ការវិលត្រឡប់មកអុកឡុកក្នុងអាជីពចាស់សាជាថ្មីរបស់អតីតពិធីការិនីល្បីឈ្មោះ សួន ភក្តី ហៅ VJ អាណូ នៅពេលនេះ នាងមិនទាន់ឈរជើងនៅទ្រនំណាជាប់ឡើយ ស្របពលដែលរឿងគេសង្ស័យថា នាងមានកូនប្រុស២នាក់ទៅហើយនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងដដែល ហើយស្រាប់តែនៅពេលថ្មីៗនេះ មានរឿងដ៏គួរឱ្យរសើបថា អាណូ ត្រូវថៅកែស្រីផលិតកម្មមួយតាមស្នេហ៍យ៉ាងប្រកិតបំផុត រហូតនាងធុញទ្រាន់…។
VJ អាណូ ធ្លាប់បាត់ខ្លួន9ឆ្នាំ ដោយសារតែមានព័ត៌មានថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយមន្ត្រីធំ ហើយត្រូវប្រពន្ធដើមគេតាមព្រមានផ្តាច់ជីវិត។ ប៉ុន្តែ នៅចុងឆ្នាំ2015 អតីតពិធីការិនីល្បីឈ្មោះរបស់ប៉ុស្តិ៍លេខ3 រូបនេះបានវិលត្រឡប់មករកអាជីពចាស់វិញ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយវិលមកថតសិល្បៈសាជាថ្មីឡើងវិញ តែមិនទាន់បានឈរជើងជាប់នៅប៉ុស្តិ៍ទូរទស្សន៍ណាមួយឡើយ ហើយទើបតែថ្មីៗនេះ អាណូ បានថត MV បទចម្រៀងថ្មីៗរបស់ផលិតកម្ម M ស្ទួនៗគ្នា ក៏ធ្លាយរឿងថា នាងសួន ភក្តី ត្រូវថៅកែស្រីផលិតកម្ម1 ព្យាយាមតាមស្នេហ៍យ៉ាងប្រកៀកប្រកិតបំផុតទៅវិញ។
ប្រភពបានឱ្យដឹងថា ពេលនេះ អាណូ កំពុងភ័យខ្លួន ព្រោះពិបាកគេចចេញពីអន្ទាក់ស្នេហ៍ថៅកែស្រីនោះណាស់ ខណៈដែលកន្លងមក តេង លក្ខិណា, ឌុច សុភា, ស៊ឹម ថៃណា, មាស សម្ផស្ស, ឌុច លីដា ជាដើមនោះ សុទ្ធតែធ្លាប់ប៉ះព័ត៌មានថា មានស្នេហាជាមួយថៅកែស្រីរូបនោះ តែតារាទាំងនេះបានច្រានចោល។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ VJ អាណូ និយាយលាយឡំសំណើចថា មិនដឹងជាយ៉ាងម៉េច ការវិលត្រឡប់មកចូលសិល្បៈសាជាថ្មី នៅពេលនេះ គឺឆ្វាក់តែរឿងស្រីតាមស្រលាញ់មែន ហើយពេលនេះ នាងកំពុងតែពិបាកចិត្តថា តើគួរធ្វើយ៉ាងម៉េច ព្រោះថា អារម្មណ៍នាងផ្ទាល់ខ្លួន មិនបេតីស្រីៗភេទដូចគ្នាឡើយ។
អាណូ ថ្លែងទាំងសំណើចថា “ឥឡូវមានសុទ្ធតែស្រីភេទតែម្តង តាមស្រលាញ់ខ្ញុំ ពួកគេក្មេងៗ ហើយស្អាតទៀតផង។ ខ្ញុំមិនដឹងធ្វើម៉េចទេ ឥឡូវហ្នឹងបងជួយគិតមើល ពីមុនពិបាកចិត្តរឿង មានប្រុសៗតាមរំខាន ស្រាប់តែពេលនេះ ឈឺក្បាលហ្មងរឿងស្រីៗសុំស្រលាញ់ហ្នឹង! ចំពោះរឿងថា មានថៅកែស្រីផលិតកម្មតាមស្រលាញ់ហ្នឹង ខ្ញុំមិនដឹងដែរ ពីណាគេក៏ដឹងជាងខ្ញុំទៀតហ្ន៎! (សើច)។ ខ្ញុំបានថតសម្តែងបទចម្រៀង4បទ ឱ្យផលិតកម្ម M មែនថ្មីៗនេះ តែអត់ដឹងថា អ្នកណាគេស្រលាញ់យើងផង គ្រាន់តែមិនលាក់បាំងទេ រឿងមានស្រីៗតាមស្រលាញ់ហ្នឹង ឥឡូវកំពុងតែពិបាកគេចហើយខ្ញុំ”។
