Sunday, November 24, 2024
Homeនយោបាយអតីតចៅសង្កាត់ក្រមុំបក្សប្រឆាំង បារម្ភពាក់ព័ន្ធចលនាសង្គ្រោះជាតិ

អតីតចៅសង្កាត់ក្រមុំបក្សប្រឆាំង បារម្ភពាក់ព័ន្ធចលនាសង្គ្រោះជាតិ

ខេត្តបាត់ដំបង ៖ អតីតចៅសង្កាត់បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលបច្ចុប្បន្នម្ចាស់ អាហារដ្ឋាន “រ៉ូហ្ស៊េត នៅសង្កាត់អូរចារ ក្រុង បាត់ដំបង បានសម្តែងក្តីព្រួយពាក់ព័ន្ធនឹងចលនា សង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយកងទ័ពកម្ពុជា កំពុងតែប្តេជ្ញាកម្ទេចឱ្យបានបើមាននៅក្នុងស្រុក។

កញ្ញារ៉ូហ្ស៊េត បានសរសេរនៅក្នុងហ្វេស ប៊ុករបស់នាង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨ សំដៅដល់លោកឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៃគណបក្សប្រជាជនកម្ពុជា ថា “បើលោកអ៊ំអំពាវនាវឱ្យសមត្ថកិច្ចតាមដានឃ្លាំមើលសកម្មភាពនៅក្នុងហាង។ “រ៉ូហ្ស៊េត” ខ្ញុំគិតថា លោកពូសមត្ថកិច្ច លោក ប្រាកដជាពិបាក។ ដូច្នេះលោកអ៊ំគួរអំពាវនាវ ឬចាត់តាំងឱ្យពូៗសមត្ថកិច្ចមកយាមនៅហាង នាងខ្ញុំតែម្តងទៅ កុំឱ្យពិបាកតាមដាន។ ហើយ បើខ្ញុំគ្មានកន្លែងលក់ដូរ ខ្ញុំនឹងមូរណែម ដើរលក់ក្នុងផ្សារវិញម្តង”។

ដោយឡែក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន សរសេរនៅក្នុងហ្វេសប៊ុករបស់នាងថា “តើ អាចឱ្យខ្ញុំសុំរស់ផងបានទេ?

ក្រោយនាងខ្ញុំត្រូវបាត់មុខងារ (ចៅសង្កាត់) ជាតំណាងប្រជាពលរដ្ឋនៅសង្កាត់អូរចារ នាងខ្ញុំ មិនបានធ្វើ ឬប្រកបមុខរបរអ្វីដែលផ្ទុយពី “ឆន្ទៈ មនសិការ ឧត្តមគតិ របស់នាងខ្ញុំ ឬខុសច្បាប់ របស់សង្គមឡើយ។ មុខរបរដែលនាងខ្ញុំកំពុង ដំណើរការលក់ដូរ “នំបញ្ចុកខ្មែរ” រាល់ថ្ងៃនេះ គឺនាងខ្ញុំធ្វើដើម្បីរកប្រាក់កម្រៃដើម្បីចិញ្ចឹម “អ្នក ម្តាយ” នាងខ្ញុំ និងដោះស្រាយបង់រំលស់បំណុល ផ្ទះសម្បែងបន្តិចបន្តួចតែប៉ុណ្ណោះ។ នាងខ្ញុំមិន បានយកកន្លែងលក់ដូររបស់នាងខ្ញុំនេះទៅធ្វើជាទីតាំងអ្វីផ្សេងដែលប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលទេ។ ប៉ុន្តែនាងខ្ញុំពិតជាមានការ ព្រួយបារម្ភ និងសោកស្តាយបំផុត ដែលលោកអ៊ំឈាង វុន Comment ចោទប្រកាន់លើហ្វេសប៊ុកនាងខ្ញុំថា ទីតាំងលក់ដូររបស់នាងខ្ញុំ អាចជាទីតាំង “គាំទ្រចលនាក្រុមឧទ្ទាម”។ ការ Comment របស់លោកអ៊ំនេះ ពិតជាមានបំណង ចង់បិទហាងនាងខ្ញុំ ឬមួយធ្វើមិនឱ្យមានភ្ញៀវ ចូលហាង ឬមិនចង់ឱ្យនាងខ្ញុំរស់នៅ “ចិញ្ចឹម អ្នកម្តាយជរា” ម្នាក់បានទេ។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត អតីតចៅសង្កាត់អូរចារ និងលោកឈាង​ វុន

តើលោកអ៊ំអាចអនុគ្រោះឱ្យក្មេងស្រីម្នាក់ នេះរស់នៅជាមួយអ្នកម្តាយចាស់ជរាម្នាក់ផង បានទេ? ឬត្រូវឱ្យនាងខ្ញុំរត់ទៅណាទៀត?

