ខ្វាន់ ឧសាមនី វ៉ៃថ្យានន្ទ បើកចំហដើមទ្រូងស្វាគមន៍ ការវិលត្រឡប់មកនៅទំនេរម្តងទៀត។ ចប់ហើយប្រវត្តិ ស្នេហ៍ កហ្វ-ខ្វាន់ ដែលធ្លាប់ផ្អែមល្ហែមជាងទឹកឃ្មុំ។ ចប់បែបគ្រោតគ្រាត មិនមែនចប់បែប Happy Ending ឡើយ។
អ្នកដែលបានតាមដានរឿងរ៉ាវរបស់អ្នកទាំងពីរ ប្រាកដជា បានដឹងថា កហ្វ និងខ្វាន់ ធ្លាប់ជាគូស្នេហ៍នឹងគ្នាកាលពី១០ឆ្នាំមុន។ អ្នកទាំងពីរសុទ្ធសឹងតែនៅក្មេងនិងមិនទាន់មានបទពិសោធន៍ស្នេហ៍។ ទីបំផុតសេចក្តីស្នេហាក៏ត្រូវលិចលង់ក្នុងសមុទ្រភ្លើងប្រចណ្ឌ។ កាលនោះមានព័ត៌មានថា កហ្វ តាមប្រចណ្ឌ ខ្វាន់ ដែលមានកូនប្រុសអ្នកជំនួញល្បីមកជួបដល់កន្លែងថតកុន។ ចាប់ពីនោះ អ្នកទាំងពីរក៏ដើរលើផ្លូវបំបែករៀងៗខ្លួន។
ការបែកបាក់គ្រានោះ មិនត្រឹមតែបន្សល់ស្នាមប្រេះស្រាំក្នុងបេះដូងអតីតគូស្នេហ៍ទេ ថែមទាំងបានបន្សល់អរិភាពរវាង កហ្វ និងម្តាយខ្វាន់ទៀតផង។ អ្នកទាំងពីរក្លាយជាសត្រូវចាប់ពីពេលនោះ រហូតដល់ថ្ងៃដែល កហ្វ ចូលសាងផ្នួសក្នុងព្រះពុទ្ធសាសនា។ ថ្ងៃនោះ កហ្វ បានផ្ញើសារជូនដំណឹងរឿងបួសទៅម្តាយរបស់ ខ្វាន់ ព្រមទាំងឆ្លៀត ឱកាសសុំទោសគាត់ផង អហោសិកម្ម ខ្វាន់ និងម្តាយ។ ពិធីបំបួសនោះបានក្លាយជាចំណុចចាប់ផ្តើមស្នេហ៍ជាថ្មីរវាង កហ្វ និង ខ្វាន់ ដោយនឹកស្មានមិនដល់។ អ្វីៗហាក់ដូចជាល្អប្រសើរ រលូន ល្អូកល្អិន ព្រោះចាប់ផ្តើមពីអំណាចបុណ្យ។ អ្នកទាំងពីរប្រកាសចំណងស្នេហ៍លើកទី២ យ៉ាងផ្អែមល្ហែមរហូតមហាជនគិតថា ប្រហែលជាទទួលបាន ភ្លើងបៃតងពីម្តាយខ្វាន់ហើយ។ ចម្លើយពិតបានបង្ហាញរូបនាង នៅក្នុងថ្ងៃបើកសម្ពោធផលិតផលរបស់ ខ្វាន់។ ថ្ងៃនោះបងស្រីរបស់ខ្វាន់ចូលទៅប្រទាញ កហ្វ ចេញពី កណ្តាលវង់សម្ភាសន៍របស់អ្នកសារព័ត៌មាន។ នេះជាបញ្ហាប្រាប់ថា ស្នេហានេះពុំមែនមានតែ “យើងពីរនាក់ ស្រលាញ់គ្នា” នោះឡើយ គឺមានទាំងសញ្ញាស្នេហ៍គ្រោះថ្នាក់លាយឡំផង។
តែពេលស្ថិតក្រោមឥទ្ធិពលស្នេហ៍អ្វីក៏ល្អ អ្វីក៏ឆ្ងាញ់។ ខ្វាន់-កហ្វ ចាប់ដៃគ្នា ទប់ទល់កម្លាំងរបស់ម្តាយ និងបងស្រី ខ្វាន់ ដោយប្រកាសថា “គ្មាននរណាអាចបំបែកស្នេហ៍យើង”។ ចំណែកម្តាយ ខ្វាន់ ក៏ប្រើសិទ្ធិជាម្តាយប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះ។ វាក្លាយជាព័ត៌មានក្តៅ “ខ្វាន់ លង់ស្នេហ៍ កហ្វ រត់ចោលម្តាយ”។ តែអ្នកជំនាញស្នេហាបានឃើញរឿងបែបនេះច្រើនមកហើយ។ ពេលលង់ ងប់ងល់ កុំបាច់ហាម ព្រោះហាមយ៉ាងម៉េចក៏មិនស្តាប់ដែរ។ រឿងរ៉ាវស្នេហាត្រូវតែបណ្តោយឱ្យគេស្វែងយល់ដោយខ្លួនឯង។ តែម្តាយខ្វាន់ធ្វើចិត្តមិនបានប្រឹងរកយុទ្ធសាស្ត្របំបែកស្នេហ៍ដោយការ បង្ហោះរូប កហ្វ ថើបអតីតសង្សារបរទេស។ ប្រិយមិត្តមួយចំនួន មិនពេញចិត្តផ្តល់មតិឱ្យម្តាយ ខ្វាន់ បញ្ឈប់ការបំបែកបំបាក់។
