តារាចម្រៀងអ្នកមេម៉ាយឡើងកូដ ពេជ្រ សោភា ដែលបរាជ័យស្នេហ៍ប្រុសអាមេរិក ២លើកផ្ទួនៗគ្នានោះ បានប្រកាសថា នាងសុំបិទបេះដូងរឿងស្នេហ៍ប្រុសនៅក្រៅប្រទេសហើយ ព្រោះមិនចង់ដំបៅបេះដូងជាលើកទី៣។
ការថ្លែងបែបនេះ បន្ទាប់ពីមានប្រុសស្វីសម្នាក់ ជិះយន្តហោះមកស្កាត់ជួបសុំស្នេហ៍អ្នកនាងពេជ្រ សោភា តែម្ចាស់បទ “បីឆ្កែទៅរាំ” នេះ បានគេចមុខចេញមិនព្រមសាសងស្នេហាឡើយ…។
ពេជ្រ សោភា បានធ្លាក់ខ្លួនជាតារាចម្រៀងមេម៉ាយទាំងតូចចិត្ត នៅពេលដែលខំក្រាបផ្ទឹមក្បាលដល់កន្ទេលជាមួយប្រុសខ្មែរ នៅអាមេរិក លោកឡៅ ឆលី កាលពីដើមឆ្នាំ2015 នោះ តែចំណងស្នេហ៍នោះមានអាយុមិនដល់1ឆ្នាំផង ក៏ចែកផ្លូវគ្នាដើររៀងៗខ្លួន នាំឱ្យសោភា ខ្មាសអតីតគូដណ្តឹងនៅអាមេរិក ជាប្រុសសង្ហាម្នាក់ ដែលប្រេះឆាជាមួយនាងទាំងចម្រូងចម្រាសនោះជាខ្លាំង និយាយមិនចេញឡើយ ព្រោះថា នាងហាក់ដូចជាមិនកាក់កបជាមួយប្រុសអាមេរិក ទាល់តែសោះ។
ប្រភពបានឱ្យដឹងថា ការដំបៅបេះដូង2លើកជាប់គ្នានេះ នាំឱ្យអ្នកចម្រៀងរស្មីហង្សមាស រូបនេះញ៉ាកតែម្តង ពេលដែលឮមានប្រុសក្រៅប្រទេស មកសុំស្នេហាជាលើកទី3នោះ ព្រោះសោភា មិនចង់ដំបៅបេះដូងជាថ្មីទៀតឡើយ ដោយសារតែខ្លាចជួបស្នេហាបោកប្រាស់។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ពេជ្រ សោភា បញ្ជាក់ថា រឿងនោះ គឺជាការពិត នាងរាងហើយប្រុសក្រៅស្រុក គឺលែងចាប់អារម្មណ៍អើពើតែម្តង។
អ្នកមេម៉ាយរូបនេះថ្លែងថា “ខ្ញុំសុំលែងហើយបុរសក្រៅស្រុក ខ្ជិលណាស់ អត់ចង់បានទៀតទេ។ និយាយទៅ មានអ្នកទាក់ទងសុំស្រលាញ់យើងដែរ តែខ្ញុំមិនចង់បានអ្នកនៅក្រៅស្រុកទេ ខ្លាចដូចមុន នាំតែពិបាក”។
វាចារបស់ពេជ្រ សោភា នៅពេលនេះបញ្ជាក់ថា នាងសុំបិទបេះដូងប្រុសអាមេរិក ត្រឹមឆ្នាំ 2018នេះហើយ បើទោះជាបុរសនោះមានរូបរាងសង្ហាវ័យក្មេងយ៉ាងណាក៏ដោយ ក៏នាងមិនទុកចិត្ត និងប្រថុយដូចមុនទៀតដែរ ព្រោះខ្លាចប៉ះចំស្នេហ៍បោកប្រាស់ នាំឱ្យនាងធ្លាក់ខ្លួនមេម៉ាយជាលើកទី3។
ទោះជាយ៉ាងណា តាមព័ត៌មានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានអាណិកជនខ្មែរ នៅបរទេស តែមិនមែននៅអាមេរិកឡើយ គឺនៅប្រទេសស្វីស បានហោះមកស្កាត់ជួបសោភា ដើម្បីសាសងសុំស្នេហ៍ដោយផ្ទាល់យ៉ាងអន្ទះសាតែម្តង។ ប៉ុន្តែ គួរឱ្យស្តាយ ដោយសារដំបៅបេះដូងមិនទាន់ជាដូចដើម ទើបធ្វើឱ្យសោភា មិនត្រឹមតែខ្លាចប្រុសអាមេរិក នោះទេ តែសូម្បីតែប្រុសស្វីសនោះ ក៏នាងមិនទុកចិត្តទៀត ទើបធ្វើឱ្យនាងគេចចេញយ៉ាងប្រញាប់ពីការសុំស្នេហ៍ផ្លេកបន្ទោរនោះ ហើយចុងក្រោយ ធ្វើឱ្យប្រុសនោះហោះទៅស្វីស វិញទាំងខកចិត្ត។
