Sunday, November 24, 2024
Homeនយោបាយបក្សកាន់អំណាចថា លោកកឹម សុខា បាត់តួនាទី លោកសម រង្ស៊ី ធ្ងន់កម្នាក់ឯង

បក្សកាន់អំណាចថា លោកកឹម សុខា បាត់តួនាទី លោកសម រង្ស៊ី ធ្ងន់កម្នាក់ឯង

ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ក្រោយ ពេលលោកកឹម សុខា បាត់តួនាទី លោកសម រង្ស៊ី កាន់តែធ្ងន់កម្នាក់ឯង ពិសេស បន្ទាប់ពីអតីត មេបក្សប្រឆាំងរូបនេះ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ហើយត្រូវបានលោកកឹម សុខា ប្រកាសមិនគាំទ្រ និងមិនចូលរួមជាមួយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បញ្ជាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ថា “នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី និងបក្ខពួកមួយ ចំនួន បានប្រកាសបង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ក្រៅច្បាប់ ប្រកបដោយការ ប្រទាំងប្រទើសគ្នាយ៉ាងខ្លាំងជាមួយក្រុមលោក កឹម សុខានិយម។ ជាមួយនេះដែរ ក្រុមមេដឹកនាំបក្សសិទ្ធិមនុស្ស ក៏បានសម្រេច រំលាយ បក្សសិទ្ធិមនុស្សចោល ដើម្បីបង្ហាញថា ស្មោះ ស្ម័គ្រនឹងបក្សសង្គ្រោះជាតិតែមួយ។

បើមើលពីក្រៅ បង្ហាញថា ក្រុមនិយម កឹម សុខា និងក្រុមនិយមសម រង្ស៊ី មានទំនាស់គ្នា យ៉ាងស្រួចស្រាល់ បន្ទាប់ពីមានការរំលាយបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនកឹម សុខា ពី បទក្បត់ជាតិមក។ ឥឡូវនេះ ក្រុមនិយមសម រង្ស៊ី ហាក់មានមោទនភាព និងមានប្រៀបជាង ក្រុមនិយមកឹម សុខា ដោយយល់ថា ក្រុមខ្លួន មានតួនាទីខ្លាំងជាងក្រុមកឹម សុខានិយម។ ប៉ុន្តែ ការយល់ឃើញប្រកបដោយចិត្តលោភលន់នឹង អំណាចនេះ របស់ក្រុមនិយមសម រង្ស៊ី ភ្លេចគិត ថា របស់ដែលហៅថា ចលនាសង្គ្រោះជាតិ ស្អី នេះ គឺជាក្រុមខុសច្បាប់ ទោះបីនៅក្រៅប្រទេស ធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាល ស្រប ច្បាប់នៃប្រទេសកម្ពុជា កាន់តែបង្កើនបទល្មើស ឱ្យខ្លួន កាន់តែមានពិរុទ្ធភាពធ្ងន់ទៅៗ ដែលនាំ ឱ្យកាន់តែទទួលទោសកាន់តែធ្ងន់ថែមទៀត ប៉ុណ្ណោះ។ ដូច្នេះកុំអាលអរអី! ទោះយ៉ាងណាក្តី ក្រុមនិយមសម រង្ស៊ី ដែលធ្វើសកម្មភាពក្នុង នាមឧទ្ទាមចលនាសង្គ្រោះជាតិ ជាការដាក់ បន្ទុកលើខ្លួនកាន់តែធ្ងន់កជាងថែមទៀត”។

លោកពេជ្រ ស្រស់ បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ថា “លោកសម រង្ស៊ី កំពុងជីក រណ្តៅកប់អ្នកគាំទ្រខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត។ បើខ្ញុំមិនច្រឡំទេ នៅលើពិភពលោក គ្មាន ប្រទេសណាមួយគាំទ្រនូវចលនាដែលខុសច្បាប់ និងសកម្មភាពឧទ្ទាមដែរ ប្លែកអីតែលោកសម រង្ស៊ី បាន និងកំពុងបង្កើតចលនាក្រៅច្បាប់ជាតិ ដែលជារណ្តៅសម្រាប់កប់អ្នកគាំទ្រទៅវិញ?

