ភ្នំពេញ ៖ ក្រដាសប្រាក់៥០០រយរៀល ទាំងបាច់ៗ ដាក់តំរៀបជាដុំនៅលើតុ ចំនួន៥០លានរៀល ត្រូវបានថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា បានយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការរួមដំណើរដោយលោកហេង ឡុង តំណាងឲ្យសមាគមអ្នកសិល្បៈកម្ពុជា ផងដែរ។
តាមព័ត៌មានថា ថវិកាទាំងនោះគឺជារបស់លោកណាវ៉ាត្រា ផ្ទាល់ ដែលលោកមានការរកស៊ីកាក់កបជាមួយការលក់ផ្ទះល្វែង ទើបថៅកែរផលិតកម្មរូបនេះមានចិត្តសប្បុរសធ៌មជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយជីវិតកុមារកម្ពុជា ផងដែរ។
លោកឡេង ណាវ៉ាត្រា បានឲ្យដឹងថា ”ខ្ញុំគិតថា ទឹកប្រាក់នេះសំខាន់ណាស់សម្រាប់ជួយដល់កុមារកម្ពុជា ដែលមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយនេះគឺជារូបភាពនៃការចែករំលែកមួយ។ មន្ទីរពេទ្យនេះបានជួយកុមារ មិនថាក្រឬមានទេ គឺជួយច្រើនណាស់ អីចឹងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានលទ្ធភាព សូមឲ្យគាត់ចូលរួមបរិច្ចាគថវិកាជួយដល់មន្ទីរគន្ធបុប្ផា នេះទាំងអស់គ្នាផង។ នេះជាលើកទី១សម្រាប់ខ្ញុំ ដែលបានយកថវិការជួយដល់មន្ទីពេទ្យនេះ ហើយខ្ញុំនឹងបន្ដសកម្មភាពនេះតទៅទៀត នៅពេលក្រោយៗ”។
ក្រោយបរិច្ចាគថវិកាជាង១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា នេះហើយ នៅពាក់កណ្ដាលខែមករា នេះ ថៅកែផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា ក៏ដឹកនាំសិល្បករតារាចម្រៀងល្បីៗទៅច្រៀងនៅប្រទេសកូរ៉េ ផងដែរ ដែលមានលោកខេមរៈ សិរីមន្ដ, មាស សុខសោភា , ខេមស៍, យូរី និងតារាជាច្រើនដួងផ្សេងទៀត។
តាមប្រភពថា ការនាំតារាទៅសម្ដែងនៅប្រទេសកូរ៉េ នោះ លោកណាវ៉ាត្រា ត្រៀមចំណាយទឹកប្រាក់ជាង១ម៉ឺនដុល្លារថែមទៀត សម្រាប់ផ្គត់ផ្គង់ ខណៈដែលថៅកែក្មេងរូបនេះមិនទាន់ហ៊ានរំពឹងថា អាចរកបានប្រាក់ចំណូល ឬការជោគជ័យកម្រិតណាឡើយ។
លោកណាវ៉ាត្រា អតីតពលករនៅកូរ៉េ រូបនេះ បន្ថែមថា ”ជាការពិត ខ្ញុំនឹងនាំតារាល្បីៗខាងលើចេញទៅសម្ដែងនៅប្រទេសកូរ៉េ នៅថ្ងៃទី១៦ និង១៧ ខែមករា ហើយការសម្ដែងមាន២លើក។ ទោះជាការសម្ដែងនោះ គឺមានការចូលរួមសុទ្ធតែជាតារាល្បីៗក្ដី តែខ្ញុំមិនហ៊ានរំពឹងថា បានជោគជ័យកម្រិតណាទេ ខ្ញុំមិនចង់និយាយមុនទេ ខ្លាចគេរិះគន់ថា យើងអួត គឺចាំមើលសភាពជាក់ស្ដែងសិន។ ក្រៅពីខេមរៈ សិរីមន្ដ, មាស សុខសោភា, ខេមស៍ និងយូរី នោះក៏មានតារាផ្សេងៗទៀតចូលរួមដែរ សរុបគឺប្រហែល៣០នាក់ អីចឹងការចំណាយថវិកាជាង១ម៉ឺនដុល្លារ។ ប៉ុន្តែយើងមិនទាន់គិតពីប្រាក់ចំណូលទេ ហើយមូលហេតុដែលខ្ញុំដឹកនាំសិល្បករខ្មែរទៅសម្ដែងនៅទីនោះ ព្រោះប្រទេសកូរ៉េ ប្រៀបដូចជាស្រុកកំណើតខ្ញុំអីចឹង”៕