ពេជ្រ សោភា បានឱ្យដឹងទៀតថា “រឿងហ្នឹងជាការពិតមែន ខ្ញុំមិនលាក់ទេ និយាយឱ្យត្រង់ទៅ គាត់មកពីស្វីស ចង់ជួបយើង។ គាត់ (ប្រុសស្វីស) មានការនិយាយជាមួយយើង តែខ្ញុំមិនបានជួបគាត់ទេ ពេលដែលដឹងថា គាត់រង់ចាំនៅពេលដែលខ្ញុំច្រៀងនៅក្លឹបមួយ នៅក្បែរអតីតរោងកុនគិរីរម្យ នោះ។ មិត្តភក្តិគាត់នៅស្រុកខ្មែរ សុទ្ធតែជាអ្នកមានមុខមាត់ខ្ពស់ៗដែរហ្នឹង។ និយាយទៅ មិនមែនថាបុរសក្រៅស្រុកមិនល្អទាំងអស់ទេ មានល្អច្រើន តែខ្ញុំដូចជាមិនដែលគិតថា ចង់ជ្រើសយកអ្នកក្រៅស្រុកទៀតទេ អ៊ីចឹងហើយបានជាមិនបានជួបគាត់ហ្នឹង។ ខ្ញុំមិនចង់ជួបដូចរឿងចាស់ទៀតទេ ខ្ញុំចង់សម្រាករឿងស្នេហាហ្នឹងសិនចុះ ប្រឹងធ្វើបទចម្រៀងវិញល្អជាង”។
ទោះជាពេជ្រ សោភា ថានាងចង់ទុកបេះដូងឱ្យនៅទំនេរ ដើម្បីព្យាបាលវាឱ្យជាសះស្បើយវិញក្តី តែពេលនេះ នាងកាន់តែបង្ហាញភាពល្អូកល្អិនស្នេហ៍ជាមួយបុរសសង្ហា លោកឆឹម សក្កដា ដូចប្តីប្រពន្ធអ៊ីចឹង ទោះជាកន្លងមកលេចឮថា ពួកគេបានសម្តែងល្ខោនស្នេហ៍ ដើម្បីបំភ័ន្ឌភ្នែកមហាជនក៏ដោយ។
ពេជ្រ សោភា បានដឹកដៃសក្កដា ថតភាពយន្តឱ្យប៉ុស្តិ៍ហង្សមាស រួមគ្នា គឺរឿង “បិសាចគួរឱ្យស្រលាញ់” ដើម្បីឱ្យប្រុសក្មេងកាន់តែល្បីថែមទៀត តែនាងថា គ្មានគម្រោងអន្តរាគមន៍យកសក្កដា ចូលហង្សមាស ឡើយ។
ប្រភពបានឱ្យដឹងថា ចំណងស្នេហ៍ខុសវ័យនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងទទួលស្គាល់អស់ទៅហើយ តែនៅពេលសួរដល់រឿងចូលរោងការនោះ អ្នកចម្រៀងរូបនេះបែរជាស្រែកញ៉ាញទៅវិញថា នាងមិនប្រញាប់ទៅណាលឿនពេកទេ គឺនៅស្វែងយល់ចិត្តគ្នាឱ្យអស់ចិត្តសិន ចៀសវាងជួបបញ្ហាដូចលើកមុនៗទៀត។
ពេជ្រ សោភា ដែលអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំ2017 ល្បីបទ “ឆ្កែរត់បុកប៉ោត” ក្រោយពេលត្រូវសម្តេចតេជោ ហ៊ុន សែន សរសើរនោះ ស្រាប់តែពេលនេះបានចេញបទថ្មីមួយទៀត សម្រាប់បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ 2018 គឺបទ “បីឆ្កែទៅរាំ” តែគេមិនដឹងថា បទនេះមានសន្ទុះខ្លាំង ឬខ្សោយជាងបទមុនៗឡើយ ស្របពេលដែលតារាចម្រៀងរូបនេះបានបែកផ្លូវដើរជាមួយងួន ចាន់ដេវីត ហើយងាកទៅចាប់ដៃគូជាមួយប្រុសក្មេង Step វិញម្តង ដែលធ្វើឱ្យទីផ្សារចម្រៀងនាងកាន់តែហក់ឡើងខ្ពស់ជាងមុនទៅទៀត ជាមួយនិងការបង្ហាញខ្លួនលើឆាកតន្ត្រីធំៗជាច្រើន ទើបធ្វើឱ្យសោភា រកប្រាក់បានជាច្រើនម៉ឺនដុល្លារ ក្នុង1ឆ្នាំៗ ហើយសូម្បីតែពាក់ស្បែកជើង1គូ មកពីអាមេរិកនោះ មានតម្លៃជិត5ពាន់ដុល្លារ បន្ថែមពីលើនាឡិកាដៃ ម៉ាក Rolex 1គ្រឿង តម្លៃជិត3ម៉ឺនដុល្លារទៀត ទើបធ្វើឱ្យតារាវ័យក្មេងមួយចំនួនពិបាកប្រជែងសម្ភារជាមួយអ្នកមេម៉ាយឡើងកូដរូបនេះ…៕