កាលពីថ្ងៃទី0៩ ខែកុម្ភៈ កន្លងទៅនេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានធ្វើខួបប្រចាំឆ្នាំ យ៉ាងអធឹកអធម នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ ហើយក៏មានការចាប់រង្វាន់លើកទឹកចិត្តដល់តារាសិល្បៈ ក្រុមការងារ និងបណ្ដាញអ្នកសារព័ត៌មាន ដែលជាដៃគូសហការផងដែរ។
ចាប់តាំងពីប្ដូរមកឲ្យថៅកែសណ្ឋាគារស៊ូហ្វីតែល ជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបោះទុនកាន់តែច្រើនលើការផលិតកុនដែលជួយឲ្យក្រុមផលិតករ និងតារាសិល្បៈរាប់រយនាក់មានការងារធ្វើ និងមានប្រាក់ចំណូលល្អប្រសើរឡើង។ ទន្ទឹមនឹងនោះ អ្នកតំណាងប៉ុស្តិ៍លេខ៥ បានលើកឡើងថា ដើម្បីឲ្យការងារមួយទទួលបានជោគជ័យ មិនគ្រាន់តែមានការងារធ្វើ និងមានប្រាក់ចំណូលប៉ុណ្ណោះទេ។ ប៉ុន្តែក៏ត្រូវបង្កើតកម្មវិធីជប់លៀង បង្កបរិយាកាសឲ្យបានស្និទ្ធស្នាលជុំគ្នាផងដែរ ដើម្បីឲ្យការងារនោះកាន់តែរឹងមាំ និងមានទឹកចិត្តរួមគ្នា។
ទន្ទឹមនឹងប៉ុស្តិ៍លេខ៥ បោះទុនខ្ពស់លើការវិនិយោគវិស័យភាពយន្ត ក៏បានការរៀបចំកម្មវិធីជប់លៀងបង្កើតបរិយាកាសសប្បាយរីករាយជុំគ្នាជាបន្តបន្ទាប់ផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅនេះ ក្នុងឱកាសគម្រប់ខួបប្រចាំឆ្នាំ ប៉ុស្តិ៍លេខ៥ បានចំណាយធំខ្ទង់រាប់ពាន់ដុល្លារ ដើម្បីរៀបចំធ្វើពិធីជប់លៀងនៅភោជនីយដ្ឋានទន្លេបាសាក់២ ជាមួយនឹងអាហារប៊ូហ្វេ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការចាប់រង្វាន់លើកទឹកចិត្តដល់អ្នកដែលបានចូលរួមផងដែរ មានដូចជា ទូទឹកកក ទូរទស្សន៍ សំបុត្រដំណើរកំសាន្តនៅខេត្តសៀមរាប និងរង្វាន់ជាទឹកប្រាក់ចំនួន១០០ដុល្លារជាច្រើនរង្វាន់ផងដែរ។ ពោលគឺពិធីជប់លៀងនោះបានធ្វើឲ្យតារាសិល្បៈ ក្រុមផលិតករ ក្រុមការងារប៉ុស្តិ៍លេខ៥ និងអ្នកដែលបានចូលរួមសប្បាយរីករាយយ៉ាងក្រៃលែង ខណៈដែលស្ថានីយទូរទស្សន៍ប៉ុស្តិ៍៥ នឹងមានពិធីជប់លៀងជាបន្តបន្ទាប់ទៀត៕