មិនថាតែនៅប្រទេសកម្ពុជានោះទេ គឺនៅប្រទេសណាក៏ដោយ ឱ្យតែមានចលនាខុស ច្បាប់ ដែលមានលក្ខណៈបះបោរនឹងច្បាប់ គឺ មានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋអំណាចហើយ។ ក្នុងន័យនេះ សូមបងប្អូនពលរដ្ឋខ្មែរមួយចំនួន មេត្តាពិចារណាឱ្យបានល្អិតល្អន់ មុននឹងចូលរួម ជាមួយនឹងចលនាខុសច្បាប់របស់លោកសម រង្ស៊ី ពីព្រោះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនជាក់ជាមិនខានឡើយ។ ខ្ញុំ ពេជ្រ ស្រស់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងមិនចូលរួម ជាមួយចលនាខុសច្បាប់របស់លោកសម រង្ស៊ី នោះឡើយ ពីព្រោះចលនាខុសច្បាប់របស់លោក សម រង្ស៊ី គឺជាហេតុដែលនាំឱ្យបងប្អូនខ្មែរសម្លាប់ ខ្មែរគ្នាឯង”។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី និងអ្នកគាំទ្រលោក មួយចំនួនទៀត បានប្រកាសជាផ្លូវការនូវ “ចលនាសង្គ្រោះជាតិ” នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ចលនាថ្មីនេះ ត្រូវបានលោក សម រង្ស៊ី អះអាងថា បង្កើតឡើងដើម្បីចូលរួម ស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឱ្យ ដោះលែងលោកកឹម សុខា រួមទាំងទាមទារឱ្យ អតីតគណបក្សសង្គ្រោះជាតិ អាចចូលរួមការ បោះឆ្នោត ខាងមុខនេះ។

លោកសម រង្ស៊ី បានថ្លែងនៅពេលនោះ ថា “មុននឹងបង្កើតចលនាសង្គ្រោះជាតិ នេះ យើងបានស្ទាបស្ទង់ សួរយោបល់ដោយប្រយោល គឺយើងបានបង្ហាញឆន្ទៈរបស់យើងថា ត្រូវតែ ប្រមូលកម្លាំងស្នហាជាតិ។ អ្នកដែលនៅក្នុងជួរ គណបក្សសង្គ្រោះជាតិ ត្រូវយល់ឱ្យច្បាស់ថា ត្រូវតែធ្វើអីមួយ មិនអាចនៅស្ងៀមទេ បើយើង មិនធ្វើ បើយើងមិនជំរុញ បើយើងមិនខិតខំ ធ្វើម៉េចឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការ ឡើងវិញ មានសន្ទុះផុសផុលឡើងវិញ គឺយើង មិនអាចបំពេញបេសកកម្មសង្គ្រោះជាតិ របស់ យើងបានទេ។ ដូច្នេះចលនាសង្គ្រោះជាតិ គឺមាន បំណងតែមួយគត់ គឺបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ទទួលបានជ័យជម្នះ ដើម្បីសង្គ្រោះជាតិ របស់យើងទាំងអស់គ្នា…”។

ទោះយ៉ាងណា អតីតតំណាងរាស្ត្រ ក្រុម កឹម សុខានិយម បានចាត់ទុកថា ចលនានេះ នឹងបន្ថែមបន្ទុកទោសដល់លោកកឹម សុខា ដែល កំពុងជាប់ចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នៅ កម្ពុជា។ ចំណែកលោកកឹម សុខា ក៏បានប្រកាស ជំហររបស់លោកពីពន្ធនាគារត្រពាំងផ្លុង មក ថា លោកមិនគាំទ្រ និងមិនចូលរួមជាមួយ ចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយ លោកសម រង្ស៊ី នេះទេ។

លោកលិម គិមយ៉ា អតីតតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ នៃគណបក្សសង្គ្រោះជាតិ ខាងក្រុមលោកកឹម សុខា បានលើកឡើងថា លោក មិនបានចូលរួម និងមិនគាំទ្រចលនាសង្គ្រោះជាតិ ដែលបង្កើតឡើង ដោយលោកសម រង្ស៊ី នោះទេ ព្រោះលោកយល់ថា ចលនានេះនឹង ធ្វើឱ្យបែកបាក់គ្នា។

លោកសម រង្ស៊ី ជាមួយអ្នកគាំទ្រចលនាសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក

លោកលិម គិមយ៉ា បានបញ្ជាក់ក្នុងលិខិត ចំហរបស់លោកថា “សព្វថ្ងៃលោកអតីតប្រធាន សម រង្ស៊ី បានដើរពន្យល់គម្រោងរបស់គាត់ថា “ចលនាសង្គ្រោះជាតិ” មានទំហំធំជាងគណបក្ស សង្គ្រោះជាតិ ដែលប្រជាពលរដ្ឋបានផ្តល់សេចក្តី ទុកចិត្តជាង៣លានសំឡេង ស្មើនឹងជិតពាក់ កណ្តាលប្រទេស ហើយគាត់បន្ថែមថា ចលនា គាត់នេះ មិនព្រួយបារម្ភនឹងរំលាយទេ គង់តែ លើក្រដាសក៏ដោយ។ ត្រង់នេះរកយល់មិនបាន តើគាត់ចង់និយាយយ៉ាងដូចម្តេច? ហើយគាត់ បន្ថែមទៀតថា ធ្វើនៅកន្លែងណាក៏បានដែរ អត់ ព្រួយសោះឡើយ។ តែពេលថ្មីនេះ គាត់បាន ប្រកាសបន្ថែមថា ដោយហេតុផលសន្តិសុខចំពោះ ការបង្កើតចលនាថ្មីនេះ ហើយដើម្បីធ្វើការងារ នេះ ឱ្យមានប្រសិទ្ធភាពនោះ លោកបានស្នើឱ្យ មេដឹកនាំចលនាសង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស កម្ពុជា ទាំងនៅក្រៅប្រទេស កុំប្រកាសពីការ គាំទ្រនេះជាសាធារណៈ ហើយកុំបង្ហាញឈ្មោះ ផងដែរ។ ឃើញថា ការប្រកាស មុននិងក្រោយ មិនស៊ីសង្វាក់គ្នាទេ ឬមួយគាត់ខ្លាចគេដឹងពី ចំនួនអ្នកគាំទ្រគាត់តិច បានមិនឱ្យបង្ហាញឈ្មោះ គង់តែនៅបរទេសក៏ដោយ…”។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តតាកែវ លោកអ៊ូ ច័ន្ទរ័ត្ន ដែលមក ពីក្រុមលោកកឹម សុខា បានបញ្ជាក់ថា ការបង្កើត ចលនាសង្គ្រោះជាតិ ហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីទេ ព្រោះកាលគណបក្សនៅមាន អត់ នាំគ្នាការពារ អត់ដាក់មេធាវី ដើម្បីរក្សាការពារគណបក្ស ទុកឱ្យរលាយ ហើយមកបង្កើត ចលនាក្រៅស្រុក ដើម្បីសង្គ្រោះគណបក្សឡើង វិញ គឺលោកអត់មានជំនឿសោះឡើយ។ ដូច្នេះ លោកមិនគាំទ្រ មិនចូលរួមចលនាសង្គ្រោះជាតិ នេះទេ ខណៈដែលលោកបានដាក់បណ្តឹង ទៅ តុលាការ ដើម្បីតវ៉ាតាមនីតិវិធីឡើងវិញ ដោយ លោកមិនជ្រើសផ្លូវបង្កើតចលនាសង្គ្រោះជាតិ ក្នុងការទាមទារនោះទេ។

លោកអ៊ូ ច័ន្នរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំមិនដែលបានចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំចលនាហ្នឹងទេ ហើយខ្ញុំអត់ដឹងថា មានគំនិត អីយ៉ាងម៉េចអីក្រោយខ្នង ព្រោះខ្ញុំគិតពីរឿង បណ្តឹងតវ៉ាតាមនីតិវិធីច្បាប់ តាមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជានោះ។ ប៉ុន្តែយល់ថា អ៊ីចេះ អ្វីក៏ដោយ វាចៀសមិនរួចពីការចរចាទេ ទោះជាយ៉ាងម៉េចក៏ដោយ ដំណោះស្រាយត្រូវ តែមាន ការចរចាតាមរបៀបម៉េចមិនដឹង ប៉ុន្តែ ចុងក្រោយ ត្រូវតែមានការជជែកគ្នា ការចរចា គ្នា ដើម្បីទាញប្រទេសឱ្យមកសភាពដើមវិញ ឱ្យមានការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ សេរី អីអ៊ីចឹងទៅ តាមបែបប្រជាធិបតេយ្យឡើងវិញ។ ដូច្នេះខ្ញុំថាចៀសមិនរួចទេ ប៉ុន្តែគ្រាន់តែយើង កុំជ្រើសរើសវិធីណាដែលប៉ះពាល់ដល់ប្រទេស ជាតិខ្លាំងពេក វាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ អីក្តីហ្នឹង ខ្ញុំយល់ថា គួរតែរកវិធីអីផ្សេង ទាំង គណបក្សកាន់អំណាច ទាំងអតីតគណបក្សប្រឆាំងក៏ដោយ ក៏រកដំណោះស្រាយដែលមិន ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិហ្នឹង មិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរហ្នឹង ជាពិសេស”។

