តារាចម្រៀងស្រីផលិតកម្មសាន់ដេ កញ្ញាសេន យូរី ហៅយូរី បានដឹកដៃសង្សារថ្មី វ័យក្មេង Bmo Trapz ឡើងឆាកច្រៀងលើឆាកតន្ដី្រ ”ខារ៉ាបាវ Spark Concert 2018” កាលពីថ្ងៃអាទិត្យ ទី០៤ ខែមីនា នៅមជ្ឈមណ្ឌលកម្សាន្ដស្ប៉ាកនោះ អ្នកចម្រៀងសាន់ដេ រូបនេះ និងគូស្នេហ៍ លេងក្បច់រាំយ៉ាងរស់រវើកអង្រួនពេញឆាកតន្ដី្រតែម្ដង។
យូរី ដែលបាក់មុខខ្លាំងក្រោយធ្លាយរឿងអាស្រូវស្នេហាស្រើបស្រាល ហើយបោះបង់សង្សារចាស់ លោករ៉េត ទៅឱបប្រុសក្មេង Bmo នោះ បានច្រៀងបទរបស់ខ្លួន ជាមួយគូស្នេហ៍ មានដូចជា បទ ”កំលោះ៣៣”, ”ស្មោះបានអី?”, ”ទឹកហូរក្រោមស្ពាន” និងបទ ”ចង់ទៅណា?”។ មានការគាំទ្រមធ្យមចំពោះអ្នកចម្រៀងដែលមានរូបរាងដូចកូរ៉េរូបនេះ តាំងពីនាងប៉ះរឿងអាស្រូវស្នេហ៍មក តែគេក៏មានការចាប់អារម្មណ៍ឃើញមានកូនក្មេងស្រីតូចម្នាក់ចេះច្រៀង និងរាំបទយូរី “ចាក់ទឹកដូង” និងបទ ”នំបុ័ងប៉ាតេ” ដែរ ដែលធ្វើឲ្យយូរី រំភើបទាំងមិនដឹងខ្លួន។
គេកត់សម្គាល់ដែរថា ការឡើងឆាកតន្ដ្រីនេះជាលើកដំបូង របស់យូរី នោះ តារាចម្រៀងរូបនេះក៏បានប៉ះជាមួយអ្នកចម្រៀងស្រីស្អាតរបស់ផលិតកម្មថោន ដែលពូកែរាំ កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី ផងដែរ ទើបធ្វើឲ្យការគាំទ្រមានការបែកខ្ញែក ព្រោះថាពេលនេះបទចម្រៀងរបស់អតីតពិធីការិនីទូរទស្សន៍ហង្សមាស រូបនេះ កំពុងតែល្បីបទ ”មាន់ស្រែ”។
អ្នកដឹកនាំកម្មវិធីប្រគំតន្ដ្រីប៉ុស្ដិ៍លេខ៥ បាននិយាយថា យូរី បុក រ៉ាប៊ី អីចឹង គឺឡើងផ្អើលមាន់ស្រែ ពេញស្ប៉ាក ហើយការថ្លែងបែបនេះ ព្រោះតែរ៉ាប៊ី ត្រូវពិធីការិនីព្រះកាយ ច័ន្ទ បានឲ្យអ្នកចម្រៀងរូបនេះធ្វើចរិតហ្សុីនរបស់មាន់ស្រែ ពេលឃើញអាគកមកញ៉ែ។ រ៉ាប៊ី សើចកាច់កនៅពេលដែលឃើញអ្នករាំអមនាងដល់ទៅ៦នាក់សុទ្ធតែបង្ហាញក្បាច់មាន់ស្រែ ឡើងផ្អើលពេញឆាកតន្ដ្រីនោះ ហើយអ្នកចម្រៀងសំនៀងស្រទន់រូបនេះ បានឲ្យដឹងថា នាងសង្ឃឹមថា បទ ”មាន់ស្រែ” នេះ នឹងមានការគាំទ្រច្រើនអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ព្រោះថាថ្មីៗនេះ នាងបានយកបទនេះទៅច្រៀងតាមឆាកតន្ដ្រីមួយចំនួន ឃើញមានការគាំទ្រពីបងប្អូន ដោយរាំតាមនាងទៀតផង។
តារាដែលបង្ហាញចំណាប់អារម្មណ៍ថា សប្បាយចិត្តដែលបានប៉ុស្ដិ៍លេខ៥ ហៅច្រៀងក្នុងកម្មវិធីប្រគំតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” នោះ ក៏បានច្រៀងបទញាក់២បទផ្សេងទៀតដែរ គឺបទ ”អ្នកបម្រើ០០៧ ”និងបទ ”បងកុំយំណា បើថ្ងៃណាបាត់អូន”។
ក្រៅពីយូរី និងរ៉ាប៊ី រាំផ្អើលពេញស្ប៉ាក នោះក៏មានអ្នកចម្រៀងអាលីហ្សា ហៅកូនបារាំង ឡើងច្រៀងអមផងដែរ ដោយលើកយកបទ ”បើស្រលាញ់ម្ដេចទុកអូនចោល?”, ”ខ្ញុំមិនសុខចិត្តទេ?”។ ដោយឡែក អ្នកចម្រៀងផលិតកម្មរស្មីហង្សមាស ដែលឡើងកូដចុងក្រោយ ហើយមានត្រេមុខស្រដៀងលីយ៉ុងចេ គឺ្រប្រុសសង្ហា សុខ វិបុល ហៅ Step នោះក៏មានក្បាច់រាំមិនចាញ់ស្រីស្រស់ទាំង២ខាងលើដែរ ដែលធ្វើឲ្យក្រមុំៗមិនតិចនាក់ទេ ជ្រួលជ្រើមនៅពេលដែលបុរសភ្នែកតូចៗនេះច្រៀងបទ ”Work”, ”Say No”, ”ប៉ាវសិនមក” និងបទ”សុំប៉ះ”។
លោក Step ថ្លែងប្រាប់អ្នកការសែតថា ”ខ្ញុំសប្បាយចិត្តដែលបានឡើងច្រៀងនៅកម្មវិធីនេះ ហើយមានបងប្អូនមកទស្សនាច្រើនបែបនេះ។ ខ្ញុំសង្ឃឹមថា នឹងបានឡើងកម្មវិធី “ខារ៉ាបាវ ស្ប៉ាក ខនសឺត ២០១៨” នេះនៅពេលក្រោយៗទៀត ជាមួយនិងបទចម្រៀងថ្មីៗរបស់ខ្ញុំ ដែលប្លែកជាងពេលនេះទៀត”។
អ្នកតំណាងប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា “នៅសប្ដាហ៏នេះ យើងបានយកតារាចម្រៀង៣ផលិតកម្មផ្សេងៗគ្នា មកឡើងឆាកតន្ដ្រីរបស់យើង ហើយឃើញមានបងប្អូនមកគាំទ្រច្រើនជាងមុនៗទៅទៀតព្រោះថាតារាទាំងនេះ គឺមានអ្នកគាំទ្ររៀងៗខ្លួនមកចង់ជួប។ សម្រាប់ការប្រគំតន្ដ្រីលើកក្រោយៗវិញ យើងនឹងនាំយកតារាល្បីទាំងខ្មែរ និងប្រទេសជិតខាង មកថែមទៀត ដើម្បីឲ្យបងប្អូនបានជួបជាមួយ Idol របស់ពួកគាត់ ហើយSpark Concert យើងនឹងតម្រូវតាមទស្សនិកជន ដើម្បីឲ្យកាន់តែមានភាពរីករាយថែមទៀត នៅរៀងរាល់ចុងសប្ដាហ៍៕