លោកអ៊ំអើយ! ក្មេងស្រីម្នាក់នេះ មាន បន្ទុកធ្ងន់ណាស់! បើនាងខ្ញុំចេញទៅណាចោល អ្នកម្តាយ គឺស្មើនឹងខ្ញុំ “សម្លាប់” អ្នកម្តាយខ្ញុំដោយ ដៃនាងខ្ញុំ។ ឱ្យខ្ញុំសុំរស់ផង!”។

ពាក់សំណេរខាងលើនេះ “នគរធំ” មិន អាចសុំការបញ្ជាក់បន្ថែមពីកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទ របស់នាងមិនអាចទាក់ទងបាន។

គួរបញ្ជាក់ដែរ សំណេរសម្តែងពីការព្រួយបារម្ភរបស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ខាងលើ បានធ្វើឡើយ ក្រោយពេលដែលលោកឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ទី៥ នៃរដ្ឋសភា បានសរសេរនៅក្នុងគណនី ហ្វេសប៊ុក របស់លោកថា លោកឃើញអ្នក ប្រកាសគាំទ្រចលនាឧទ្ទាមចេញចូលហាងលក់ នំបញ្ចុករបស់កញ្ញា រ៉ូហ្ស៊េត ជួយជូតឥដ្ឋការ៉ូ ជូតតុ និងបម្រើភ្ញៀវ។ ប្រសិនបើទីនោះ ត្រូវ បានប្រើប្រាស់ជាកន្លែងប្រមូលផ្តុំរងើកភ្លើងមែន នោះ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ រ៉ូហ្ស៊េត ហើយមិនអាចអត់ឱនបានឡើយ។

លោកឈាង វុន ក៏បានសរសេរបន្ថែម នៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ថា “ខ្ញុំគិតថា នៅហាងលក់នំបញ្ចុករបស់កញ្ញារ៉ូហ្ស៊េត មាន អ្នកគាំទ្រចលនាសង្គ្រោះជាតិ មួយចំនួន ចេញ ចូល ហើយក្នុងនោះក៏មានអ្នកដែលស្និទ្ធស្នាល បំផុតជាមួយនឹងកញ្ញារ៉ូហ្ស៊េត ដែរ។

អ្នកដែលធ្លាប់រួមការងារជាមួយនឹងអ្នក ដែលគាំទ្រចលនាសង្គ្រោះជាតិ (គណនីហ្វេសបុក ឈ្មោះ Samath) បានព្រមានឱ្យអ្នកគាំទ្រចលនា សង្គ្រោះជាតិ ថា “ខំគាំទ្រប្រយ័ត្នចូលគុកអត់ អ្នកជួយលក់បបរម៉ែ”។ បទសន្ទនានេះ ខ្ញុំជូន ជាភ័ស្តុតាងស្រាប់ដែលបានដកចេញពីគណនី ហ្វេសបុកឈ្មោះសោ ចាន់ដេត។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ជាមួយម្តាយបង្កើត

ជាមួយគ្នានេះ ខ្ញុំក៏សូមបង្ហាញជូននូវ សកម្មភាព និងរូបថតខ្លះជាមួយទំនាក់ទំនងនៃ ចលនាសង្គ្រោះជាតិ របស់មនុស្សពីរបីនាក់ ដែលចេញចូលផ្ទះលក់នំនិងមានការស្និទ្ធស្នាល ស៊ីជម្រៅជាមួយកញ្ញារ៉ូហ្ស៊េត។

នៅមានរូបភាពច្រើនទៀតរបស់អ្នកដែល ពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិ ឧទ្ទាមដែលខ្ញុំ អាចនឹងបង្ហាញនៅពេលខាងមុខ”។