លោកអ៊ូ ច័ន្នរ័ត្ន

មិនត្រឹមតែក្រុមលោកកឹម សុខា ទេ សូម្បី តែអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកពីក្រុមលោកសម រង្ស៊ី ទាំងក្នុងស្រុក និង នៅក្រៅស្រុកមួយចំនួន ក៏មិនគាំទ្រចលនា សង្គ្រោះជាតិ ដែលបង្កើតដោយ លោកសម រង្ស៊ី នោះដែរ។ ក្នុងនោះ លោកជាម ច័ន្ទនី អតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលជាក្រុម លោកសម រង្ស៊ី ក៏បានបញ្ជាក់ថា បើតាមផ្លូវ ច្បាប់នៅក្នុងប្រទេសកម្ពុជា ចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ី មិនបានសុំច្បាប់នោះទេ មានន័យថា ខុសច្បាប់ហើយ បើគិតពីផ្លូវច្បាប់ នៅប្រទសកម្ពុជា។ ដូច្នេះរាល់សកម្មភាពទាំងអស់ ចលនានេះអត់អាចធ្វើនៅលើប្រទេស កម្ពុជាបានទេ ដោយសារមានការអនុវត្តផ្ទុយ នឹងច្បាប់។

លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “ខ្ញុំក្នុងនាមអតីតសមាជិកគណបក្សសង្គ្រោះជាតិ ហើយនៅពេលកន្លងទៅនេះ សាលដីកា តុលាការកំពូល បានហាមឃាត់ បិទសិទ្ធិនយោបាយរបស់យើងទៀត។ អ៊ីចឹងមានន័យថា យើង មិនមានការពាក់ព័ន្ធអីជាមួយនឹងចលនាសង្គ្រោះជាតិនេះទេ។ ចំពោះការដែលលោកសម រង្ស៊ី ថា ការបង្កើតចលនានេះ ដើម្បីជួយឱ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ខ្ញុំយល់ឃើញថា វាជាសិទ្ធិនយោបាយរបស់គាត់នៅក្រៅប្រទេស យើងអាចមានរូបមន្តច្រើនក្នុងការជំរុញឱ្យជាតិ និងអន្តរជាតិ ធ្វើឱ្យមានការវិលត្រឡបមកវិញ នូវស្ថានភាពនយោបាយ យ៉ាងហោចណាស់ដូច យើងទាមទារឱ្យយើងចំនួន១១៨រូបហ្នឹង មាន សិទ្ធិធ្វើនយោបាយវិញ អ៊ីចឹងនៅគ្រប់រូបភាព យើងអាចធ្វើបាន។ ប៉ុន្តែចំពោះចលនាសង្គ្រោះជាតិ របស់លោកប្រធានសម រង្ស៊ី នេះ អាហ្នឹង ជាសិទ្ធិរបស់គាត់ៗធ្វើទៅជារឿងរបស់គាត់ ឯ យើងខ្ញុំ ដូចជម្រាបមិញថា យើងមិនមានសិទ្ធិ អីពាក់ព័ន្ធនឹងបញ្ហានេះទេ”។

ពាក់ព័ន្ធចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មេទ័ពកម្ពុជា និងកងកម្លាំងប្រដាប់អាវុធកម្ពុជា គ្រប់ប្រភេទ បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា បើ មាននៅកម្ពុជា នឹងកម្ទេចចោលភ្លាម មិនអាច ទុកឱ្យចលនាឧទ្ទាមខុសច្បាប់នេះធ្វើសកម្មភាព ប៉ះពាល់ដល់សន្តិសុខ សន្តិភាព ស្ថិរភាព និង ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា បានឡើយ៕

កុលបុត្រ

RELATED ARTICLES