តារាចម្រៀងណុប សម្បត្តិនីកូ ហៅនីកូ បានក្លាយទៅជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស បន្ទាប់ពីមានជំនួយពីបងប្រុសបង្កើត ណុប ប៉ាយ៉ារិទ្ធ ដែលឃើញព្រាប សុវត្ថិ យកកូនប្រុសទាំង៣ ចូលហង្សមាស ដែរនោះ។ ប៉ុន្តែ យ៉ាងណា ការចោលទ្រនំចាស់ផ្លាស់ចូលទ្រនំថ្មីរបស់នីកូ នេះ ត្រូវបានគេមើលឃើញថា អ្នកចម្រៀងចំណូលថ្មីនេះ ហាក់ពិបាកប្រជែងជាមួយតារាម្ចាស់ពានខ្លាំងៗនៅហង្សមាស ហើយនីកូ ចាញ់ប្រៀបទាំងកូនប្រុសលោកព្រាប សុវត្ថិ ទៅទៀត…។
ការឈានចូលហង្សមាស របស់អតីតអ្នកចម្រៀងផលិតកម្មសាន់ដេ ណុប សម្បត្តិនីកូ ហៅនីកូ នាពេលថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានមហាជនមើលឃើញថា ប្អូនប្រុសរបស់លោកណុប បាយ៉ារិទ្ធ រូបនេះចាញ់ប្រៀបកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ព្រោះមិនមានការធ្វើសន្និសីទកាសែតឡើយ គឺចូលស្ងាត់ៗ និងចេញបទ “ថ្ងៃបែកគ្នា” នោះក៏ស្ងាត់ៗទៀត ដែលខុសពីកូនៗរបស់ព្រាប សុវត្ថិ ត្រូវផលិតកម្មរស្មីហង្សមាស ធ្វើសន្និសីទកាសែតយ៉ាងគគ្រឹកគគ្រេង ផ្អើលពេញផ្ទៃប្រទេសតែម្តង។ ប្រភពបានឱ្យដឹងថា ការឈានចូលទ្រនំធំរបស់នីកូ នៅពេលនេះ គឺមានការអន្តរាគមន៍ពីបងប្រុសរបស់គេ លោកណុប បាយ៉ារិទ្ធ ដោយសារតែអ្នកចម្រៀងរូបនេះបានឃើញព្រាប សុវត្ថិ យកកូនប្រុសទាំង៣ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណ ចូលហង្សមាស ដោយស្វ័យប្រវត្តិនោះ ហេតុនេះហើយបានជាបាយ៉ារិទ្ធ យកប្អូនចូលដែរ។
នីកូ លេចធ្លោមធ្យមអំឡុងពេលដែលជ្រកកោននៅផលិតកម្ម M និងចាប់ដៃជាមួយពេជ្រ សូលីកា តែនៅពេលដែលអ្នកចម្រៀងរូបនេះ ទៅសាន់ដេ ច្រៀងផង រៀបចំឆាកនៅបាយ័ន ផងនោះ ធ្វើឱ្យនីកូ នៅទ្រឹង ព្រោះមិនអាចប្រជែងជាមួយខេមរៈ សិរីមន្ត, ឆាយ វីរៈយុទ្ធ និងខាន់ ជេមស៍ បានឡើយ ហើយថែមទាំងអស់ តំណែងនៅបាយ័ន ទៀត ទើបធ្វើឱ្យនីកូ ហក់ចូលទៅហង្សមាស តាមបងប្រុស។
អ្នកជំនាញសិល្បៈបានឱ្យដឹងថា នីកូ មិនត្រឹមតែពិបាកប្រជែងជាមួយកូនព្រាប សុវត្ថិ ទាំង៣នាក់នោះទេ តែឧបសគ្គធំរបស់នីកូ គឺពិបាកទប់ទល់ជាមួយ ម្ចាស់ពាន The Voice Cambodia រដូវកាលពី២ ថែល ថៃ, ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា និងម្ចាស់ពាន I am A Singer Cambodian ដួង វីរៈសិទ្ធ៕