Saturday, November 16, 2024
Homeតារាខ្មែរទៀតហើយ!!! លោកអែនឌី ឱបរឹតម៉ាក សែនសូនីតា ក្នុងបទចម្រៀងថ្មី "Crush ធ្វើឲ្យខូចចិត្ត"

ទៀតហើយ!!! លោកអែនឌី ឱបរឹតម៉ាក សែនសូនីតា ក្នុងបទចម្រៀងថ្មី “Crush ធ្វើឲ្យខូចចិត្ត”

ថៅកែស្រីហាង ”ផែសមុទ្រ” ម៉ាក សែនសូនីតា ដែលយកពេលវេលាដើរលេងកម្សាន្ដនៅក្រៅប្រទេស ជាមួយសង្សារថ្មី លោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្ម Angkor Picture នោះ ស្រាប់តែពេលនេះឆ្លៀតឱកាសមកថតបទចម្រៀង Original Songs អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែនឌី បទ ”Crush ធ្វើឲ្យខូចចិត្ត” ដែលមានឈុតជាច្រើនមានឱបរឹតគ្នា តែមិនដល់ថ្នាក់រោលរាលខ្លាំងនោះ ឲ្យបាសរោមច្រូងឡើយ។

នេះជាលើកទី១ហើយ​ ដែលម៉ាក សែនសូនីតា បានចាប់ដៃគ្នាជាមួយលោកអែនឌី ក្នុងការថត MV ខណៈដែលកន្លងមកបុរសសាច់សខ្ចីរូបនេះបានហៅស្រីស្អាតៗទាំងអស់ក្នុងចង្កោមអ្នកសិល្បៈគ្មានចន្លោះប្រហោងតារាណាម្នាក់ឡើយ។

ការលេងឈុតកៀកកើយគ្នារបស់ស្រីស្អាតម៉ាក សែនសូនីតា និងលោកអែនឌី នេះ បញ្ជាក់ថា គូស្នេហ៏តារាសម្ដែងរូបនេះ គឺលោកនីត បានបើកដៃស្រីស្អាតដោយសេរី គ្មានការហួងហែង ឬរំខានដល់អាជីពសិល្បៈរបស់នាងឡើយ បើទោះជាមុននេះមានអ្នកសិល្បៈជាច្រើនបានខ្សឹបប្រាប់ថាលោកថៅកែផលិតកម្មចង់ឲ្យតូតា ផ្អាកពីអាជីពសិល្បៈ ដោយពង្រឹងតែលើការរកស៊ីនៅហាងផែ​សមុទ្រ ដែលគ្រោងនឹងពង្រីកសាខា ដល់ទៅ១២ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ដែលតម្រូវឲ្យមានហាងនេះនៅគ្រប់ខណ្ឌទាំងអស់ក៏ដោយ។

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកអែន ឌី បានឲ្យដឹងថា “ដោយសារតែអត្ថន័យបទចម្រៀងនេះ ត្រូវនឹងតួស្រីដែលមានរូបសម្រស់ និងមុខ Cute ទើបលោកត្រូវតែតម្រូវឲ្យតូតា មកសម្ដែងបទមួយនេះឲ្យខាងតែបាន ដើម្បីឲ្យពេលដែលចេញ MV ទៅ មានការទាក់ទាញ”។

បុរសដែលចូលចិត្តឱបតែស្រីស្អាតៗរូបនេះ ក៏បានឲ្យដឹងថា “បទនេះនឹងចេញជា MV ក្នុងពេលឆាប់ៗនេះហើយ ដែលម្ដងនេះ ទស្សនិកជននឹងប្លែកភ្នែក ព្រោះថានេះជាលើកទី១ ដែលលោកបានចាប់ដៃតូតា មកកៀកកើយគ្នាយ៉ាងយល់ចិត្តនោះ ។

ឆ្លើយតបសំណួរថា តើលោកអែនឌី មានការបារម្ភចំពោះការនាំតូតា​ ទៅកៀកកើយ ត្រូវលោកនីត ប្រចណ្ឌដែរឬអត់នោះ?

តារាមានសំណាងឱបសុទ្ធតែជាស្រីស្អាតសាច់សខ្ចីនោះ បានអះអាងថា លោកមិនយល់ដូចច្នេះឡើយ ព្រោះថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ហើយតូតា មានសមត្ថភាពល្អគួរឲ្យចាប់អារម្មណ៍។

ម៉ាក សែនសូនីតា លេចធ្លោទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នា នាពេលចុងក្រោយនេះ ហើយនាងហ៊ឺហាដល់កំពូល ដោយជិះរថយន្ដទំនើប Lexus LS 570 តម្លៃ១៧ម៉ឺនដុល្លារទៀតផង។ យ៉ាងណា ភាពហ៊ឺហារបស់តូតា នៅពេលនេះ ធ្វើឲ្យមានការខ្សឹបខ្សៀវពេញក្នុងចង្កោមអ្នកសិល្បៈថា មិនមែនជាការជួយជ្រោមជ្រែងរបស់លោកនីត ដែលជាសង្សារថ្មីនាងឡើយ ។

ប្រភពបានឲ្យដឹងថា តូតា មានថៅកែៗដែលជាអ្នកជំនាញរកស៊ីធំជាច្រើនតាមថ្ពក់បេះដូងស្រីក្មេងរូបនេះ ហើយលោកវិបូរ ហាក់មិនខ្វល់ខ្វយអ្វីទាំងអស់ សំខាន់លោកគិតតែពីប្រឹងរកស៊ីជាមួយតូតា ដើម្បីសម្រេចបំណងធំ គឺការគ្រោងចំណាយទុនជិត៦០ម៉ឺនដុល្លារ ដើម្បីដំណើរការហាងផែសមុទ្រ ឲ្យបាន១២ទីតាំង ដូចគម្រោង។

ម៉ាក​សែនសូនីតា ប្រាប់ថា “នាងមិនទាន់គិតគូរដល់ពេលវេលារៀបការឡើយ ព្រោះនាងនៅក្មេងណាស់ ហើយមានមហិច្ឆតាជាច្រើនទៀតដែលមិនទាន់បានសម្រេចនៅឡើយ ហេតុនេះហើយអ្នកដែលស្រលាញ់នាង គឺពិបាកបន្ដិច ព្រោះថាបំណងនាងធំធេងពេក”។

ដោយឡែក រឿងស្នេហាជាមួយសង្សារចាស់ ប្រុសក្មេងទឹម នីដា នោះវិញ តូតា លែងរំលឹកទៀតហើយ ព្រោះខ្លាចប៉ះពាល់អារម្មណ៍ដល់សង្សារថ្មី៕

RELATED ARTICLES