យុវជនគណបក្សប្រជាជនកម្ពុជា លោក ខ័ណ្ឌ ចាន់សុផល បានបញ្ជាក់តាមហ្វេសប៊ុក លោកថា “ខ្ញុំគាំទ្រចំពោះការលើកឡើង របស់ ឯកឧត្តមឈាង វុន ហើយខ្ញុំទទួលបានព័ត៌មាន ថា ហាងរបស់នាងរ៉ូហ្ស៊េត អាចនឹងត្រូវបិទទ្វារ ដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរបានចូលទៅ ឃ្លាំមើលពីការជួបជុំសមាជិកសមាជិកា អតីត គណបក្សសង្គ្រោះជាតិ ទៅប្រមូលផ្តុំនៅទីនោះ ដើម្បីទទួលបញ្ជាពីលោកសមរង្សី ជាមេឧទ្ទាម នៅក្រៅស្រុក ក្នុងការញុះញង់ ផ្សព្វផ្សាយ ព័ត៌មានអកុសល ចលាចលណាមួយ ទៅប្រជាពលរដ្ឋ។ ក្នុងរយៈពេល១សប្តាហ៍នេះ អាជ្ញាធរ ក៏និងកំពុងសង្កេតរកភ័ស្តុតាងបន្ថែមទៀត ដើម្បី ចាត់ការរឿងនាងរ៉ូហ្ស៊េត សង្ស័យយកទីតាំង ហាងរកស៊ី ទៅជាកន្លែងប្រមូលផ្តុំបង្កើតចលនា ឧទ្ទាមក្រៅច្បាប់”។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកឈាង វុន បានបញ្ជាក់ថា ទាំងអស់គ្នាបាននិយាយរួចហើយ ថា ចលនាសង្គ្រោះជាតិ ជាចលនាឧទ្ទាម គឺ សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកប៉ុល សារឿន ក៏និយាយ ថា ពួកឧទ្ទាម គឺជាពួក ដែលធ្វើឱ្យប៉ះពាល់ទៅ ដល់ប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ គេអត់ទុកទេ គេកម្ទេចចោលចលនាហ្នឹងហើយ។ ដូច្នេះ បើកន្លែងរបស់រ៉ូហ្ស៊េត ពិតជាជម្រក របស់ចលនានោះមែន នាងនឹងមានការលំបាក ហើយ មិនមែនលោកបាននិយាយថា ហាង របស់នាងប្រឈមនឹងការបិទនោះទេ សុំកុំ វិនិច្ឆ័យអ្វីដែលលោកបាននិយាយ។

លោកឈាង វុន បានមានប្រសាសន៍ថា “ពាក្យចលនាឧទ្ទាម បានន័យថាម៉េច ? បានន័យ ថា ចលនាដែលប្រឆាំងនឹងរដ្ឋ ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាស្ត្រ ហើយបើយើងជារដ្ឋអំណាច ដូចជាខ្ញុំអី ជាថ្នាក់ដឹកនាំមួយ ខ្ញុំឃើញបញ្ហាអ៊ីចឹង កើតឡើង តើយើងអាចនៅស្ងៀមកើតទេ ? នៅស្ងៀមមិនកើតទេ ព្រោះយើងទទួលខុសត្រូវ មុខប្រវត្តិសាស្ត្រ ថ្ងៃក្រោយទៅ បួនប្រាំឆ្នាំទៀត ដូចរង្ស៊ី ថា វាអាចទៅជាផ្ទុះសង្គ្រាមជាថ្មី អ្នកណាទទួលខុសត្រូវ អាហ្នឹង ? អ៊ីចឹងហើយ កុំ ឱ្យពួកពូកែលាបពណ៌ចូលចិត្តយករឿងអត់ពិត មកនិយាយ កាលណាគេនិយាយ គេនិយាយពិត ហើយ។ ខ្ញុំមើលឃើញពួកហ្នឹងចេញចូលទៅ ជួយជូតតុ លាងចានអីនៅកន្លែងហ្នឹង ហើយ ប្រមូលផ្តុំគ្នាបង្ហោះហ្វេសប៊ុកអីផង ហើយមិន ត្រឹមតែប៉ុណ្ណឹងទេ ដែលចុងក្រោយនេះ និយាយ ពីរឿងចលនាហ្នឹងល្អៗយ៉ាងម៉េចៗ ហើយគាត់ ថា គាត់គាំទ្រតែម្តង។ ហើយបើគេប្រកាសអ៊ីចឹង យើងគិតយ៉ាងម៉េច យើងបណ្តោយឱ្យសង្គ្រាម ថ្ងៃក្រោយឬអត់ទេ ? ខ្ញុំមានបញ្ហាអីទៅចង់ធ្វើ បាបកញ្ញាតូចមួយហ្នឹងទេ អត់មានអីប្រកួតប្រជែងគាត់ផង ក៏ប៉ុន្តែសកម្មភាព បើសិនជា ផ្ទះគាត់លក់នំបញ្ចុកហ្នឹង ជាកន្លែងជួបជុំរបស់ ពួកឧទ្ទាមក្រៅច្បាប់ តែកាលណាគេបង្កើតចលនា តស៊ូអីអ៊ីចឹង ដូចគាត់ (លោកសម រង្ស៊ី) ប្រកាស ពីថ្ងៃ២៨យប់ហ្នឹង គឺចលនាតស៊ូហើយ។ ដូច ចលនាក្រហម គេខំរំលាយចង់ងាប់ហើយចលនា អ៊ីចឹងៗ ដើម្បីឱ្យរាស្ត្របានសុខ។ ហើយបើកាលណាគាត់ចង់រស់បានស្រួល កុំឱ្យធ្វើអាកិច្ចការ អស់ហ្នឹង ធ្វើអាកិច្ចការស្របច្បាប់ទៅ លក់នំ បញ្ចុកស្របច្បាប់ ប៉ុន្តែបើយកកន្លែងលក់នំបញ្ចុក ហ្នឹងឱ្យពួកហ្នឹងធ្វើជាជម្រក អាហ្នឹងខុសច្បាប់ហើយ គេហៅ ជំរំប្រមូលផ្តុំទស្សននយោបាយប្រឆាំង រដ្ឋាភិបាល។ ហើយកុំយកមនោសញ្ចោតនាមក និយាយ ខំរៀបចំខ្លួនឱ្យទៅជាមនុស្សជនរងគ្រោះ ហើយអ្នកបង្កើតគ្រោះឱ្យគាត់ហ្នឹង គឺខ្ញុំ ចង់បង្ហាញអ៊ីចឹង តែខ្ញុំអត់មានចោទប្រកាន់ គាត់ផង បើខ្ញុំចោទប្រកាន់គាត់ ខ្ញុំប្រើតែប៉ូលិស បន្តិចទៅបានហើយ។ ប៉ុន្តែ ចង់ឱ្យគាត់យល់ ព្រោះស្អីដែលខ្ញុំសរសេរ ខ្ញុំមិនទាន់បានចោទប្រកាន់ថា រ៉ូហ្ស៊េត ជាក្រុមចលនាឧទ្ទាមផង ប៉ុន្តែបើគាំទ្រចលនាឧទ្ទាម អាហ្នឹងខ្ញុំចោទប្រកាន់ ហើយៗគាំទ្រហ្នឹងមិនមែនអត់មានប្រកាសទេ គាត់ប្រកាសខ្លួនគាត់ ដូចកឹម សុខា គាត់ប្រកាស ថា គាត់ស៊ីលុយអាមេរិកអ៊ីចឹង។ អាប្រកាស អ៊ីចឹង មានទោសហើយៗខ្ញុំព្រួយបារម្ភអាហ្នឹង…”។

