឋិតថេរទេ ហើយពីមុន យើងនៅក្មេង គឺចេះតែប្រឡូកពេញទំហឹង តែឥឡូវយើងត្រូវមានរបរអីមួយសម្រាប់ពេលខាងមុខ។ ចំណែកការងារនៅប៉ុស្តិ៍បាយ័ន មួយរយៈនេះ កម្មវិធីខ្ញុំធ្វើត្រូវផ្អាកសិន អ៊ីចឹងបានជាមិនឃើញខ្ញុំដូចមុន តែខ្ញុំគ្មានការកុងត្រាជាមួយខាងប៉ុស្តិ៍មួយណាទេ។ ខ្ញុំអាចធ្វើពិធីការិនីនៅប៉ុស្តិ៍ផ្សេងៗទៀតបាន ឱ្យតែគាត់ត្រូវការ ហើយខ្ញុំនៅតែស្រលាញ់សិល្បៈអ៊ីចឹង គ្រាន់តែថា មិនអាចប្រឡូកទាំងស្រុងដូចមុនបានទេ។ ចំពោះរឿងស្នេហាថ្មីវិញ ខ្ញុំមិនមានអីអាថ៌កំបាំងទេ គ្មានអ្នកណាគ្រប់គ្រងយើងទេ តែខ្ញុំមិនទាន់រៀបការ មកពីអត់ទាន់មានអ្នកថ្មី ដែលត្រូវចិត្ត គឺមានតែអ្នកស្រលាញ់ធម្មតាៗ”។
កែវ ពេជ្រពិសី បានចូលរោងការកាលនៅឆ្នាំ2010 ជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី លោកចន្ថា ស្រី ប៉ុន្តែ ចំណងស្នេហ៍នោះ មានអាយុត្រឹមជាង2សប្តាហ៍ប៉ុណ្ណោះ ក៏ឈានទៅដល់ការប្រេះឆា និងចែកផ្លូវគ្នាដោយចម្រូងចម្រាស ដោយសារអតីតម្តាយក្មេកពិសី ចោទពិសី ថា បោកលុយកូនគាត់រាប់ម៉ឺនដុល្លារ តែពិសី បានប្រកែក។ ពេលនេះកែវ ពេជ្រពិសី ថា បេះដូងនាងកំពុងឯកោ ហើយចង់បានអ្នកថ្នមថែព្យាបាលរបួសបេះដូងដែលក្លាយជាដំបៅជាង6ឆ្នាំនេះ ឱ្យបានជាសះស្បើយវិញ។ ប៉ុន្តែ តារាមួយចំនួននៅតែមិនជឿថា ពិសី ទុកបេះដូងឱ្យនៅទំនេរឡើយ ក្រោយលែងប្តីនេះ ហើយពួកគេនៅតែអះអាងថា ពិសី អាចក្លាយទៅជាជំទាវដូចតារាស្រីមួយចំនួនជាមិនខាន បើនាងព្រមទទួលសំណើស្នេហ៍ពោះម៉ាយផ្កាយ3 ល្បីឈ្មោះម្នាក់…៕