Friday, November 15, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី មិនខ្វល់ដំណឹងស្នេហ៍ជាមួយលី វ៉ាហេទ

សុខ សោម៉ាវត្តី មិនខ្វល់ដំណឹងស្នេហ៍ជាមួយលី វ៉ាហេទ

ក្រោយលែងលះប្តីកូនមន្ត្រីធំ ក្លាយជាអ្នកមេម៉ាយកូនមួយក្តៅស្រួយឈ្ងុយដូចដូងដុត តារាភាពយន្ត និងជាពិធីការិនី សុខ សោម៉ាវត្តី បានសាយភាយដំណឹងថា កំពុងបង្កាត់ភ្លើងស្នេហ៍យ៉ាងត្រជាក់ល្ហឹម ជាមួយ​តារាបាល់ទាត់ លោកលី វ៉ាហេទ ខណៈដែលសម្មភាពរបស់អ្នកទាំងពីរក៏កាន់តែស្និទ្ធស្នាលស្អិតល្មួត លើសពី​មិត្តភាពធម្មតា។

យ៉ាងណា វត្តី អះអាងថា នាងមិនខ្វល់ពីដំណឹងស្នេហ៍ពាក់ព័ន្ធជាមួយលោកវ៉ាហេទ នោះទេ…។

ចាប់តាំងពីរលាស់ខ្លួនពីចំណងអាពាហ៍ពិពាហ៍ និងវិលមកប្រឡូកសិល្បៈពេញទំហឹងជាថ្មី សន្សំប្រាក់ល្អិតចិញ្ចឹមកូនស្រី សុខ សោម៉ាវត្តី នៅតែមានយីអ៊ុនលេចធ្លោ មិនចាញ់តារាក្រមុំៗមួយចំនួននោះ ទាំងទីផ្សារសិល្បៈ និងមានមន្តស្នេហ៍ទាក់ទាញឆក់បេះដូងបុរសៗចម្រុះឋានៈជាច្រើនឱ្យលង់ស្នេហ៍។ យ៉ាងណា មួយរយៈចុងក្រោយនេះ សោម៉ាវត្តី បានរងព្យុះព័ត៌មានពាក់ព័ន្ធជាមួយតារាបាល់ទាត់ លោកលី វ៉ាហេទ ដែលជាខ្សែការពារក្លឹបបឹងកេត។ អ្នកនៅក្នុងចង្កោមសិល្បៈជាច្រើន បាននិយាយខ្សឹបខ្សៀវគ្នា ពីក្អែកមួយទៅក្អែកដប់ថា វត្តី និងវ៉ាហេទ ជាគូស្នេហ៍ គ្រាន់តែពួកគេមិនហ៊ានសារភាពស្នេហ៍ដោយបើកចំហតែប៉ុណ្ណោះ ខណៈដែលសកម្មភាពរបស់ពួកគេកាន់តែស្អិតល្មួតរឹងមាំទ្វេឡើង។

តាមដំណឹងថា វត្តី បានចងសម្ព័ន្ធស្នេហ៍ជាមួយលោកលី វ៉ាហេទ តារាបាល់ទាត់ ចាប់តាំងពីពួកគេសម្តែងជាតួឯករួមគ្នានៅក្នុងរឿង “អ្នកខូចចិត្តអាជីព” របស់ផលិតកម្ម Rock ម៉្លេះ។ ទន្ទឹមនឹងនោះ ពួកគេក៏ឧស្សាហ៍បែកធ្លាយរូបភាពស្និទ្ធស្នាលកៀកកើយជាញឹកញាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ តារាសិល្បៈដែលស្និទ្ធជាមួយវត្តី ក៏បានបង្ហើបឱ្យដឹងដែរថា ពួកគេមានគម្រោងដឹកដៃគ្នាចូលរោងការនាពេលខាងមុខទៀតផង។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ វត្តី បានឆ្លើយតបយ៉ាងខ្លីថា “ខ្ញុំនិងគាត់ (លី វ៉ាហេទ) ទំនាក់ទំនងគ្នាជាធម្មតា ហើយរឿងគេនិយាយអី និយាយទៅ ខ្ញុំមិនខ្វល់ទេ”។

