Saturday, November 16, 2024
Homeតារាខ្មែរសុីន យូប៊ីន ធ្លាយដំណឹងស្នេហ៍

សុីន យូប៊ីន ធ្លាយដំណឹងស្នេហ៍

បន្ទាប់ពីទទួលបានពានជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៧ តារាភាពយន្តរូបស្រស់ កញ្ញាស៊ិន យូប៊ីន កាន់តែដណ្តើមបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ប៉ុន្តែទន្ទឹមនឹងនោះ តាមដំណឹងថា នាងកំពុងពិសោធស្នេហ៍ជាមួយតារាសម្តែងរូបសង្ហា លោកខាត់ វ៉ៃហាំង…។

អតីត Freshie girl លេខ1 ប្រចាំឆ្នាំ2013 កញ្ញាស្រីដែន ហៅស៊ិន យូប៊ីន ដណ្តើមបានភាពលេចធ្លោនាពេលចុងក្រោយនេះ ជាពិសេស បន្ទាប់ពីបានពានជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ2017 ដែលនាងទទួលបានឱកាសសម្តែងភាពយន្តតួឯកជាបន្តបន្ទាប់។ ជាក់ស្តែងមកទល់ពេលនេះ នាងថតភាពយន្តបានជាង10រឿងមកហើយ ហើយភាគច្រើនជាភាពយន្តដែលទទួលបានការគាំទ្រពីទស្សនិកជន ទាំងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំ។

ទន្ទឹមនឹងមានសន្ទុះកាន់តែលេចធ្លោនៅក្នុងសង្គមសិល្បៈ យូប៊ីន បានប៉ះនឹងដំណឹងស្នេហាជាបន្តបន្ទាប់ ដោយល្បីថា មានបុរសចម្រុះឋានៈជាច្រើន តាមចោមស្នេហ៍ មានទាំងអ្នកជំនួញ មន្ត្រីធំ និងឧកញ៉ា ជាដើម ហើយយូប៊ីន ក៏ធ្លាប់សារភាពថា ពិតជាមានបុរសជាច្រើនតាមថ្ពក់ស្នេហ៍នាងមែន។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ មានលេចជ្រាបដំណឹងពីចង្កោមអ្នកសិល្បៈថា ស្រីស្អាតយូប៊ីន កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងត្រជាក់ល្ហឹម ជាមួយតារាសម្តែងរូបសង្ហា លោកខាត់ វ៉ៃហាំង ដែលពួកគេបានពិសោធស្នេហ៍មួយរយៈធំមកហើយ ដោយក្រុមគ្រួសាររបស់ពួកគេក៏បានដឹងឮផងដែរ។

ស្របពេលលេចធ្លាយដំណឹងនេះ កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 ក្នុងទិវានៃក្តីស្រលាញ់ យូប៊ីន បានបែកធ្លាយរូបភាពនៅលើបណ្តាញសង្គម ជាមួយសកម្មភាពផ្អែមល្ហែម ដោយបុរសសង្ហា ខាត់ វ៉ៃហាំង ជូនបាច់ផ្កា បញ្ជាក់ពីក្តីស្រលាញ់ ខណៈដែលអ្នកគាំទ្ររបស់ពួកគេជាច្រើន ចូលរួមត្រេកអរ និងជូនពរឱ្យស្នេហារបស់អ្នកទាំង2 កាន់តែផ្អែមល្ហែម និងរឹងមាំទៀតផង។

តាមប្រភពថា ក្តីស្រលាញ់រវាងយូប៊ីន និងវ៉ៃហាំង បានផ្តើមឡើងដោយចិត្តនិងចិត្ត ហើយចាស់ទុំទាំងសងខាងក៏ចង់ឱ្យពួកគេក្លាយជាដៃគូរួមខ្នើយ ក្នុងពេលឆាប់ៗផងដែរ ខណៈចំណងមេត្រីស្នេហ៍របស់ពួកគេកាន់តែស្អិតល្មួត។

