លោកវិបុលឡាឡា កូនខ្មែរ មកពីខេត្តព្រៃវែង បានក្លាយជាតារាចម្រៀងលេចធ្លោមួយរូបគួរអោយសរសើរ ក្នុងចំណោមពលករខ្មែរ ដែលបានបម្រើការនៅប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន។មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាប្រធានក្រុមចម្រៀង និងតន្ត្រីករ GOG ដែលជាក្រុមសិល្បៈធំមួយប្រចាំប្រទេសកូរ៉េ ដែលមានសកម្មភាពខ្លាំង ស្ទើរគ្រប់វេទិកាប្រគំតន្ត្រីទាំងអស់ ក្នុងក្រុមពលករកូរ៉េផងដែរ។
លោកមិ វិបុល ហៅវិបុលឡាឡា លោកគឺជាតារាចម្រៀងដែលផុសចេញពីការងារជាពលកកូរ៉េ ហើយមានទីផ្សារខ្លាំងក្លា ដោយសារតែការចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ជាបន្តបន្ទាប់ជាក់ស្ដែងកាលពីថ្ងៃទី១៦ កុម្ភៈ នៅស៊ូវុន ក្រោមការរៀបចំរបស់អង្គការខ្ញុំខ្មែរ និង គ្រួសារតារាកម្ពុជា ដោយក្រៅពីតារាល្បីៗមកពីប្រទេសកម្ពុជា លោកជាតារាពលករកូរ៉េ ដែលមានសន្ទុះជាងគេផងដែរ។ ក្នុងចំណោមពលករខ្មែរបម្រើការនៅក្នុងកូរ៉េ គេអាចនិយាយបានថា កាន់តែមានការទទួលស្គាល់ច្រើនឡើងថា លោក វិបុលឡាឡា កូនខ្មែរ គឺជាតារាចម្រៀងល្បីម្នាក់ ដែលក្រោយពីមានទីផ្សារជាតារាចម្រៀង ក៏បានបង្កើតប្រមែប្រមូលពលករខ្មែរនៅទីនោះ ដែលមានសមត្ថភាពផ្នែកតន្ត្រី និងច្រៀង ជាក្រុម GOG ហើយបង្កើតសកម្មភាព ទាំងច្រៀងយកកម្រៃ និងសប្បុរសធម៌ នៅក្នុងប្រទេសកូរ៉េ។
លោកអះអាងថា ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួនលោកនឹងបង្ហាញបទចម្រៀង Original Song ចំនួន៥បទក្នុងពេលដ៏ ក្នុងចំណោមពលករកូរ៉េ ដោយលោកប្រកាសថា ក្រុមចម្រៀង និង តន្ត្រីករ GOG របស់លោក នឹងរួមគ្នា ផលិតMV សម្រាប់បទទាំងOriginal Song ទាំង៥នោះផង។ លោកបញ្ជាក់ ក្នុងអំឡុងខែ៤ខាងមុខ បទចម្រៀងនិពន្ធថ្មីសុទ្ធសាធរបស់លោកនឹងមានវត្តមានជាលើកដំបូង ប៉ុន្តែលោកថា សម្រាប់បទប្រភេទកែប៉ារ៉ូល និងCover គឺមានច្រើនបទមកហើយ ដោយសារបទទាំងនោះ ធ្វើអោយលោកត្រូវបានទទួលស្គាល់ជាតារាចម្រៀងមួយរូប ក្រោយបង្ហោះបទទាំងនោះលើយូធូប។
លោកវិបុលឡាឡា ក៏បានឲ្យដឹងដែរថា មុនប្រែក្លាយខ្លួនជាតារាដែលមានទីផ្សារសិល្បៈ លោកក៏ជាតារាចម្រៀងប្រចាំក្លិបកម្សាន្តមួយនៅកូរ៉េ បន្ថែមពីលើការងារជាពលករផងដែរ។ លោកប្រកាសថា ក្រុមGOG ជាក្រុមសិល្បៈផុសចេញពីសិល្បករ១០០ភាគរយ ដោយក្រុមរបស់លោក ក៍ប្រកាសមិនសម្ដែងសម្រាប់កម្មវិធីឃោសនាពាក់ព័ន្ធនឹងបក្ស ដែលធ្លាប់ស្នើអោយសម្ដែងនោះផង។ លោកថា ទម្រាំទទួលបានការគាំទ្រមកទល់ពេលនេះ គឺបានហែលឆ្លងនូវការប្រឹងប្រែងខ្លាំងណាស់ ទើបលោកមិនចេះតែទទួលការងារសិល្បៈ ដែលមានទម្រង់នយោបាយនោះទេ ដើម្បីកុំអោយមានការរិះគន់ពីក្រុមពលករកូរ៉េ។
គួរបញ្ជាក់ថា ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្រុងស៊ូវុន ក្រោមការធានាយកតារាខ្មែរពីកម្ពុជាដោយអង្គការ«ខ្ញុំខ្មែរ» និងចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា» លោកទទួលប្រជាប្រិយភាពពីអ្នកចូលរួមទស្សនាមិនធម្មតា។ លោកមានសមត្ថភាពច្រៀងបានពិរោះទាំងបទបុរាណ និងបទសម័យ ជាពិសេសបទរាំកម្សាន្ត។ ការប្រគំតន្ត្រី ដែលមានតារាចម្រៀង ចេន សាយចៃ និង លោក ហាក់ ធៀមុនី តារាសម្ដែងនៅកម្ពុជា កាលពីថ្ងៃទី១៦ កុម្ភៈ គឺលោកលេចធ្លោរមិនធម្មតា ក្នុងចំណោមតារាៗដែលបានបង្ហាញខ្លួន។
លោក វិបុលឡាឡា កូនខ្មែរ បានអះអាងថា លោកនឹងរៀបចំក្រុម GOG អោយមានទាំងក្រុមចម្រៀង មានតន្ត្រីករ មានក្រុមកាត់ត ក្រុមអ្នកនិពន្ធ និងអ្នកផលិតMV ដើម្បីជ្រោមជ្រែងអ្នកមានសមត្ថភាពខាងផ្នែកចម្រៀងក្នុងចំណោមពលករកូរ៉េ អោយបានក្លាយជាតារាអាជីព។ លោកបម្រើការនៅក្នុងប្រទេសកូរ៉េបានរយៈពេល២ឆ្នាំ១០ខែ ដោយបញ្ចប់កុងត្រា៣ឆ្នាំ លោកនឹងត្រលប់ទៅកម្ពុជាវិញ ដើម្បីពង្រឹងមុខរបរបើកហាងកាហ្វេដែលលោកបានបើកជិត១ឆ្នាំនៅកម្ពុជាដោយមានបងធម៌ជាដៃគូភាគហ៊ុន និងបន្តការងារសិល្បៈ នៅកម្ពុជាផងដែរ៕