ខណៈដែលលោកអ៊ុង សូឡាំង អាណិកជនខ្មែរ នៅអាមេរិក ហោះមកស្រុកខ្មែរ ដើម្បីឡើងតុលាការជម្រះបញ្ជីស្នេហ៍ជាមួយតារាទឹកភ្នែកនី មុនីនាថ នោះ ស្រាប់តែបែកធ្លាយរូបថតស្និទ្ធស្នាលជាមួយតារាភាពយន្ត កញ្ញាចាន់ ស្រីរ័ត្ន ដែលនាំឲ្យមានការសង្ស័យថា ក្រោយបែកស្នេហ៍ពីមុនីនាថ លោកសូឡាំង ជ្រើសស្នេហ៍ស្រីរ័ត្ន មកស្អំបេះដូង។
អតីតគូណ្ដឹងនី មុនីនាថ លោកអ៊ុង សូឡាំង ទើបតែហោះមកដល់ស្រុកខ្មែរ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ តាមការសន្យា ដើម្បីឡើងតុលាការជម្រះក្ដីតទល់ជាមួយតារាទឹកភ្នែកមុនីនាថ បន្ទាប់ពីប្ដឹងទារសំណងពីអតីតម្ចាស់ស្នេហ៍ចំនួន១២ម៉ឺនដុល្លារ ក្រោយពុះបំបែកស្នេហ៍ឆ្លងទ្វីប។
យ៉ាងណា ស្របពេលដែលមជ្ឈដ្ឋានជាច្រើនកំពុងតាមដានរឿងក្ដីស្នេហាដ៏ចម្រូងចម្រាស់នោះ ស្រាប់តែថ្មីៗនេះ បានបែកធ្លាយរូបភាពស្និទ្ធស្នាលរវាងលោកអ៊ុង សូឡាំង ជាមួយតារាសម្ដែងចាន់ ស្រីរ័ត្ន ដែលនាំឲ្យមានការសង្ស័យថា ទំនងជាលោកសូឡាំង ជ្រើសស្រីរ័ត្ន ស្អំបេះដូង ហើយមើលទៅ ខណៈដែលអ្នកទាំង២ហាក់ស្អិតល្មួតនឹងគ្នាប្រៀបដូចគូស្នេហ៍។
ពាក់ព័ន្ធនឹងដំណឹងនេះ បានធ្វើឲ្យស្រីរ័ត្ន ភ័យបុកពោះមិនតិចទេ ដោយនាងបានចេញមុខអះអាងថា ទំនាក់ទំនងរវាងនាងជាមួយលោកសូឡាំង គ្មានអ្វីពិសេសនោះទេ ដោយគ្រាន់តែរាប់អានគ្នាធម្មតាតែប៉ុណ្ណោះ។ ម្យ៉ាងតាមរយៈរូបភាពនោះ គឺដំណើរកំសាន្តលក្ខណៈជាក្រុម ពុំមែនតែពីរនាក់នោះទេ។ នាងថា សូមកុំយល់ច្រឡំលើនាង គឺនាងពុំមែនជាជនទី៣នោះទេ។ ណាមួយនាងមានដៃគូស្នេហារួចហើយ ដែលកំពុងតែពិសោធន៍ចិត្តគ្នា។ យ៉ាងណា ស្រីរ័ត្ន សុំមិនទាន់បង្ហាញអត្តសញ្ញាណដៃគូស្នេហារបស់នាងនៅឡើយទេ។
តាមដំណឹងថា លោកសូឡាំង អតីតគូដណ្ដឹងនី មុនីនាថ នឹងត្រូវស្នាក់នៅកម្ពុជា រយៈពេលយូរ ដើម្បីដោះស្រាយរឿងក្ដីជាមួយមុនីនាថ តាមប្រព័ន្ធតុលាការឲ្យបានដាច់ស្រេចខណៈមុនីនាថ និងលោកសូឡាំង សុទ្ធតែមានសង្ឃឹមឈ្នះក្ដីដូចគ្នា។ តែទន្ទឹមនឹងនោះគេកំពុងចង់ដឹងថា ក្រោយជម្រះបញ្ជីស្នេហ៍ជាមួយមុនីនាថ ដាច់ស្រេច លោកសូឡាំង នឹងជ្រើសស្នេហ៍កញ្ញាចាន់ ស្រីរ័ត្ន ឬយ៉ាងណា ស្របពេលដែលស្រីរ័ត្ន បានបដិសេធថា សម្ព័ន្ធភាពរវាងនាងជាមួយអតីតម្ចាស់ស្នេហ៍មុនីនាថ គ្រាន់តែរាប់អានគ្នាជាធម្មតាតែប៉ុណ្ណោះ៕