Vj អាណូ ដែលបាត់ខ្លួនជាង៩ឆ្នាំ បន្ទាប់ពីមានរឿងចម្រូងចម្រាសដែលល្បីថា ត្រូវភរិយាមន្ដ្រីធំព្រមាននោះ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ ទីបំផុត អតីតពិធីការិនីប៉ុស្ដិ៍លេខ៣ រូបនេះ បានវិលត្រឡប់មករកអាជីពចាស់វិញយ៉ាងពេញទំហឹងតែម្ដង ទាំងការថត MV និងការត្រៀមសម្ដែងក្នុងភាពយន្ដថ្មី។ ប៉ុន្ដែទោះជាអាណូ មានការតាំងចិត្តថា ត្រូវប្រឡូកសិល្បៈដូចមុនក៏ដោយ តែនាងហាក់មិនទាន់មានទីផ្សារដូចកាលពីឆ្នាំ២០០៥ទេ ព្រោះថាពេលនេះតារាស្រីល្បីៗវ័យក្មេងមានច្រើន ហេតុនេះហើយ គឺពិតជាមានការពិបាកប្រជែង ទើបធ្វើឲ្យអ្នកនាងសួន ភក្ដី ហាក់នៅទ្រឹងថ្កល់។
ទោះជាយ៉ាងណា តាមព័ត៌មានពីអ្នកដឹកនាំសម្ដែងខារ៉ាអូខេម្នាក់ បានបង្ហើបឲ្យដឹងថា អាណូ ត្រូវបានថៅកែផលិតកម្ម M ពេញចិត្តឲ្យថត MV បទថ្មីៗរបស់លោកវណ្ណា ស័ក្ក ហើយគ្រាន់តែនាងថតត្រឹម៤បទសោះ ក៏ទទួលបានប្រាក់២០០០ដុល្លារទៅហើយ គឺខ្លាំងជាងតារាស្រីវ័យក្មេងដែលកំពុងតែល្បីល្បាញទៅទៀតព្រោះថា ពួកគេថត១បទ បានយ៉ាងច្រើនត្រឹម៥០ដុល្លារប៉ុណ្ណោះ។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីនេះ អាណូ មិនចង់លាតត្រដាងរឿងគេថា នាងត្រូវថៅកែស្រីផលិតកម្មពេញចិត្តនោះឡើយ ដោយនាងថា មិនមានអ្វីចម្លែកទេ ព្រោះពេញចិត្តដូចតែតារាផ្សេងៗទៀតដែរ។
អាណូ ប្រាប់ថា ”ចំពោះលុយដែលគេល្បីថា ថត៤បទ បាន២ពាន់ដុល្លារនោះ គឺជាការពិតមែនតើ! តែខ្ញុំអាចនឹងថតច្រើនបទជាងនេះ ក៏មិនដឹង។ ខ្ញុំសប្បាយចិត្តដែលខាងផលិតកម្ម គាត់នៅតែស្វាគមន៍ខ្ញុំ ទោះជាយើងបាត់មុខមួយរយៈក្ដី។ នៅដើមឆ្នាំ២០១៨នេះ ខ្ញុំនឹងត្រៀមថតរឿងថ្មីមួយ ហើយទទួលការងារសិល្បៈគ្រប់ផ្នែកទាំងអស់ដូចតែមុនអីចឹង”។
Vj អាណូ ហាក់ដូចជាមានអាថ៌កំបាំងស្នេហ៍ច្រើន ព្រោះមានពាក្យខ្សឹបខ្សៀវជាច្រើនពេញចង្កោមអ្នកសិល្បៈ ដោយអ្នកខ្លះថា អាណូមានកូន២ ខ្លះថាមានកូន១ ប៉ុន្តែអាណូ បែរជាមិនព្រមហ៊ានលាតត្រដាងការពិតទេ គឺព្យាយាមបិទបាំងជានិច្ច ហើយថ្មីៗនេះ អាណូ បែរជាបង្ហាញភាពស្និទ្ធស្នាលគ្នាចម្លែកជាមួយប្រុសក្មេងម្នាក់ដូចគូសង្សារអីចឹង ហើយនាងថែមទាំងបង្ហាញមុខក្មេងប្រុសម្នាក់ ដែលគេសង្ស័យថា ជាកូននាងទៀតផង។
អ្នកសិល្បះមួយចំនួនបាននិយាយថា អាណូ ហាក់ដូចជាច្របូកច្របល់ស្នេហ៍បន្ដិច ព្រោះជូនកាលបង្ហាញកៀកកើយជាមួយប្រុសវ័យកណ្ដាល ជួនកាលបណ្ដើរប្រុសក្មេងល្ហក់ ហើយថាជាគូស្នេហ៍ មើលទៅអាណូ បែបយកស្នេហ៍ក្លែងក្លាយដើម្បីបន្លំស្នេហ៍ពិតហើយមើលទៅ។
អតីតពិធីការិនីប៉ុស្ដិ៍លេខ៣ រូបនេះ និយាយខ្លីថា “ចង់គេថានាងមានកូនប៉ុន្មាននាក់ គឺស្រេចតែតាមចិត្តគេថាទៅចុះ នាងមិនខ្វល់ខ្វាយឡើយ។ ចំពោះបុរសម្នាក់ដែលជិតស្និទ្ធនាងនោះ ក៏នាងខ្ជិលបកស្រាយដែរ សូមឲ្យដឹងថា គេជាអ្នកមានទ្រព្យទៅបានហើយ។
Vj អាណូ បានក្លាយទៅជាថៅកែបាយហាងនៅខាងក្រោយបរមរាជវាំង និងសាខាថ្មីនៅខេត្តសៀមរាប ដែលនាងថា ដំណើរការយ៉ាងរលូន។ អាណូ ក៏បន្ថែមអាជីវកម្មថ្មី១ទៀត គឺការទិញនិងលក់រថយន្ដ ប៉ុន្តែមុខជំនួញនេះហាក់មិនសូវរលូនឡើយ។
ទស្សនិកជនរ់ងចាំមើលថា ពេលណាទើបអាណូ ព្រមបង្ហាញគូស្នេហ៍ពិត ដើម្បីបន្សាបព័ត៌មានថា នាងមានកូន២អត់ប្ដីនោះ ខណៈដែលពេលនេះ អាណូ មិនទាន់រកទ្រនំបានជាតំណែងពិធីការិនីនៅប៉ុស្ដិ៍ណាប្រាកដឡើយ បើទោះជាមានស្ថានីយផ្សេងៗ ធ្លាប់ចាប់អារម្មណ៍នាងក្ដី៕