បើទោះបីការប្រឡង ជុំទី២ ក្នុងកម្មវិធី “Cambodia idol” រដូវកាលទី៣ ត្រូវប្រឈមអាកាសធាតុត្រជាក់ខ្លាំង នៅខេត្តមណ្ឌលគិរី នៅលើកំពូលភ្នំដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមករា បេក្ខនារីញឹម សួនសោភាទេពី នៅតែប្រើទឹកដមសំឡេងបានយ៉ាងល្អលេចធ្លោ រហូតធ្វើឲ្យគណៈកម្មការទាំង៤ ពេញចិត្តឲ្យនាងឈានទៅវគ្គបន្ត Green miles ត្រូវប៉ះជាមួយបេក្ខជនបេក្ខនារីខ្លាំងៗ ចំនួន២៣នាក់ ។
នៅក្នុងវគ្គ Theater Round ជុំទី២ យប់មិញនេះ ក្រោមវិញ្ញាសាចម្រៀងចាប់ដៃគូ២នាក់ នៅលើកំពូលភ្នំដ៏ត្រជាក់ សោភា ទេពី និងដៃគូ តម្រូវឲ្យច្រៀងបទ “មានចម្រៀងមួយណាដែលធ្វើឲ្យបងនឹកអូន” ដែលជាបទរបស់កញ្ញាឱក សុគន្ធកញ្ញា ហើយបើទោះបីត្រូវប្រឈមអាកាសធាតុត្រជាក់ខ្លាំង ស្ទើរញ័រខ្លួន នាងនៅតែគ្រប់គ្រងអារម្មណ៍បានល្អ។ នាងប្រើសំឡេងដ៏ក្រអួនក្រអៅទាក់ចិត្តគណៈកម្មការទាំង៤ ខណៈដែលនាងអាចច្រៀងបត់បែនបានគ្រប់កាលៈទេសៈ។
ទេពី ត្រូវបានគណៈកម្មការលើកសរសើរពីតិចនិចប្រើសំឡេងរបស់នាងមិនដាច់ពីមាត់ ហើយទីបំផុត គណៈកម្មាការវិនិច្ឆ័យរួមគ្នាជ្រើសរើសយកនាង ខណៈដែលដៃគូចម្រៀងម្នាក់ទៀត កញ្ញាប្រិម ម៉ារិណា ត្រូវចាកចេញពីការប្រកួត ព្រោះច្រៀងខុសចង្វាក់ បែកអារម្មណ៍។
ឱកាសឈានទៅវគ្គ Green miles របស់សោភា ទេពី នឹងត្រូវឆ្លងកាត់ឧបសគ្គមួយដំណាក់កាលទៀត ប៉ះជាមួយបេក្ខជនបេក្ខនារី ២៣នាក់ សុទ្ធតែមានសមត្ថភាពខ្ពស់។ ដូច្នេះមិនទាន់ដឹងថា ទេពី នឹងអាចដណ្ដើមបានជោគជ័យនៅវគ្គខាងមុខទៀត ឬយ៉ាងណានោះ ខណៈដែលនាងទទួលបានបទពិសោធន៍កាន់តែច្រើនក្នុងការប្រើសំឡេង ក៏ដូចជាមានការតាំងចិត្តខ្ពស់ឈានទៅប្រកួតប្រជែងនៅវគ្គបន្ទាប់ទៀត ជាមួយនឹងការំពឹងថា នាងនឹងអាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ៕