Saturday, May 18, 2024
Homeនយោបាយចង់ដឹង សាកមើល !

ចង់ដឹង សាកមើល !

បុរសមួយចំនួនទ្រាំនៅកំលោះចាស់ អាយុ៤០ប្លាយទៅហើយ នៅតែមិនព្រមយកប្រពន្ធ ក៏មានការរិះគន់ថា មកពី គាត់ “ខ្ទើយ” អត់កើតការអី ឬ “បាត់បង់សមត្ថភាពផ្លូវភេទ” បានជាកំសាកញី។ ជាការឆ្លើយតបវិញ កំលោះចាស់នោះ ក៏ប្រាប់ទៅអ្នករិះគន់ ឬនារីណាដែលចំអកឱ្យគាត់នោះថា “ចង់ដឹង សាកមើល!” តែក៏គ្មាននារីណាហ៊ានឱ្យសាកងាយៗ នោះដែរ វៀរលែងតែស្រីលក់ខ្លួន។ ឥឡូវរឿងនយោបាយ ក៏មានអ្នកគាំទ្រ ក៏ដូចជាមន្ត្រីបក្សកាន់អំណាច និយាយថា “ពួក ប្រឆាំង កំពុងបែកបាក់គ្នា” ប៉ុន្តែ លោកជាម ច័ន្ទនី អតីតតំណាងរាស្ត្របក្សប្រឆាំង ប្រតិកម្មថា

ចង់ដឹង សាកមើល!” ដែល “នគរធំ” ក្តាប់សម្តីនេះបាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ ពួកប្រឆាំងនៅក្រៅស្រុក បានខ្វែងគំនិតគ្នាពីរឿងភាគីម្ខាង គ្រោងលើកកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ឱ្យឡើងស្នងតំណែងឪពុក ឯភាគីម្ខាងទៀត ជំទាស់។ បន្ទាប់មក ក៏មានការខ្វែងគំនិតគ្នា ពាក់ព័ន្ធ ដល់ការច្របាច់បញ្ចូលគ្នារវាងក្រុមសាខាបក្សសង្គ្រោះជាតិ នៅអាមេរិក (CNRP U.S.A) និងក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ នៅអាមេរិកខាងជើង (CNRP NA)។ រឿងនេះបណ្តាលឱ្យអ្នកគាំទ្របក្សកាន់អំណាច លើកឡើងថា ជា “ព្យុះក្នុងក្អម” ខ្លះទៀតថា “ពួកប្រឆាំងបែកបាក់គ្នា រត់ចោលស្រុកទៅហើយ នៅតែខាំគ្នាមិនឈប់”។ ប៉ុន្តែ លោកជាម ច័ន្ទនី អតីតតំណាងរាស្ត្រ CNRP ដែលត្រូវតុលាការកំពូលដកសិទ្ធិធ្វើនយោបាយ ក្នុងចំណោមមន្ត្រីបក្សប្រឆាំង ១១៨នាក់នោះ បញ្ចោញប្រតិកម្មថា “ការពិតទៅ បញ្ហានេះមិនមែនទើបតែមានឥឡូវទេ បញ្ហានេះវាមានតាំងពីដើមមក ពីព្រោះនៅក្នុងគណបក្ស ដែលកាន់នូវគោលការណ៍ប្រជាធិបតេយ្យ គឺថា យើងមានសិទ្ធិនឹងនិយាយ សិទ្ធិនឹងបញ្ចោញមតិ សិទ្ធិនឹងការរិះគន់ ស្ថាបនា ហ្នឹង”។ អតីតមន្ត្រីបក្សប្រឆាំងរូបនេះ បានបន្តទៀតថា អ្នកប្រជាធិបតេយ្យ តែងតែខ្វែងគំនិតគ្នាជារឿងធម្មតា ជាពិសេស លោកបញ្ជាក់ថា “ខាងណាធ្វើអីខុស ខាងណាចេញយោបល់មក ខាងនោះចេញយោបល់វិញមក វាគ្រាន់តែរឿងប៉ុណ្ណឹងទេ។ វាមិនអាចចាត់ទុកជារឿងផ្ទៃក្នុងអីមានស្ថានភាពដុនដាប មានស្ថានភាពវិបត្តិផ្ទៃក្នុងអី គឺគ្មានទេ ហើយបើមិនជឿ សាក មើលទៅ សាកត្រង់ថា ឱ្យមកភាពដើមវិញមក ដាក់ឱ្យមានការបោះឆ្នោតឡើងវិញមក បើថាវាបែកបាក់ផ្ទៃក្នុងអស់ហើយ…”។

