Friday, November 15, 2024
Homeតារាខ្មែរលោកជំទាវ ម៉ែន សំអន ផ្តល់ប្រាក់ឧបត្ថម្ភជូននាយវីតាមីនសេ

លោកជំទាវ ម៉ែន សំអន ផ្តល់ប្រាក់ឧបត្ថម្ភជូននាយវីតាមីនសេ

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់ប្រាក់ឧបត្ថម្ភជូនលោកម៉ៅ សាមឿន ហៅតាវីតាមីនសេ ដើម្បីបន្តការព្យាបាលជំងឺមហារីក ដែលកំពុងយាយីសុខភាពរបស់លោកយ៉ាងខ្លាំង តាំងពីអំឡុងចុងឆ្នាំ២០១៧។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី ម៉ែន សំអន បានសសេរបញ្ជាក់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ថា “លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជូនថវិកាដល់លោកតាវីតាមីនសេ សម្រាប់បន្តការព្យាបាលជំងឺមហារីក ព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់ថវិការបស់លោកជំទាវផ្ទាល់ និងថវិការបស់លោកជំទាវឧញ៉ា អ៊ឹង ស៊ីស៊្រន និងឯកឧត្តម ឧកញ៉ា ផែរ ហ៊ុកឈួន ជូនដល់លោកតាវីតាមីនសេ ដែលតារាកំប្លែងជើងចាស់មួយរូប សម្រាប់បន្តធ្វើការព្យាបាលជម្ងឺមហារីករបស់គាត់។ លោកជំទាវក៏បានជូនពរឱ្យលោកតាវីតាមីនសេ បានឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗ និងបានចូលសម្តែងជាធម្មតាវិញ…”។

លោកតាវីតាមីនសេ បានធ្លាក់ខ្លួនឈឺធ្ងន់ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែ ស្ថានភាពហាក់មិនបានធូរស្រាលសោះ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅធ្វើការព្យាបាល និងវះកាត់នៅឯមន្ទីរពេទ្យប្រទេសថៃ ក្រោមការជួយជ្រោមជ្រែងជួយឧបត្ថម្ភពីសប្បុរសជន និងថ្នាក់ដឹកនាំជាច្រើន។ ហើយរហូតមកដល់សព្វថ្ងៃ ស្ថានភាពសុខភាពរបស់តារាកំប្លែងវីតាមីនសេ បានប្រសើរឡើងវិញខ្លះហើយ ប៉ុន្តែត្រូវវិលត្រឡប់ទៅជួបជាមួយគ្រូពេទ្យជំនាញ តាមការណាត់ទុក និងត្រូវចំណាយថវិកាអស់ជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងព្យាបាលតារាកំប្លែងជើងចាស់ វីតាមីនសេ រហូតដល់ជាពីជំងឺ។

សូមបញ្ជាក់ថា លោកម៉ៅ សាមឿន ហៅតាវីតាមីនសេ កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៨ និងមានស្រុកកំណើតនៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។ តាវីតាមីនសេ មានភរិយាឈ្មោះលីវ ស៊ីថា និងមានកូនចំនួន៥នាក់ (ប្រុស២ ស្រី៣)៕

RELATED ARTICLES