តែពេលណាយចិត្ត ទោះគ្មានអ្នកបំបែកក៏បែកបាក់។ អំឡុងពេលចុងឆ្នាំ២០១៧ កន្លងមកចាប់ផ្តើមលេចឮខ្លាំងថា ខ្វាន់-កហ្វ បែកបាក់គ្នា។ ច្បាស់លាស់ត្រង់ ខ្វាន់ ចេញមកបង្ហោះបញ្ចប់សម្ព័ន្ធភាព ហើយសុំឱ្យគោរពការសម្រេចចិត្តនេះផង។ ទំនាក់ទំនង ខ្វាន់-កហ្វ ហាក់ដូចជាបញ្ចប់ដោយល្អ ប្រសិនបើភាគីនីមួយៗ មិនចេញមកនិយាយរឿងសង្ការចិត្ត។
កហ្វ ចាប់ផ្តើមបើកឆាកមូលហេតុនៃការបែកបាក់ទាំងទឹកនេត្រាហូរថ្លែងថា ម្តាយខ្វាន់ ទាមទារថ្លៃខាន់ស្លា ៨០លានបាត។ ពុំដឹងថា គាត់និយាយលែងឬមែន តែបាននិយាយលើសពីមួយដង។ លើសពីនេះ កហ្វ ទម្លាយថាម្តាយ ខ្វាន់ ថែមទាំងណែនាំ ខ្វាន់ ឱ្យស្គាល់លោកម្ចាស់ (Lord) បរទេសដ៏មានស្តុកស្តម្ភម្នាក់។
ខាងម្តាយរបស់ ខ្វាន់ ក៏តបតភ្លាមៗវិញថា អ្នកទាំងពីរបែកបាក់គ្នា អត់មានអីពាក់ព័ន្ធរូបគាត់ ទេ។ វាជារឿងរបស់អ្នកទាំងពីរ។ គាត់ពុំដែលទាមទារថ្លៃខាន់ស្លារាប់សិបលានទេ។ គាត់ក៏សួរ បញ្ច្រាសទៅ កហ្វ វិញថា ការផ្តល់សម្ភាសន៍បែបនេះទៅអ្នកសារព័ត៌មាន តើពុំមានអ្នកប្រៀនប្រដៅទេ ឬ? ឬក៏គ្រាន់តែស្ថាបនាចរន្តទាក់ទាញចំណាប់អារម្មណ៍?
ម្តងនេះ ខ្វាន់ លែងអាចសម្ងំនៅស្ងៀមបានហើយ។ នាងណាត់ជួបធ្វើសន្និសីទកាសែត ជាមួយ អ្នកសារព័ត៌មានដោយចាប់ផ្តើមប្រយោគសុំទោសម្តាយដែលពុំបានជឿស្តាប់សម្តីគាត់ ហើយថែមទាំងនាំភ្លើងចូលផ្ទះទៀត។ នាងទម្លាយរឿងក្នុងទ្រូងថា ត្រូវក្រុមគ្រួសាររបស់ កហ្វ និយាយស្តីមើលងាយ មើលថោកនាង និងគ្រួសារគ្រប់បែបយ៉ាង។ ខ្វាន់ និយាយថា បើអាចត្រឡប់ពេលវេលាថយក្រោយបាន នាងនឹងមិនទាក់ទងជាមួយ កហ្វ ឡើយ។ ចំណែកលោកម្ចាស់ “Lord” ឈ្មោះ ចេមស៍ ផាឡាមបូ ទាយាទត្រកូលមន្ត្រីជាន់ខ្ពស់របស់អង់គ្លេសនោះ ខ្វាន់ អះអាងថា ជាបុគ្គលដែលនាងគោរពជាទីប្រឹក្សា តែពុំមែន “បាតដៃទី៣”ទេ។
ខ្វាន់ គ្មានអ្វីគួរឱ្យបារម្ភទៀតទេ។ ពេលនេះនាងទំនេរគ្មានអ្នកហួងហែង ហើយនាងអាចសិចស៊ី ពេញទំហឹង។ នាងស្រស់ស្អាតគួរឱ្យថ្នាក់ថ្នមលើក្របទស្សនាវដ្តី “ចុងសប្តាហ៍” ជាមួយបណ្តាតារាឯកស្រីល្បីៗ។ ពេលនេះនាងមិននិយាយរឿងស្នេហាដែលទើបតែបែកបាក់ឡើយ។ នាងនិយាយយ៉ាងសាមញ្ញថា សុំវិលត្រឡប់ទៅរស់ក្នុងនាម ខ្វាន់ ឧសាមនី ដូចដើមវិញ។ នាងចាប់ផ្តើមរូបភាពរបស់នាង ក្នុងលក្ខណៈនារីអ្នកធ្វើការសិចស៊ី បើកចំហដើមទ្រូងឱ្យឃើញជ្រលងកូនភ្នំ តែក៏ស្រស់ស្អាត ទាក់ភ្នែកទាក់ចិត្តបំផុត៕