ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃដែលនាយចឺម (សុខ មេសា) និងនាយភក្ដី (ឈុន សុវណ្ណភក្ដី) ថៅកែផលិតកម្ម BKS បានស្បថស្បែយកគ្នាជាបងប្អូនបង្កើត ចាប់ពីពេលនោះមក បើទោះជាអ្នកទាំង២មិនបានកើតក្នុងផ្ទៃតែមួយក្ដី។ ដោយឡែក សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ជាខួបគម្រប់១ឆ្នាំគត់ ដែលនាយចឺម និងនាយក្ដី បានចងសម្ព័ន្ធមិត្តជាមួយគ្នារហូតមកដល់ពេលនេះ ហើយថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្ដី មានរៀបចំកម្មវិធីជប់លៀងនៃចំណងមិត្តភាពនេះផងដែរ ប៉ុន្តែគេឃើញមានតារាសម្ដែង និងអ្នកកំប្លែងតិចតួចបំផុតដែលបានទៅចូលរួម។
ដោយឡែក សាមីខ្លួនទាំង២ គឺនាយចឺម និងនាយក្ដី ស្លៀកពាក់ដូចជាតាអាចារ្យអីចឹង ហើយពាក់សុទ្ធតែវត្ថុស័ក្តិសិទ្ធនៅខ្លួន ដូចជាខ្នាយជ្រូកព្រៃ និងបណ្ដោងកូនព្រះ ជាដើម ដែលមើលទៅពួកគេហាក់ដូចជាមានចិត្តមួយថ្លើមមួយទៅហើយ ដោយមានទាំងឪពុកម្ដាយទាំងសងខាងដឹងឮ និងពេញចិត្តពីទំនាក់ទំនងរបស់នាយចឺម និងនាយក្ដី ផងដែរ។
គេកត់សម្គាល់ថា ក្រៅពីរៀបចំពីធីជប់លៀងធំអបអរសាទរការក្លាយទៅជាបងប្អូនបង្កើតរយៈពេល១ឆ្នាំនេះ រវាងនាយចឺម និងនាយក្ដី នេះដែរ កន្លងមកបងប្អូនទាំង២នេះ ក៏បានចូលហ៊ុនរកស៊ីជាមួយគ្នាដោយបើកហាងផឹកស៊ីមួយកន្លែង នៅផ្សារកុងតឺន័រ ទួលសង្កែ ផងដែរ តែដំណើរការមិនសូវបានជោគជ័យឡើយ។
អ្នកសិល្បៈខ្លះថា តាំងពីនាយចឺម ក្លាយទៅជាកូនធម៌លោកថៅកែធំផលិតកម្ម BKS (ឈុន ឡាក់) មក អតីតអ្នកកំប្លែង CTN រូបនេះ កាន់តែមានភាពហ៊ឺហាទៅៗ ព្រោះតែឪពុកលោកភក្ដី បានឧបត្ថម្ភរថយន្ដទំនើប TUNDRA ស៊េរីឆ្នាំ២០០៧ មួយគ្រឿង តម្លៃជាង៧ម៉ឺនដុល្លារ ជូនដល់នាយចឺម នាំឲ្យតារាចម្រៀងសាន់ដេ រូបនេះ ជិះយ៉ាងកាលីព ហើយមានក្រមុំៗកាន់តែតោងស្នេហ៍ច្រើនថែមទៀត។ ប៉ុន្ដែទន្ទឹមនឹងនេះ នាយចឺម ក៏ស្ពឹកមុខមិនតិចឡើយ ព្រោះតែមុននេះប៉ះរឿងដ៏រសើបថា នាយក្ដី បានលែងលះប្រពន្ធ អ្នកនាងម៉ែន ចែននីត និងកូន២នាក់ ដោយសារតែអតីតប្រពន្ធប្រចណ្ឌនាយចឺម ពីទំនាក់ទំនងជាមួយនាយក្ដី ដូចគូស្នេហ៍នោះ។ ប៉ុន្តែដំណឹងទាំងនេះត្រូវបានអ្នកនាងចេននីត-នាយចឺម និងនាយក្ដី ប្រកែកដោយថៅកែរផលិតកម្ម BKS បានអះអាងថា លោកលែងលះប្រពន្ធជាង៥ខែទៅហើយ ព្រោះតែរស់នៅមិនចុះសម្រុងគ្នា មិនមែនមកពីអតីតប្រពន្ធប្រចណ្ឌឡើយ។