សម្តី “មន្ត្រីនក” ឬ មន្ត្រីអស់តំណែងរូបនោះ អ្នកតាមដាននយោបាយក្តាប់បានចំណុចសំខាន់ត្រង់ “បើមិនជឿ សាក មើលទៅ!” ឬ “ចង់ដឹង សាកមើល!” នេះឯង ព្រោះបើពួកប្រឆាំងបែកបាក់គ្នាខ្ទេចខ្ទាំទៅហើយ ឱ្យសាកចូលរួមក្នុងការបោះឆ្នោតទៅ ខ្លាចអី! ដែលមិនខុសពីកំលោះចាស់អាយុជាង៤០ឆ្នាំ ខឹងគេថាខ្ទើយ ក៏ប្រាប់ថា “ចង់ដឹង សាកមើលទៅ!”។

បន្ទាប់ពីបានអានអត្ថបទសារព័ត៌មាន “នគរធំ” ដែលបានដកស្រង់សម្តីលោកជាម ច័ន្ទនី ពាក់ព័ន្ធនឹងករណី “ចង់ដឹង សាកមើល!” នេះ ក៏មានតាៗញៀនកាហ្វេ លើកយកទៅពិភាក្សា អស់ទឹកតែពីរបីប៉ាន់។ តាម្នាក់ គាំទ្របក្សកាន់អំណាច និយាយ ថា “ឱ្យសាកមិនកើតទេ ព្រោះជារឿងនយោបាយ បើឱ្យសាកដដែល គេខំប្តឹងរំលាយបក្សប្រឆាំងធ្វើអី?”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាចដូចគ្នា បន្ទរតាមថា “គ្មានរឿងចង់សាកស្អីទេ ទុកឱ្យពួកហ្នឹងខាំគ្នាទៀតទៅ!”។ ចំណែកតាម្នាក់ធ្លាប់ជា សកម្មជនបក្សប្រឆាំង បាននិយាយថា “បើថាពួកប្រឆាំងបែកបាក់គ្នាទៅហើយ ខ្លាចអីឱ្យសាក! គួរតែបើកផ្លូវឱ្យមានភាព ប្រក្រតីវិញទៅ ទោះជាបោះឆ្នោតក៏មិនឈ្នះ CPP ដែរ ព្រោះ CNRP បែកបាក់គ្នា”។

