បើទោះជាផលិតកម្មរស្មីហង្សមាស មានតារាល្បីៗឡើងគរជាន់គ្នាទៅហើយក្ដី តែផលិតកម្មដែលធំជាងគេនៅក្នុងស្រុកនេះ មិនទាន់បញ្ចប់មហិច្ឆិតាអូសទាញតារាល្បីៗឲ្យមកចូលទ្រនុំរបស់ខ្លួនថែមទៀតឡើយ ដើម្បីឲ្យផលិតកម្មមួយនេះលែងមានគូប្រៀបនោះ ហង្សមាស ត្រូវបានគេបង្ហើបឲ្យដឹងថា នៅត្រូវការតារាចម្រៀងល្បីឈ្មោះ៣ដួងថែមទៀត ដើម្បីមករួមកំលាំងឲ្យកាន់តែខ្លាំងក្លានោះ គឺតារាចម្រៀងមុខសញ្ញាប្រចាំឆ្នាំថ្មី២០១៨នេះ គឺមាស សុខសោភា , អ៊ីវ៉ា និងលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ។
ប្រភពបានឲ្យដឹងថា តារាទាំង៣នេះមានបច្ចេកទេសច្រៀងខុសៗគ្នា និងត្រូវបានមហាជននិយម ហេតុនេះហើយគេពិបាកសន្និដ្ឋានថា ពួកគេអាចគេចផុតពីកណ្ដាប់ដៃហង្សមាស ណាស់។
មាសសុខសោភា ៖ បានផ្លាស់ប្ដូរផលិតកម្ម៤លើកមកហើយ ដែលចាប់ផ្ដើមនៅផលិតកម្មរស្មីស្ទឹងសង្កែ , U2, សាន់ដេ, M និងចុងក្រោយ គឺមកទើនៅផលិតកម្មថោន។ តារាចម្រៀងដែលទៅដល់ផលិតកម្មណា ក៏នៅតែល្បីឈ្មោះរូបនេះ ត្រូវបានផលិតកម្មរស្មីហង្សមាស ចាប់អារម្មណ៍ និងពេញចិត្តជាយូរមកហើយ ប៉ុន្តែមិនអាចអូសនាងបានដូចចិត្តទេ ព្រោះថា សោភា ហាក់ដូជាគេចហង្សមាស រហូតតែម្ដង។
ដោយឡែក សម្រាប់ឆ្នាំ២០១៨នេះ សោភា នៅតែជាតារាចម្រៀងសំខាន់របស់ផលិតកម្មថោន ហើយនាងមានផលិតកម្មផ្ទាល់ខ្លួន Camtrax ទៀត ហេតុនេះហើយឱកាសដែលហង្សមាស ប្រមាញ់តារាចម្រៀងរូបនេះឲ្យចូលទៅជាសមាជិករបស់ខ្លួនហាក់ដូចជាតឹងតែងជាងមុនទៀតផង ព្រោះតែពេលនេះ បងប្រុសនាង លោកមាស សុខរតនៈ មានតំណែងនៅទូរទស្សន៍ថោន ផងដែរ។
ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈរង់ចាំមើលថា ការចេញបើកឆាកកម្មវិធីប្រគំតន្ដ្រី រួមទាំងកម្មវិធីប្រលងចម្រៀងរបស់ទូរទស្សន៍ថោន នាពេលខាងមុខនេះ ដើម្បីប្រជែងជាមួយហង្សមាស នោះ ប្រសិនបើមិនជោគជ័យខ្លាំងទេ មាស សុខសោភា ច្បាស់ជាពិបាកគេចទ្រនំហង្សមាស ជាមិនខានឡើយ ស្របពេលដែលនៅផលិតកម្មថោន តារាចម្រៀងប្រុស គឺមិនទាន់មានអ្នកណាម្នាក់ស័ក្តិសមក្នុងការច្រៀងឆ្លងឆ្លើយជាមួយសោភា ឡើយ ជាហេតុធ្វើឲ្យអ្នកចម្រៀងជើងខ្លាំងរូបនេះហាក់ឯកោ។