វត្តី មិនបញ្ជាក់ថា ទំនាក់ទំនងរវាងនាងជាមួយតារាបាល់ទាត់ខ្សែការពារក្លឹបបឹងកេត ជាគូស្នេហ៍ ឬត្រឹមជាមិត្តភក្តិនោះទេ ខណៈដែលអ្នកទាំងពីរបានបង្ហាញសកម្មភាពដូចគូស្នេហ៍ដទៃដែរ។ ពោលគឺ រាល់ពេលវ៉ាហេទ បង្ហាញវត្តមានប្រកួតនៅលើទីលានវាលស្មៅ វត្តី តែងតែទៅចូលរួមគាំទ្រផ្តល់កម្លាំងចិត្តជានិច្ច។

ចាប់តាំងពីធ្លាយដំណឹងលែងលះលោកទូច ដាណារ៉ា ហៅពេជ្រ កូនប្រុសអតីតស្នងការរាជធានីភ្នំពេញ រួចមក អ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី មានបុរសអ្នកមានជាច្រើន រួមទាំងមន្ត្រីធំមួយចំនួនផង បានតាមថ្ពក់ស្នេហ៍នាង មានទាំងអ្នកចង់ឱ្យនាងឡើងជាជំទាវទៀតផង ប៉ុន្តែ នាងបែរជាសម្រេចចិត្តពិសោធស្នេហ៍ជាមួយតារាបាល់ទាត់ លោកលី វ៉ាហេទ ទៅវិញ ស្របពេលដំណឹងថា ក្រោយពេលសាយភាយដំណឹងស្នេហ៍ជាមួយលោកលី វ៉ាហេទ និងឧស្សាហ៍បង្ហាញសកម្មភាពផ្អែមល្ហែមផងនោះ បុរសៗមួយចំនួនក៏មិនហ៊ានតាមក្រវែលថ្ពក់ស្នេហ៍អ្នកនាងដូចមុនទៀតទេ ហើយតាមប្រភពថា ក៏មានបុរសខ្លះខកចិត្ត ស្តាយស្នេហ៍នាងផងដែរ។

មានការលើកឡើងថា វត្តី មិនខ្វល់ពីដំណឹង​ស្នេហ៍ជាមួយវ៉ាហេទ អាចបញ្ជាក់ថា ស្នេហារបស់នាងកាន់តែរឹងមាំ នឹងអាចឈានដល់គម្រោងកសាងសុភមង្គលរួមគ្នាក្នុងពេលឆាប់ៗទៀតផង។ ម៉្យាងប្រសិនបើរវាងនាង ជាមួយវ៉ាហេទ ពុំមែនជាទំនាក់ទំនងស្នេហានោះ នាងនឹងបដិសេធលាងជម្រះក្តីមន្ទិលរបស់មហាជនជាពុំខាន។

យ៉ាងណា មិត្តភក្តិនៅក្នុងចង្កោមសិល្បៈជាច្រើនក៏បានសម្តែងការត្រេកអរផងដែរ ប្រសិនបើវត្តី បានជួបស្នេហ៍ពិតប្រាកដ ដែលអាចរួមសុខរួមទុក្ខជាមួយគ្នាបានពេញមួយជីវិត ហើយក៏មិនចង់ឃើញនាងជួបស្នេហាបែកបាក់ជាថ្មីផងដែរ។

កន្លងមក ក្រោយពេលលែងលះប្តី វត្តី ធ្លាប់លើកឡើងថា នាងមិនចង់បានស្វាមីជាអ្នកមានទ្រព្យស្តុកស្តម្ភទៀតទេ ពោលគឺនាងចង់បានត្រឹមបុរសសាមញ្ញម្នាក់ តែអាចផ្តល់ភាពកក់ក្តៅឱ្យនាងបាន ខណៈដែលអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនលើកឡើងថា វត្តី បានជ្រើសរើសតារាបាល់ទាត់លោកលី វ៉ាហេទ ជាដៃគូជីវិតថ្មី។ យ៉ាងណាក៏ដោយ វត្តី មិនចង់បកស្រាយជុំវិញដំណឹងស្នេហ៍ជាមួយលោកលី វ៉ាហេទ នោះទេ។ ប៉ុន្តែអ្នកខ្លះថា វត្តី ចង់ធ្វើឱ្យភ្ញាក់ផ្អើលនៅពេលដឹកដៃតារាបាល់ទាត់ ចូលរោងការតែម្តង…៕

RELATED ARTICLES