ស្ទើរមិនគួរឲ្យជឿនៅដើមឆ្នាំ២០១៨ នេះតារាភាពយន្តរូបស្រស់កញ្ញាពីង រ៉ូហ្សា ស្រាប់តែទិញវីឡាដ៏ធំស្កឹមស្កៃនៅបុរីប៉េងហួត បឹងស្នោ តម្លៃជិត១០ម៉ឺនដុល្លារ និងបានសម្ភោធចូលរស់នៅស្ងាត់ៗនាំឲ្យមានការសង្ស័យថា នាងទទួលបានការជ្រោមជ្រែងពីបុរសណាម្នាក់។
នាពេលចុងក្រោយនេះកញ្ញាពីង រ៉ូហ្សា មិនសូវមានសកម្មភាពសិល្បៈជោគជាំដូចមុនទេប៉ុន្តែបើក្រឡេកមើលពីជីវភាពរបស់នាងវិញគឺកាន់តែហ៊ឺហាស្ទើរមិនគួរឲ្យជឿដោយក្រៅពីជិះរថយន្តទំនើបនាងទើបសម្ភោធវីឡាស្ងាត់ៗនៅកណ្ដាលរាជធានីភ្នំពេញ។
រ៉ូហ្សា បានទទួលស្គាល់ថា នាងពិតជាទើបធ្វើពីធីសូត្រមន្តចូលនៅទ្រនំវីឡាថ្មីរបស់នាងមែនដែលជាប្រភេទវីឡាកូនកាត់នៅបុរីប៉េងហួត ក្នុងតម្លៃជាង៨ម៉ឺនដុល្លារ គឺទិញផ្ដាច់តែម្ដង។រ៉ូហ្សា បញ្ជាក់ថា នាងអត់បានធ្វើពិធីសម្ភោធទ្រង់ទ្រាយធំដុំគគ្រឹគគគ្រេងទេព្រោះគ្មានពេលរៀបចំ។ម្យ៉ាងមិនចង់រំខានមិត្តភក្ដិក៏ដូចជារៀបច្បងនៅក្នុងសិល្បៈផង។នាងថា សម្រាប់លុយទិញវីឡានេះជារបស់នាងដែលខំសន្សំទុកជាយូរមកហើយគួបផ្សំជាមួយក្រុមគ្រួសារផងដែរគឺគ្មានបុរសណាជួយជ្រោមជ្រែងឧបត្ថម្ភនាងទេ។
រ៉ូហ្សា បានឲ្យដឹងដឹងដែរថា កាលពីអំឡុងឆ្នាំ២០១៦ នាងបានលក់ផ្ទះមួយកន្លែងនៅម្ដុំផ្លូវជា សុផារ៉ា ហើយក៏បានមករស់នៅខុនដូជាងមួយឆ្នាំមកហើយ។ដូច្នេះអ្វីដែលនាងមាននៅពេលនេះជាទ្រព្យរបស់នាងទាំងស្រុងអត់មានបុរសណានៅពីក្រោយខ្នងនោះទេ។
តារាភាពយន្តល្បីឈ្មោះមានបុរសទ្រព្យស្ដុកជាច្រើនតាមថ្ពក់ស្នេហ៍រូបនេះបានឲ្យដឹងដែរថា រហូតមកទល់ពេលនេះនាងមិនទាន់មានដៃគូស្នេហា ពិសោធន៍ស្នេហ៍នៅឡើយទេហើយក៏មិនទាន់ចង់គិតពីគម្រោងរៀបការនៅពេលណាដែរខណៈដែលនាងនៅតែចង់កសាងប្រជាប្រិយភាពនៅលើវិថីសិល្បៈបន្តទៀត។
រ៉ូហ្សា បានទទួលស្គាល់ថា នាពេលចុងក្រោយនេះអាជីពសិល្បៈរបស់នាងពិតជាស្ងប់ស្ងាត់បន្តិចមែនដោយសារតែជាប់រវល់ការងារផ្ទាល់ខ្លួនមិនសូវបានទទួល។តែយ៉ាងណានាងនឹងប្រឡូកពេញទំហឹងជាថ្មីចាប់ពីដើមឆ្នាំ២០១៨ នេះទៅហើយរំពឹងថា នឹងទាញបានភាពលេចធ្លោជាងនេះបន្ថែម៕