VJ អាណូ ដែលល្បីថា មានកូនប្រុស2នាក់ ជាមួយគូស្នេហ៍លាក់មុខជាមន្ត្រីធំដ៏មានឥទ្ធិពលនោះ កាលពីចុងឆ្នាំ2017 នាងបានលេងមួយក្បាច់ដាច់ផ្ងារលោកធំម្នាក់ ដែលតាមស្នេហ៍នាងទាំងយប់អធ្រាត្រនោះ ដោយអាណូ បានបង្ហោះរូបភាពនាងមានគភ៌ក្នុងផ្ទៃ ទើបធ្វើឱ្យលោកធំដែលមានប្រពន្ធកូនទៅហើយនោះ ប្រញាប់ដកខ្លួនចេញវិញ លែងតាមញ៉ែអាណូ ដូចមុនទៀតហើយ ព្រោះថា ពេលនេះ អាណូ មិនមែនទុកបេះដូងឱ្យនៅទំនេរទេ គឺនាងមានគូស្នេហ៍ថ្មីទៀតហើយ ដែលបុរសនោះ គឺជាអ្នកជំនួញដែលមានរូបរាងសង្ហា ព្រមទាំងនៅលីវទៀតផង។ យ៉ាងណា អាណូ មិនទាន់មានគម្រោងចូលរោងការក្នុងពេលឆាប់ៗនេះឡើយ ព្រោះនាងចង់សិក្សាស្វែងយល់ទៅលើបុរសនោះឱ្យបានច្បាស់លាស់សិន ខណៈពេលនេះ នាងជាប់ដៃពង្រឹងការរកស៊ីហាងលក់បាយ។
អាណូ បានឱ្យដឹងថា “ហាងលក់បាយខ្ញុំកាក់កបខ្លាំងណាស់បង ជោគជ័យមែនទែន។ ខ្ញុំមានម៉ូយច្រើន ខ្ញុំសប្បាយចិត្តនឹងមុខរបរមួយនេះ។ ចំពោះរឿងស្នេហាខ្ញុំ គឺមិនទាន់ដឹងថា ពេលណាចូលរោងការទេ គឺចាំដល់ពេលចាំគិត”។
ក្រៅពីក្លាយទៅជាថៅកែស្រីលក់បាយនោះ VJ អាណូ ក៏បានរកស៊ីលក់រថយន្តបង់រំលស់ផងដែរ ដោយបោះទុនជាង10ម៉ឺនដុល្លារឯណោះ ហេតុនេះហើយ គេថា អាណូ ដែលវិលត្រឡប់មករកអាជីពចាស់ នាពេលនេះ គឺគ្រាន់តែដើម្បីស្តារមុខមាត់ឡើងវិញប៉ុណ្ណោះ មិនមែនផ្តោតទៅលើប្រាក់ចំណូលជាធំឡើយ។
VJ អាណូ បន្ថែមថា នាងកំពុងតែត្រៀមខ្លួនថតរឿងថ្មីមួយ ក្នុងពេលឆាប់ៗនេះ ដោយសម្តែងជាតួអង្គសំខាន់ម្នាក់ ហើយរយៈពេលចុងក្រោយនេះ នាងមានផលិតករមួយចំនួន បានហៅឱ្យថតរឿងថ្មីៗដែរ តែរឿងខ្លះមិនចំតួដែលនាងសម្តែង ក៏មិនចេះតែទទួលឡើយ។
VJ អាណូ ឬសួន ភក្តី ស្ថិតក្នុងចំណោមអតីតតារាសម្តែងល្បីឈ្មោះ តែចូលសិល្បៈលឹបលៗនាពេលចុងក្រោយនេះ មានដូចជា ខៀវ សុខារ៉ាវី, ពេជ្រ សិរីរ័ត្ន, ពេជ្រ សូលីកា ជាដើម ដែលពេលនេះ ពួកគេសុទ្ធតែរស់នៅលើគំនរទ្រព្យស្តុកស្តម្ភ ហើយជ្រើសផ្លូវសាងស្នេហ៍ដោយអាថ៌កំបាំង ដោយតារាខ្លះមានកូនអត់ប្តីទៀតផង។
ដោយឡែក VJ អាណូ វិញ គឺដូចចុះទឹកក្រពើ ឡើងលើខ្លាអ៊ីចឹង ព្រោះថា ប្រឹងគេចស្នេហ៍មន្ត្រីធំ ដោយខ្លាចប៉ះចំលើប្តីគេ តែពេលចុងក្រោយបែរជាត្រូវថៅកែស្រីព្យាយាមជះលុយរាយអន្ទាក់ស្នេហ៍ ដោយមិនឱ្យនាងរួចខ្លួនទៅវិញ។ តារាសិល្បៈជាច្រើនបានខ្សឹបខ្សៀវគ្នាថា ចាំមើលថា VJ អាណូ ទោះជាអាណូ ព្យាយាមគេចដល់ជើងមេឃក៏ដោយ ឱ្យតែនាងនៅលេងសិល្បៈ គឺពិបាកគេចចេញពីការតាមស្នេហ៍របស់ថៅកែស្រីណាស់ គឺដូចតារាស្រីស្អាតៗមួយចំនួនអ៊ីចឹង។ ប៉ុន្តែ បើអាណូ ចង់ឃាំងស្នេហ៍ថៅកែស្រីនោះ គឺមានតែនាងដើរផ្លូវព្រមបង្ហាញគូស្នេហ៍ថ្មីជាចំហ…៕