ការឆ្លើយឆ្លងគ្នានេះ គ្មានបានការអ្វីទេ ពោលគឺអ្នកមាននិន្នាការប្រឆាំងថា “ចង់ដឹង សាកមើល!” ចំណែកអ្នកគាំទ្រ បក្សកាន់អំណាច ថា “ឱ្យសាកមិនកើតទេ!”។ បើវិភាគឱ្យល្អិតល្អន់ទៅ ពួកប្រឆាំង ទោះជាបែកបាក់គ្នា ក៏នៅតែមាននិន្នាការ ប្រឆាំងដដែលហ្នឹង ដូចអ្វីដែល “នគរធំ” ធ្លាប់លើកយកសុភាសិតបារាំង មកបរិយាយពី “១+១=១”។ ប្រវត្តិសាស្ត្របង្ហាញ ថា ពួកឥស្សរៈ ធ្វើសកម្មភាពប្រឆាំងបារាំង ចែកជាក្រុមព្រះអង្គម្ចាស់នរោត្តម ច័ន្ទរង្សី ក្រុមលោកប៊ុណ្ណ ច័ន្ទម៉ុល ក្រុមដាបឈួន ក្រុមអាចារ្យយី មិនដែលស្រុះស្រួលគ្នាទេ ប៉ុន្តែ ក្រុមទាំងនោះ ប្រឆាំងបារាំងដូចគ្នា។ យ៉ាងណាមិញ ពួកប្រឆាំង សព្វថ្ងៃ ដែលចែកជាខ្សែសម រង្ស៊ី ខ្សែកឹម សុខា ខ្សែប្រឆាំងនៅសហរដ្ឋអាមេរិក នៅអាមេរិកខាងជើងជាដើម ទោះជា មានការខ្វែងគំនិតគ្នា ក៏ទិសដៅពួកគេ គឺ “ប្រឆាំងរាជរដ្ឋាភិបាល” ឬប្រឆាំងបក្សកាន់អំណាច។

ចំពោះរឿង “ចង់ដឹង សាកមើល!” ដូចអ្វីដែលលោកជាម ច័ន្ទនី និយាយនោះ ប្រហែលជាបក្សកាន់អំណាច “មិនល្ងង់អី ឱ្យសាកងាយៗនោះទេ!” ព្រោះធ្លាប់ស្រៀវឆ្អឹងខ្នង២ដងរួចមកហើយ កាលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៥ ពួកប្រឆាំងរញ៉េរញ៉ៃ ខ្វែងគំនិតគ្នាសម្បើម ដឹងអី! ស្រាប់តែបានកៅអីតំណាងរាស្ត្រ ចំនួន៥៥ ចែកគ្នាអង្គុយព្រងើយ។ លុះដល់ បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ពួកប្រឆាំងក៏រញ៉េរញ៉ៃដែរ ដោយកាលនោះមានចលនាចុះចូលបក្សកាន់អំណាច ជាបន្តបន្ទាប់ បង្ហាញនូវភាពបែកបាក់គ្នា ដឹងអី! ស្រាប់តែបក្សប្រឆាំង ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០ និងកៅអីក្រុមប្រឹក្សា ជាង៥០០០ ទៅចែកគ្នាអង្គុយព្រងើយ។

ឥឡូវពួកប្រឆាំងបែកបាក់គ្នាស្ទីលតែមួយ បើបក្សកាន់អំណាចហ៊ានឱ្យសាក ដោយអនុញ្ញាតឱ្យ CNRP ដំណើរការដូចដើម និងសុំស្នើព្រះមហាក្សត្រ ព្រះរាជទានការលើកលែងទោសឱ្យបុគ្គល១១៨រូប បានចូលប្រឡូកក្នុងឆាកនយោបាយឡើង វិញ និងចូលរួមក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ ជួនកាលអាចធ្វើឱ្យ CPP ស្រៀវឆ្អឹងខ្នងមួយសា ទៀត។ អ៊ីចឹងរឿងដែលលោកជាម ច័ន្ទនី “សុំសាក” នោះ គ្មានអ្នកណាល្ងង់ឱ្យសាកនោះទេ ព្រោះអារឿងសាកនេះ រងគ្រោះ ដល់ជីវិតក៏មានដែរ ដូចរឿងពិតមួយដែលលោកប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈប្រឆាំងបារាំង បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” ថា កាលនោះ ពួកឥស្សរៈ មានទាំងព្រះសង្ឃផង សុទ្ធតែអួតអាងថា ខ្លួនមានមន្តអាគមខ្លាំងពូកែ កាប់មិនមុត ដុតមិនឆេះ។ ពេលនោះ មានលោកសង្ឃមួយអង្គបានឱ្យគេសាកបាញ់ ដោយព្រះអង្គគង់លើគ្រែ ហើយឱ្យអ្នកបាញ់វាស់៧ កាំភ្លើង យកចម្ងាយ ដើម្បីបាញ់។ ទោះជាលោកប៊ុណ្ណ ច័ន្ទម៉ុល ឃាត់យ៉ាងណា ក៏ព្រះសង្ឃអង្គនោះ ប្រាប់ថា “អាត្មាមាន មន្តអាគមខ្លាំងពូកែណាស់ បាញ់សាកមើលចុះ!” ដោយឃាត់មិនស្តាប់ អ្នកឃាត់នោះ ក៏ឈរមើល ខណៈដែលលោកសង្ឃ គង់វាយភ្នែនលើគ្រែ តាំងសមាធិ ឯអ្នកកាន់កាំភ្លើងការ៉ាប៊ីន ក៏ចង់ដឹងឥទ្ធិពលមន្តអាគម ប្រឹងតម្រង់ រួចគាស់កៃផាំង! មានអី! លោកសង្ឃអង្គនោះ ដួលប្រកាច់លើគ្រែ ដកចង្កាមាន់បានពីរបីង៉ឺត ក៏សុគតទៅ។

