Sunday, December 22, 2024
Homeបរិយាយពន្លឺ​ព្រះ​ចន្ទ មិន​ពេញ​ចិត្ត​មនុស្ស​រងា

ពន្លឺ​ព្រះ​ចន្ទ មិន​ពេញ​ចិត្ត​មនុស្ស​រងា

គាថា “ស្រីហិតោបទេស” ស្តីពី “ការគប់មិត្ត” មានឃ្លា១ សរសេរថា “ពន្លឺត្រជាក់នៃព្រះចន្ទ មិនជាទីពេញចិត្តនៃមនុស្ស រងា…” មានខ្លឹមសារល្អណាស់ សម្រាប់យកមកឆ្លុះមើលតថភាពសង្គម។ ធម្មតាមនុស្សខ្លាចខ្មោច តែងតែមិនចង់ឮភ្លេងស្គរធំ ឬពិណពាទ្យ ឯមនុស្សខ្លាចស្លាប់ តែងតែមិនចង់ឃើញផ្នូរខ្មោច ឬក្តារមឈូស។ យ៉ាងណាមិញ បក្សខ្លាចចាញ់ឆ្នោត តែងតែ មិនពេញចិត្តរបៀបធ្វើការរបស់ គ.ជ.ប ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

យោងតាមន័យត្រង់ “ពន្លឺព្រះចន្ទ មិនពេញចិត្តមនុស្សរងា” មិនពិបាកយល់នោះទេ យើងអាចសួរដូនចាស់ម្នាក់ ដែល គាត់ចាញ់ខ្យល់កត្តិក តែងអង្គុយឱបដៃក្បែរភ្នក់ភ្លើងដែលបង្កាត់មុខផ្ទះ។ ពេលព្រះចន្ទពេញបូណ៌មីរះឡើងចោលពន្លឺដ៏ ស្រទន់នោះ ដូនចាស់មិនពេញចិត្តទេ ដោយសារកាំរស្មីនោះធ្វើឱ្យបរិយាកាសផែនដីកាន់តែត្រជាក់ទៅៗ ប៉ុន្តែ បើបានពន្លឺថ្ងៃ ច្បាស់ជាដូនចាស់កំពុងរងានោះត្រេកអរ។ កងទ័ពព្រះចៅអធិរាជណាប៉ូឡេអុង នៃប្រទេសបារាំង (Napoléon Bonaparte) ចំនួន៦០ម៉ឺននាក់ បានចូលឈ្លានពានប្រទេសរុស្សីុ កាលពីឆ្នាំ១៨១២ ដោយវាយយកបានទីក្រុងមូស្គូ ធ្វើឱ្យស្តេចត្សារ (Tsar) របស់រុស្សីុ ប្រើយុទ្ធសាស្ត្រដកទ័ពថយជាបន្ទាន់ ដោយដុតបំផ្លាញឃ្លាំងស្បៀង និងផ្ទះសម្បែង បណ្តាលឱ្យកងទ័ពបារាំង ដែលដេញតាមនោះ ប្រឈមមុខនឹងអាកាសធាតុត្រជាក់ ធ្លាក់ទឹកកក គ្មានជម្រក កង្វះស្បៀង និងជំងឺ។ ទាហានណាប៉ូឡេអុង ក៏បាក់កម្លាំង ចាញ់រងា ឱបដៃរង់ចាំពន្លឺព្រះអាទិត្យ ប៉ុន្តែ ព្រះអាទិត្យមិនបញ្ចេញកម្តៅឡើយ ខណៈដែលព្រះចន្ទប្រឹងបញ្ចេញពន្លឺដ៏ស្រទន់ ធ្វើឱ្យទាហានចាញ់រងា បាក់ទ័ពទាំងផ្ទាំងៗ និងនៅរស់តែប្រមាណ៣មឺុននាក់ប៉ុណ្ណោះ ដែលរត់ទៅដល់ស្រុកកំណើតវិញ។ ធម្មតាពន្លឺព្រះចន្ទ សម្រាប់តែប្រទេសក្តៅ ឬសម្រាប់កវីនិពន្ធដែលចូលចិត្តប្រើមនោសញ្ចេតនាអណ្តែតអណ្តូង ប៉ុណ្ណោះ ព្រោះគេចង់ផ្តិតទិដ្ឋភាពដ៏ត្រជាក់មនោរម្យ នារាត្រីកាល ដាក់បញ្ចូលក្នុងកំណាព្យ ឬប្រលោមលោករបស់ខ្លួន ប៉ុន្តែ ជាមួយមនុស្សកំពុងរងា ចាត់ទុកពន្លឺព្រះចន្ទ ជាសត្រូវ។