លោកឈាង វុន បានបន្តថា “ខ្ញុំទៅអង្គុយ ញ៉ាំនំបញ្ចុកហ្នឹង មិនមែនទៅលេងទេ ព្រោះគេ ប្រាប់ខ្ញុំថា កន្លែងហ្នឹងសុទ្ធតែពួកហ្នឹងចេញចូល ព្រោះកាលណាគេប្រាប់ខ្ញុំៗមិនដែលចេះតែថា ពិតទេ ខ្ញុំមានការអីបញ្ជាក់ ហើយបញ្ជាក់ហ្នឹង វាអត់មានអីទេ ចេញពីអាខោនហ្វេសប៊ុករបស់ គ្នាគាត់ហ្នឹង។ ឥឡូវមានអាខោនហ្វេសប៊ុកមួយ ទៀត មិនដឹងឈ្មោះស្អី ឈ្មោះសំអាត អីមិន ដឹង។ ម្ខាងគាំទ្រសម រង្ស៊ី ពួកគាត់អ្នកបាត់ដំបង ហ្នឹងហើយ ម្ខាងការពារកឹម សុខា ដែលកំពុង តែជាប់គុក ហើយនៅក្នុងអតីតគណបក្សដូចគ្នា ហើយពួកគាត់ចោទប្រកាន់គ្នាដែរ គាត់ធ្វើនេះ គាត់ធ្វើនោះ ពួកសួន ចំរើន សោ ចាន់ដេត ការពារ ចលនាសម រង្ស៊ី គាត់ថា ខំប្រឹងការពារគាំពារ ទៅ ប្រយ័ត្នចូលគុក អាហ្នឹងក៏ខ្ញុំបង្ហោះឱ្យមើល ឃើញអ៊ីចឹង…។ ហើយខ្ញុំធ្វើហ្នឹង ហើយគេ សរសេរថា ទុកឱ្យនាងរស់ស្រួលផង ម្តាយចាស់ លក់នំបញ្ចុកអី ខ្ញុំថា លក់នំបញ្ចុក លក់នំបញ្ចុក ទៅ លក់បាយៗទៅ ប៉ុន្តែ បើយើងទៅពាក់ព័ន្ធ ជាមួយចលនាឧទ្ទាម អាហ្នឹងខ្ញុំមិនអត់ឱនឱ្យទេ”៕

RELATED ARTICLES