ដូច្នេះយើងឃើញថា រឿងអួតអាងមន្តអាគមកាប់មិនមុត ដុតមិនឆេះ ប្រឡាក់ផេះមិនស្អុយ បាញ់មិនចេញនោះ បាន ត្រឹមរងគ្រោះអ្នកអួត។ យ៉ាងណាមិញ រឿងអាងថា មានប្រជាពលរដ្ឋគាំទ្រភ្លូកទឹកភ្លូកដី និងមើលឃើញពួកប្រឆាំងកំពុង បែកបាក់គ្នានោះ បក្សកាន់អំណាចទំនងជា “មិនហ៊ានឱ្យសាកទេ”។ យើងធ្លាប់បរិយាយរួចមកហើយ ពីរឿងក្របីព្រៃឡើងក ២ក្បាល ជល់គ្នាខ្ទេចវាលស្មៅ លុះឃើញសិង្ហតោដើរទៅជិត ស្រាប់តែក្របីឈប់ជល់ ដោយងាកក្បាលទៅតទល់ជាមួយតោ ដែលជាសត្រូវសួពូជរបស់ក្របី។ បក្សកាន់អំណាច ដែលប្រឹងប្រែងធ្វើវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” ឈាន ដល់ការប្តឹងផ្តល់ “រំលាយគណបក្សសង្គ្រោះជាតិ” និងប្រកាសថា “ទាល់តែសេះដុះស្នែង ទើប CNRP រស់វិញ” នោះ មិន ល្ងង់អីឱ្យគេសាកនោះទេ។

សរុបទៅ “ចង់ដឹង សាកមើល!” ជាសម្តីកំលោះចាស់មិនព្រមយកប្រពន្ធ ចំអកឱ្យនារីដែលរិះគន់គាត់នោះ ច្បាស់ជានារី នោះ មិនហ៊ានឱ្យសាកទេ។ ចំណែកការបោះឆ្នោតយកអំណាច ក៏ឱ្យសាកមិនកើតដែរ គឺវាមិនដែលរំលាយចោលទៅហើយ បើកឱ្យបង្កើតឡើងវិញ បានចូលរួមបោះឆ្នោតនោះ ច្បាស់ជាបក្សកាន់អំណាច ច្រានចោលមិនខាន។ ប៉ុន្តែ បើបក្សតូចៗ ឯទៀត ទោះជាមានដល់១០០គណបក្ស ចង់សាក អត់បញ្ហាទេ ប៉ុន្តែ បើ CNRP សុំរស់វិញសាកមើលនោះ ប្រាកដជា ទៅមិនរួចទេ៕

ដោយ អាចារ្យថាំ

RELATED ARTICLES