បើបរិយាយតាមន័យធៀប គណបក្សនយោបាយដែលកំពុងត្រៀមប្រកួតគ្នាលើសង្វៀនប្រជាធិបតេយ្យ នាឆ្នាំ ២០១៧- ២០១៨ ខាងមុខនេះ មិនខុសពី “មនុស្សរងា” នោះឡើយ។ បក្សទាំងអស់ កំពុងព្រួយបារម្ភខ្លាចចាញ់ឆ្នោត ក៏ព្យាយាមស្នើ គ.ជ.ប ឱ្យសម្រួលការងារស្នូលឱ្យស្របទៅតាមការចង់បានរបស់បក្សខ្លួន។ មានន័យថា ច្បាប់ គ.ជ.ប មិនខុសពី “ពន្លឺព្រះចន្ទ” ដែល “មនុស្សរងា” មិនពេញចិត្ត ហើយចង់ឱ្យមានកម្តៅថ្ងៃមកជំនួសវិញ។

កន្លងមកយើងឃើញថា បក្សកាន់អំណាច មិនត្រូវការឱ្យអាណិកជនខ្មែររស់នៅប្រទេសក្រៅ បានចុះឈ្មោះបោះឆ្នោតទេ ដោយសារគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិកម្ពុជា ខណៈដែលបក្សប្រឆាំងចង់ឱ្យអាណិកជនខ្មែរនៅប្រទេសទី៣ មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោត។ កាលពីពេលថ្មីៗនេះទៀត បក្សប្រឆាំង បានស្នើទៅ គ.ជ.ប ឱ្យចុះឈ្មោះអ្នកបោះឆ្នោតក្នុងថ្ងៃ ភ្ជុំបិណ្ឌ ប៉ុន្តែ សំណើនេះ គ.ជ.ប បានច្រានចោល ហើយក៏ស្របតាមការចង់បានរបស់បក្សកាន់អំណាច ផងដែរ ដោយលើកឡើងថា ថ្ងៃភ្ជុំបិណ្ឌ ចាំបាច់ត្រូវតែឈប់សម្រាកដើម្បីបានទៅវត្តអារាម ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ភាពប្រតោងប្រទាញគ្នានេះ គឺមកពី “ខ្លាចចាញ់ឆ្នោត” តែម្តង ពោលគឺ បក្សណាក៏ខ្លាចចាញ់ដែរ ដូច្នេះ តួនាទី គ.ជ.ប ដែលចាត់ទុកជាអាជ្ញាកណ្តាលនោះ គួរធ្វើតាមសំណូមពរបក្សកាន់អំណាចខ្លះ តាមបក្សប្រឆាំងខ្លះ តាមអង្គការសង្គមសីុវិលខ្លះ ទើប ល្អ ដើម្បីកុំឱ្យមានការចោទប្រកាន់ថា មានភាពលម្អៀង។ ក្នុងកាលៈទេសៈនេះ គ.ជ.ប ត្រូវប្រឈមមុខធ្ងន់ណាស់ ព្រោះ ខ្លួនជា “ព្រះចន្ទរះបំភ្លឺផែនដី” សម្រាប់តែផ្តល់ភាពកក់ក្តៅដល់សង្សារភក្តី ដែលណាត់ជួបគ្នាក្បែរមាត់បឹង ប៉ុន្តែ ជាមួយមនុស្ស កំពុងរងាឱបដៃកំប្រោននោះ រស្មីព្រះចន្ទបែរជាគ្មានន័យទៅវិញ។