ដោយឡែក សម្រាប់ការគម្រប់ខួប១ឆ្នាំ នៃការស្បថស្បែសច្ចាយកគ្នាជាបងប្អូនបង្កើត រវាងនាយចឺម និងនាយក្ដី នេះដែរ តារាទាំង២បានបញ្ជាក់ប្រាប់អ្នកកាសែត ដោយបញ្ជាក់ថា សូមកុំឲ្យមហាជនមានការយល់ច្រឡំថា ពួកគេស្រលាញ់ភេទគ្នាឲ្យសោះ គឺមិនមានរឿងទាំងនោះឡើយ ហើយនោះគឺជាការយល់ច្រឡំប៉ុណ្ណោះ ព្រោះតាមពិតទំនាក់ទំនងពួកគេ គឺជាបងប្អូននឹងគ្នាទេ។
គេឃើញមានតារាទៅអបអរសាទរមានចម្រៀងសាន ផានិត , សារ៉ាយ សក្ខណា, រ៉ូលីន, ប៉ែន ចំរ៉ុង, លោកតាវ៉ិច ទ័រ ជាដើម ដែលទៅធ្វើជាសាក្សីនៃការស្បថស្បែសច្ចាគ្នា រវាងនាយចឺម និងនាយក្ដី យកគ្នាជាបងប្អូនបង្កើតនេះ។ ប៉ុន្ដែគេបែរជាចម្លែក មិនឃើញស្រីស្អាតជាសង្សារនាយចឺម កញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី ទៅចូលរួមអបអរសាទរឡើយ។ ដោយឡែកនៅលើបណ្ដាញសង្គម Facebook វិញ ក៏មានការរិះគន់ខ្លះទៅលើថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្ដី ដែរថា ទើបលែងលះប្រពន្ធថ្មីៗសោះ បែរជាមកជះលុយជប់លៀងការស្បថស្បែជាមួយនាយចឺមនោះ អស់រាប់ពាន់ដុល្លារ ខណៈដែលអតីតភរិយាធ្លាប់បកអាក្រាតនាយក្ដី ថា គ្រាន់តែទឹកដោះគោកូន១កំប៉ុង ក៏ធ្លាប់ដេញនាងទៅផ្ទះទាំងយប់នោះ…។
ប្រភពបានឲ្យដឹងថា ក្រោយពេលដែលនាយចឺម ទទួលបានរថយន្ដទំនើប Tundra ១គ្រឿង ពីឪពុកធម៌មក នៅពេលខាងមុខអតីតអ្នកកំប្លែងរូបនេះ នឹងត្រូវឪពុកនាយក្ដី ផ្ដល់ទ្រព្យសម្បត្តិជាចំណែកឲ្យថែមទៀតជាមិនខាន ពិសេសការរៀបការប្រពន្ធនោះ នាយចឺម អាចនឹងត្រូវទទួលការទំនុកបម្រុងពីលោកឈុន ឡាត់ ជាមិនខានឡើយ។ ប៉ុន្ដែក្នុងជំនួបជាមួយលោកឈុន ឡាត់ ក្នុងថ្ងៃមង្គលការប្អូនស្រីអ្នកនាងចន ច័ន្ទលក្ខិណា នោះ ឪពុកលោកភក្ដី បានប្រាប់ថា រឿងរកប្រពន្ធកូន និងការចែកទ្រព្យឲ្យនាយក្ដី នោះ លោកមិនទាន់ហ៊ាននិយាយមុនឡើយ ព្រោះនៅចាំមើលទឹកចិត្តកូនធម៌ជាមុនសិន។ ប៉ុន្តែកន្លងមក នាយចឺម មិនអីទេជាមួយក្រុមគ្រួសារលោក គ្រាន់តែកូនធម៌នេះតាំងពីបានឡាន Tundra ដែលលោកឲ្យដាច់មកជិះ ហាក់ដូចជាមិនសូវចេះថែសោះឡើយ៕