ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងម្នាក់ មិនដឹងជាមានគំនុំ ឬខឹងអន់ចិត្តអ្វីនឹងស្ត្រីជាមេការខារ៉ាអូខេម្នាក់ ស្រាប់តែមកធ្វើសកម្មភាពបាញ់រះ នៅខាងមុខផ្ទះស្ត្រីជាមេការខារ៉ាអូខេរូបនោះ ចំនួន៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ និង៥៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។
ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលធ្វើសកម្មភាពបាញ់រះនៅខាងមុខផ្ទះ ស្ត្រីជាមេការខារ៉ាអូខេនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ និងក៏មិនដឹងច្បាស់ដែរថា តើរវាងខ្មាន់កាំភ្លើង និងស្ត្រីជាម្ចាស់ផ្ទះនោះ កើតមានបញ្ហាអ្វីនឹងគ្នាដែរ។ ចំណែកស្ត្រីជាម្ចាស់ផ្ទះ មានឈ្មោះព្រឿន ចរិយា ហៅយ៉ា អាយុ៣២ឆ្នាំ មុខរបរមេការខារ៉ាអូខេ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមរបាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង១២និង៥៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្ទះដែលមានម្ចាស់ឈ្មោះព្រឿន ចរិយា ហៅយ៉ា មានករណីបង្កសំឡេងផ្ទុះ១លើក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់អាវុធខ្លី មិនស្គាល់ម៉ាក បានបាញ់ចំនួន៥គ្រាប់ ដោយបន្សល់ទុកនូវសំបកគ្រាប់ចំនួន៥គ្រាប់ នៅកន្លែងកើតហេតុ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជាខ្មាន់កាំភ្លើងបានគេចខ្លួនបាត់។
ជុំវិញករណីបាញ់រះខាងលើនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ ដើម្បីតាមវែកមុខជនជាខ្មាន់កាំភ្លើង និងតាមចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់៕