បើ គ.ជ.ប ឬអ្នកនាំពាក្យ គ.ជ.ប ខ្វះការបកស្រាយពន្យល់បង្កប់ពាក្យពីរោះពិសាល្មមស្តាប់បាននោះ ធ្វើឱ្យភាគីកំពុងបារម្ភរឿងចាញ់ឆ្នោត មិនពេញចិត្ត។ ឧទាហរណ៍បើបក្សប្រឆាំង ស្នើឱ្យយកថ្ងៃភ្ជុំបិណ្ឌ សម្រាប់ចុះឈ្មោះបោះឆ្នោតនោះ គួរបកស្រាយយ៉ាងណាឱ្យស្តាប់បាន ងាយយល់ ចៀសវាងការនិយាយថា “ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ អាចប៉ះពាល់ ដល់ឯករាជ្យរបស់ គ.ជ.ប… ធ្វើ៩០ថ្ងៃទៅហើយ រឿងអីថាទៅមិនបាន មិនចាំតែថ្ងៃភ្ជុំឯណា?…”។ ដូច្នេះ គួរប្តូរការលើកឡើងនេះ ដោយពន្យល់ឱ្យល្អិតល្អន់ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ នឹងអាចធ្វើឱ្យអ្នកកំពុងខ្លាចចាញ់ឆ្នោត ទទួលយកបានមិន ខាន ដូចជាពន្យល់ថា បុណ្យកាន់បិណ្ឌ មានរយៈពេល១៥ឆ្នាំ ប៉ុន្តែ ថ្ងៃវេចអន្សម និងថ្ងៃភ្ជុំសែនដូនតា ជាថ្ងៃសំខាន់បំផុត។ រយៈពេល២ថ្ងៃចុងក្រោយនេះ បើអាចលៃលកបាន គួរឱ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃវេចអន្សម ឬថ្ងៃ១៤រោច ព្រោះ ប្តីជាមន្ត្រី គ.ជ.ប ថ្នាក់ឃុំ (CEC) អាចទៅការិយាល័យបាន ដោយទុកប្រពន្ធឱ្យនៅវេចអន្សមឯផ្ទះចុះ។ លុះដល់ថ្ងៃ១៥ រោច ចាំបាច់ត្រូវតែយួរនំអន្សម និងចង្ហាន់ស្រាក់ទៅវត្តទាំងអស់គ្នា ដើម្បីរាប់បាត្រ ឧទ្ទិសកុសលដល់បុព្វការីជន។ លុះពេលរាត្រី ត្រូវរៀបចំសែនដូនតាតាមទំនៀមទម្លាប់ និងស៊ីផឹកជុំបងប្អូន ទៅតាមចំណង់ចំណូលរបស់មនុស្ស។ លុះស្អែកឡើង ថ្ងៃ១កើត ខែអស្សុជ ក៏ត្រូវឈប់សម្រាកដែរ ព្រោះអ្នកស្រវឹងកំពុងជ្រហិតជ្រហមមិនទាន់បាត់។ ដូច្នេះ រយៈពេល២ថ្ងៃ គឺថ្ងៃភ្ជុំបិណ្ឌ និងថ្ងៃបន្ទាប់នោះ សមាជិក គ.ជ.ប ថ្នាក់ណាក៏មិនអាចទៅធ្វើការបានដែរ។ បើចេះពន្យល់របៀបនេះ ច្បាស់ជាអ្នកស្នើទទួលយកបានមិនខាន ប៉ុន្តែ បើ គ.ជ.ប មិនពន្យល់ពីទំនៀមទម្លាប់ខ្មែរ បែរជាយក “ឯករាជ្យរបស់ គ.ជ.ប” មក សង្កត់នោះ ឈ្មោះថា “ពន្លឺព្រះចន្ទ ធ្វើឱ្យអ្នករងាក្តៅក្រហល់ក្រហាយ”។