ឆាយ វីរៈយុទ្ធ ៖ តារាចម្រៀងច្រៀងបានទាំងតុងខ្លាំង និងស្រាល ឬសំឡេងទាបរូបនេះ ត្រូវបានហង្សមាស ចាប់ចិត្តតាំងពីរូបគេនៅផលិតកម្ម M មកម្ល៉េះ ហេតុនេះហើយបានជាហង្សមាស ជ្រើសយកប៊ុត សីហា ដែលអាចច្រៀងបទវីរៈយុទ្ធ នោះ ឲ្យក្លាយទៅជាម្ចាស់ពាន “The Voice Cambodia” រដូវកាលទី១។ ប៉ុន្ដែ ហង្សមាស ហាក់អស់សង្ឃឹមនៅពេលដែលប្រើប្រាស់សីហា មិនបានដូចចិត្ត ទើបបង្វិលងាកទៅតាមប្រមាញ់លោកយុទ្ធ ដែលកំពុងជ្រកនៅផលិតកម្មសាន់ដេ នេះជាថ្មី ខណៈដែលតាំងពីរៀបការប្រពន្ធមក វីរៈយុទ្ធ ហាក់ដូចជាចុះខ្សោយជាងមុន។
ប្រភពបានឲ្យដឹងថា ការដែលវីរៈយុទ្ធ គេចហង្សមាស កន្លងមក ព្រោះថារូបគេមិនចង់ទៅប្រជែងលោកព្រាប សុវត្ថិ ដែលត្រូវជាបងប្អូនខាងអតីតប្រពន្ធ ហេតុនេះហើយបានជាដើរផ្សេងព្រេង តាំងពីនៅផលិតកម្ម Blue Diamond, M, Bigman និងចុងក្រោយទើរនៅសាន់ដេ នេះ។
អ៊ីវ៉ា ឬឃីន ស្រីនាថ ៖ តារាចម្រៀងវ័យក្មេងរូបនេះមានកេរ្ដិ៍ឈ្មោះដោយសារតែផលិតកម្មសាន់ដេ ជាអ្នកបណ្ដុះបណ្ដាលសុទ្ធសាធ តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ អ៊ីវ៉ា ដែលនៅក្មេង និងមានរូបសម្រស់ស្អាតនោះ ត្រូវបានហង្សមាស ព្យាយាមទាក់ទងជាច្រើនខែមកហើយ បើទោះជានាងទើបតែចប់កុងត្រាជាមួយផលិតកម្មរយៈពេលថ្មីៗនេះក៏ដោយ។ ដោយឡែក ប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា អ៊ីវ៉ា បានក្លាយទៅជាតារាចម្រៀងហង្សមាស ស្ងាត់ៗទៅហើយ ព្រោះបទចម្រៀងរបស់នាងបានថតជា Audio អស់ទៅហើយ តែអ៊ីវ៉ា បានច្រានចោល។
តារាចម្រៀងវ័យក្មេង និងល្បីឈ្មោះដោយរហ័សរបស់ផលិតកម្មសាន់ដេ រូបនេះ ធ្លាប់ប្រាប់ថា ហង្សមាស និងថោន ធ្លាប់ទាក់ទងនាងមែន តែនាងមិនទាន់សម្រេចចិត្តនៅណាឡើយ ព្រោះពេលនេះនៅតែជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ ដដែល។
ក្រុមអ្នកជំនាញសិល្បះបានលើកឡើងថា តារាចម្រៀងទាំង៣ខាងលើដែលជាមុខសញ្ញារបស់ផលិតកម្មរស្មីហង្សមាស នេះ គឺពិបាកនឹងគេចផុតពីហង្សមាស ណាស់ ព្រោះសូម្បីតែខេមរៈ សិរីមន្ដ ដែលល្បីល្បាញខ្លាំង និងចង់បើកផលិតកម្មផ្ទាល់ខ្លួននោះ ចុងក្រោយគង់តែរត់ចូលរបស់ហង្សមាស ដដែល។
គេចាប់អារម្មណ៍ដែរថា កន្លងមក ហង្សមាស ធ្លាប់ប្រមាញ់តារាល្បីៗបានជោគជ័យ និងក្លាយទៅជាសមាជិករបស់ខ្លួនដូចបំណង មានដូចជា សុគន្ធ និសា , សួស វីហ្សា , ទេព បូព្រឹក្ស , លាង សុផាឡែន , ផន នីដា , សុខ សីឡាលីន , សន ផល្លីកា , សុខ ស្រីនាង , នៅ ស៊ីនឿន , ហ្សូណូ , ឆន សុវណ្ណរាជ និងខេមរៈ សិរីមន្ដ ដែលតារាទាំង១២ខាងលើនេះ ខ្លះបានជោគជ័យ ខ្លះទៀតនៅទ្រឹង៕