ស្រីស្អាតស៊ិន យូប៊ីន និងលោកវ៉ៃហាំង មិនអាចទាក់ទងសុំការបកស្រាយបានទេ ចំពោះដំណឹងនេះ ហើយយើងនឹងរង់ចាំការបំភ្លឺពីអ្នកទាំងពីរជានិច្ច។

យូប៊ីន ធ្លាប់អះអាងថា ក្នុងចំណោមបុរសៗសម្បូរទ្រព្យដែលតាមចែចង់នាងកន្លងមក នាងមិនធ្លាប់ផ្តល់ក្តីសង្ឃឹមឱ្យបុរសណាម្នាក់ទេ។ ជាពិសេស បុរសដែលចង់ប្រើនុយធំស្ទូចបេះដូងនាង ពោលគឺ នាងមិនយកសិល្បៈធ្វើឈ្នាន់ ឬទទួលការជ្រោមជ្រែងពីបុរសណាម្នាក់ក្នុងផ្លូវស្នេហានោះទេ។

យូប៊ីន បន្តថា នាងចង់បានស្នេហាមួយ ដែលពិតប្រាកដដោយមិនគិតរឿងទ្រព្យជាធំ ហើយពេលនាងជួបស្នេហាពិតប្រាកដ នាងនឹងលាតត្រដាងជាចំហ។

តាមប្រភពថា យូប៊ីន មិនហ៊ានលាតត្រដាងរឿងស្នេហ៍នៅអំឡុងពេលនេះទេ ព្រោះខ្លាចប៉ះពាល់អាជីពសិល្បៈ ដែលកំពុងស្ទុះឡើង ហើយក្រោយពេលបែកធ្លាយដំណឹងស្នេហ៍ជាមួយលោកខាត់ វ៉ៃហាំង បានធ្វើឱ្យបុរសៗអ្នកមានជាច្រើនខកចិត្តស្តាយស្នេហ៍នាង។

អ្នកសិល្បៈនិយាយថា មានបុរសៗអ្នកមានជាច្រើន ដែលចង់ចិញ្ចឹមជ្រោមជ្រែងយូប៊ីន ហើយបើនាងព្រមទទួលស្នេហ៍លោតឆត្រនោះ ត្រឹមរថយន្តទំនើប វីឡាប្រណីត នាងនឹងទទួលបានដោយមិនចាំបាច់នឿយហត់ ពោលគឺមានបុរសខ្លះហ៊ានចំណាយលើនាង ដោយមិនស្តាយ ដោយសារតែចង់បាននាងថ្នាក់ថ្នម។ ប៉ុន្តែយ៉ាងណា យូប៊ីន មិនចង់ធ្វើជំទាវលាក់មុខនោះទេ ខណៈដែលនាងមានវ៉ៃហាំង ជាម្ចាស់ស្នេហ៍សំណព្វចិត្តទៅហើយ។

មជ្ឈដ្ឋានជាច្រើនបានលើកសរសើរចំពោះតារាភាពយន្តយូប៊ីន ដែលមានរូបស្រស់លេចធ្លោនៅក្នុងសង្គមសិល្បៈ តែមិនលក់សម្រស់ដើម្បីភាពហ៊ឺហានោះទេ។ យូប៊ីន កំពុងក្លាយជាតារាសម្តែងលំដាប់ជួរមុខមួយដួង ហើយតម្លៃខ្លួនរបស់នាងក៏កាន់តែឡើងខ្ពស់ផងដែរ។

អ្នកគាំទ្រយូប៊ីន និងវ៉ៃហាំង ចង់ឱ្យស្នេហាតារាមួយគូនេះកាន់តែរឹងមាំ ហើយចង់ឃើញពួកគេចូលរោងការ កសាងសុភមង្គលរួមគ្នាក្នុងពេលឆាប់ៗទៀតផង៕

RELATED ARTICLES