Friday, November 15, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ធ្វើអ្នកតំណាងក្រុមហ៊ុន Chevrolet ទទួលបានរថយន្តតម្លៃជិត៧មុឺនដុល្លារ

ឆាយ វីរៈយុទ្ធ ធ្វើអ្នកតំណាងក្រុមហ៊ុន Chevrolet ទទួលបានរថយន្តតម្លៃជិត៧មុឺនដុល្លារ

តារាចម្រៀងឆាយ វីរៈយុទ្ធ បានក្លាយទៅជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ដអាមេរិក ម៉ាក Chevrolet ក្រោយពីមានការប្រកាសជាផ្លូវការ កាលពីល្ងាចថ្ងៃទី០៩ ខែកុម្ភៈ នៅក្រុមហ៊ុនលក់រថយន្ដ Chevrolet ក្បែរផ្សារទឹកថ្លា រាជធានីភ្នំពេញ។

លោកប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅរបស់ Chevrolet បានឲ្យដឹងថា “យើងសម្រេចផ្ដល់សិទ្ធិទៅឲ្យតារាចម្រៀងឆាយ វីរៈយុទ្ធ ធ្វើជា​Brand Ambassador Chevrolet ព្រោះយើងចង់ឲ្យមានអ្នកដែលផ្ដល់ព័ត៌មានផ្សព្វផ្សាយពីព័ត៌មានដែលល្អរបស់យើងទៅកាន់មិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្ររបស់គាត់ ព្រោះឆាយ វីរៈយុទ្ធ មានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ ក៏ដូចជាមានការគាំទ្រច្រើន ទាំងអត្តចរិត និងការនិយាយស្ដីរបស់គាត់ គឺជាមនុស្សដែលថ្លៃថ្នូរ។ ក្រុមហ៊ុនបានផ្ដល់នូវរថយន្ដ១គ្រឿង ជូនលោកឆាយ វីរៈយុទ្ធ គឺ Chevrolet Trailblazer 2017 តម្លៃ៦៧.០០០ដុល្លារ សម្រាប់ការប្រើប្រាស់ និងការផ្សព្វផ្សាយរបស់យើងផងដែរ”។

នៅក្នុងក្រុមហ៊ុនរថយន្ដ Chevrolet នោះ មានចាក់បទចម្រៀងលោកឆាយ វីរៈយុទ្ធ សុទ្ធតែម្ដង នៅរាត្រីដែលក្រុមហ៊ុននេះប្រកាសថា លោកវីរៈយុទ្ធ បានក្លាយទៅជាអ្នកតំណាងរបស់គេ ប្រចាំឆ្នាំ២០១៨នេះ។

គេក៏កត់សម្គាល់ផងដែរថា ឆាយ វីរៈយុទ្ធ ត្រូវបានអមដំណើរដោយភរិយា អ្នកនាងសែ ចាន់ឌី និងឪពុកក្មេករបស់អ្នកចម្រៀងរូបនេះ លោកហាក់ សែ ផងដែរ ដើម្បីទៅអបអរសាទរតារាចម្រៀងសាន់ដេ រូបនេះ។

ឆាយ វីរៈយុទ្ធ បានឲ្យដឹងថា ”មូលហេតុដែលខ្ញុំជ្រើសរើសក្រុមហ៊ុនរថយន្ដ Chevrolet ធ្វើការជាមួយគាត់នោះ ព្រោះ Chevrolet ជាក្រុមហ៊ុនយក្សលំដាប់ថ្នាក់ពិភពលោក នៅសហរដ្ឋអាមេរិក ជារថយន្ដល្បីទំនើបខ្លាំងណាស់។ ខ្ញុំជិះបានជិត២សប្ដាហ៍ហើយ និងវាមានលក្ខណៈពិសេស ដូចជានៅពេលដែលយើងកាន់សោរមក គឺអាចបញ្ឆេះពីខាងក្រៅតែម្ដង ដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានការភ្ញាក់ផ្អើលថា ហា៎ ម៉េចឡានហ្នឹងសុខៗដេខ្លួនឯងចឹង? មួយទៀតប្រព័ន្ធសុវត្ថិភាពល្អណាស់។ ខ្ញុំមានជំនឿថា ពេលដែលយើងចាប់ដៃគ្នានេះ នឹងធ្វើឲ្យក្រុមហ៊ុន Chevrolet កាន់តែមានទីផ្សារទៅមុខថែមទៀត។ អ្វីដែលកាន់តែពិសេសនោះ គឺ Chevrolet ជាម្ចាស់ឧបត្ថម្ភក្លឹបយក្ស Manchester United ផងដែរ។ ពេលនេះ ខ្ញុំមាន Chevrolet គឺងាយស្រួលច្រើនក្នុងការធ្វើដំណើរទៅច្រៀងនៅតាមបណ្ដាខេត្ត ព្រោះរថយន្ដធំទូលាយ អាចផ្ទុកអ្នកដំណើរបានច្រើនផងដែរ”។

រថយន្តChevrolet របស់លោកឆាយ វីរៈយុទ្ធ

មុនក្លាយទៅជាអ្នកតំណាងរបស់ Chevrolet នេះ ឆាយ វីរៈយុទ្ធ ក៏ត្រូវបានគេសង្ស័យថា អ្នកចម្រៀងរូបនេះបានចេញពីផលិតកម្មសាន់ដេ ចូលទៅហង្សមាស ដែរ ព្រោះតែគេឃើញលោកយុទ្ធ ទៅច្រៀងនៅ Studio ហង្សមាស ព្រែកឯង ដូចជាសមាជិករបស់ហង្សមាស អីចឹង។

ឆាយ វីរៈយុទ្ធ បន្ថែមថា ”ខ្ញុំទៅច្រៀងនៅប៉ុស្ដិ៍ហង្សមាស មែន តែមិនមែនខ្ញុំជាតារាហង្សមាស ទេ គឺនៅជាអ្នកចម្រៀងរបស់សាន់ដេ ដដែលហ្នឹង។ មូលហេតុដែលខ្ញុំទៅច្រៀងនៅប៉ុស្ដិ៍ហង្សមាស ព្រោះខ្ញុំគិតថា គាត់ហៅយើងច្រៀង Concert ធំៗជាច្រើនមកហើយ អីចឹងគាត់ហៅឡើងប៉ុស្ដិ៍ ក៏ឆ្លៀតទៅ។ មិនមែនតែប៉ុស្ដិ៍ហង្សមាស មួយទេ ប៉ុស្ដិ៍ណាក៏ខ្ញុំទៅដែរ។ ពេលនេះខ្ញុំនៅតែជាអ្នកចម្រៀងសាន់ដេ អីចឹង ព្រោះនៅទីនេះមាន Concert ច្រើន និងការថតភាពយន្ដផង ។ តែថ្ងៃក្រោយ យើងមិនអាចដឹងបានទេ ព្រោះថា ឥឡូវខ្ញុំនៅមានកុងត្រាជាមួយសាន់ដេ វែងឆ្ងាយដែរ”៕

RELATED ARTICLES