បើពិចារណារឿងស្នើយកថ្ងៃភ្ជុំបិណ្ឌ សម្រាប់ចុះឈ្មោះបោះឆ្នោតនោះ អាចជាយុទ្ធសាស្ត្រនយោបាយរបស់បក្សប្រឆាំង ក៏ថាបាន ព្រោះមេបក្សប្រឆាំង មិនល្ងង់អីដល់ទៅមិនដឹងថា ថ្ងៃភ្ជុំបិណ្ឌ ខ្មែរយើងត្រូវទៅវត្តទាំងអស់គ្នានោះទេ ប៉ុន្តែ ទំនង គេចង់ស្ទាបស្ទង់គោលជំហរ គ.ជ.ប តើ “កណ្តាល” ឬ “ផ្អៀង” ទើបគេស៊កគន្លឹះនេះឡើង។ បក្សប្រឆាំង អាចមានលេស ចោទប្រកាន់ គ.ជ.ប ថា ធ្វើអ្វីតាមតែបក្សកាន់អំណាចបង្គាប់ បើបក្សប្រឆាំងស្នើ មិនដែលឃើញធ្វើតាម។ ដូច្នេះ កាលៈទេសៈនេះជាអំរែកដ៏ធ្ងន់ដែល គ.ជ.ប ត្រូវរែកពុន ពោលគឺត្រូវធ្វើយ៉ាងណាឱ្យគ្រប់គណបក្ស ទាំងតូច ទាំងធំ ជឿទុកចិត្ត ដោយអនុលោមតាមអ្នកនេះខ្លះ អ្នកនោះខ្លះទៅ ទើបទទួលបានការផ្តល់ពិន្ទុពីតម្លាភាព។ គួរយល់ថា របៀបចុះឈ្មោះបោះ- ឆ្នោតថ្មី តាមកុំព្យូទ័រនោះ គ្រាន់តែមានការព្រមព្រៀងគ្នារវាង គ.ជ.ប និងរាជរដ្ឋាភិបាលប៉ុណ្ណោះ ពុំទាន់លេចចេញជាច្បាប់មាត្រា អនុម័តដោយរដ្ឋសភា នោះទេ។ បើជាច្បាប់ចេញដោយរដ្ឋសភា ត្រូវតែអនុវត្តតាមទាំងស្រុង ប៉ុន្តែ បើត្រឹមជាការព្រមព្រៀងទ្វេភាគី គេអាចរើរុះកែសម្រួល ស្តាប់យោបល់ពីគ្រប់ភាគី លៃយ៉ាងណាឱ្យកិច្ចព្រមព្រៀងនោះអាចទទួល យកបានទាំងអស់គ្នា។ ផ្ទុយទៅវិញ បើ គ.ជ.ប មិនទទួលសំណូមពរពី “អ្នករងា” ទាំងនោះទេ ច្បាស់ជា “ពន្លឺព្រះចន្ទ” គ្មានន័យ ដែលសូម្បីតែកងទ័ពណាប៉ូឡេអុង ដ៏ខ្លាំងពូកែ ធ្លាប់វាយយកបានមួយចំហៀងទ្វីបអឺរ៉ុបនោះ ក៏ទ្រាំមិនបានដែរ។

សរុបទៅ “ពន្លឺព្រះចន្ទ មិនពេញចិត្តមនុស្សរងា” គឺមានន័យយ៉ាងនេះឯង។ ហេតុនេះ ដើម្បីឱ្យមានភាពកក់ក្តៅ គួរតែ គ.ជ.ប បញ្ចេញកម្តៅថ្ងៃខ្លះផង ពោលគឺ ចេះពន្យល់លម្អិតពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ទាក់ទងដល់ពិធីបុណ្យភ្ជុំបិណ្ឌ និង អនុលោមតាមបក្សប្រឆាំងខ្លះ អង្គការសង្គមស៊ីវិលខ្លះ បន្ទាប់ពីមានការព្រមព្រៀងពីរាជរដ្ឋាភិបាល ឬបក្សកាន់អំណាច។ បើអាចធ្វើយ៉ាងនេះបាន មនុស្សរងា នឹងបាត់រងា ពេញចិត្តនឹងព្រះចន្ទរះបំភ្លឺផែនដី នាំមកនូវសិរីសួស្តីដល់សត្តនិករមិនខាន ឡើយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES