Saturday, November 16, 2024
Homeតារាខ្មែរអម្ពរ ទេវី វិលទៅអាមេរិកវិញ តែបើរដ្ឋាភិបាលត្រូវការ អ្នកនាងនឹងមករស់នៅស្រុកខ្មែរតែម្តង

អម្ពរ ទេវី វិលទៅអាមេរិកវិញ តែបើរដ្ឋាភិបាលត្រូវការ អ្នកនាងនឹងមករស់នៅស្រុកខ្មែរតែម្តង

អតីតតារាសម្ដែងល្បីល្បាញកាលពីទសវត្សន៍ឆ្នាំ១៩៩០ អ្នកនាងអម្ពរ ទេវី ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០១នោះ បានត្រឡប់មកថតភាពយន្ដនៅស្រុកខ្មែរវិញ ៣លើកមកហើយ គឺកាលពីឆ្នាំ២០០៧ ថតរឿង ”កូននាគឆ្លងដែន” ឆ្នាំ២០១៧ ថតរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” របស់ផលិតកម្មថោន និងឆ្នាំ២០១៨នេះ ថតរឿង ”ឆន្ទា” របស់ផលិតកម្ម Red Picture ដែលអ្នកនាងទេវី គឺជាតួអង្គសំខាន់ជាងគេដែលជាប្រធានក្រុមហ៊ុនធំមួយ។

ប្រភពបានឲ្យដឹងថា អ្នកនាងអម្ពរ ទេវី បានតម្លៃខ្លួនខ្ពស់ដល់ទៅរាប់ម៉ឺនដុល្លារទៀតផង សម្រាប់ភាពយន្ដមួយនេះដែលនឹងដាក់បញ្ចាំងនៅទូរទស្សន៍ CTN ខាងមុខនេះហើយ។

អ្នកនាងអម្ពរ ទេវី បានថ្លែងប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា អ្នកនាងមកថតភាពយន្ដនៅពេលនេះ មិនមែនដើម្បីប្រាក់ជាធំនោះទេ តែជាការស្រលាញ់ ពេញចិត្ត និងនឹកអាល័យមិត្តរួមអាជីព ហើយនៅថ្ងៃណាមួយ បើសិនជារាជរដ្ឋាភិបាលកម្ពុជា ត្រូវការអ្នកនាងឲ្យមកជួយបម្រើវិស័យភាពយន្ដខ្មែរ ដើម្បីឲ្យមានការរីកចម្រើននោះ អ្នកស្រីនឹងវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ ជាអចិន្ត្រៃយ៍នៅថ្ងៃណាមួយជាមិនខាន។

រឿង ”ឆន្ទា” របស់ផលិតកម្ម Red Picture ដែលមានតួអង្គស្រីសំខាន់ជាងគេ គឺអ្នកនាងអម្ពរ ទេវី នោះ ក៏មានការចូលរួមពីតារាសម្ដែងល្បីៗជាច្រើនទៀតផងដែរ មានដូចជា លោកជា​ សំណាង , សេម​, បញ្ញា សិទ្ធិ , ប៉ែន សុផានី , អាលីហ្សា , ណាទីយ៉ា ជាដើម។

ប្រភពបានឲ្យដឹងថា តារាសម្ដែងទាំងប្រុសទាំងស្រីសុទ្ធតែសប្បាយរីករាយនៅពេលដែលបានសម្ដែងជាមួយអ្នកនាងអម្ពរ ទេវី ព្រោះទោះជាអ្នកនាងបានផ្អាកការងារសិល្បៈជាច្រើនឆ្នាំក្ដី តែអ្នកនាងទេវី នៅតែមានទេពកោសល្យល្អ ព្រមទាំងចែករំលែកបទពិសោធន៍ដល់តារាថ្មីៗថែមទៀតផង។ ប៉ុន្ដែតាមព័ត៌មានបានឲ្យដឹងថា អ្នកនាងអម្ពរ ទេវី នឹងមិនបន្ដការថតរឿងទី២ អំឡុងពេលនេះទេ ពោលគឺក្រោយថតប្លង់ទាំងអស់ក្នុងរឿង ”ឆន្ទា” ហើយ អ្នកនាងទេវី នឹងវិលត្រឡប់ទៅអាមេរិកវិញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នេះហើយ បើទោះជាមានផលិតកម្មផ្សេងទាក់ទងឲ្យអ្នកនាងថតរឿងផ្សេងទៀតក្ដី។

តារាសម្ដែងអាលីហ្សា ហៅកូនបារាំង ដែលជាតួអង្គសំខាន់ម្នាក់ដែរក្នុងរឿង ”ឆន្ទា” បានឲ្យដឹងថា ”ខ្ញុំមានក្ដីប្រាថ្នាតាំងពីតូចថា ចង់សម្ដែងភាពយន្ដជាមួយអ្នកបងអម្ពរ ទេវី ហើយពេលនេះខ្ញុំបានសម្រេចក្ដីប្រាថ្នាហើយ។ ក្នុងរឿងនេះខ្ញុំលេងជាតួក្មួយអ្នកបងអម្ពរ ទេវី ដែលគាត់ជាប្រធានក្រុមហ៊ុនធំមួយ​ហើយខ្ញុំមានភាគហ៊ុនដែរក្នុងក្រុមហ៊ុននោះ ព្រោះប៉ាខ្ញុំជាកូនគាត់។ ខ្ញុំឃើញថា ទោះជាអ្នកបងអម្ពរ ទេវី គាត់ផ្អាកការសម្ដែងជាច្រើនឆ្នាំមែន តែទេពកោសល្យគាត់នៅតែល្អ ជាកំពូលតារាសម្ដែងម្នាក់ ហើយប៉ារ៉ូលគាត់ច្បាស់ៗ ហើយរឿងគាត់ថតបានតម្លៃខ្លួនប៉ុន្មាននោះ ខ្ញុំមិនដឹងទេ ព្រោះថា គាត់អត់ដែលនិយាយរឿងតម្លៃខ្លួនហ្នឹងប្រាប់ខ្ញុំ និងតារាផ្សេងៗទៀតទេ”។

អាលីហ្សា ក៏បានឲ្យដឹងថា “អ្នកនាងអម្ពរ ទេវី នឹងហោះទៅអាមេរិកវិញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះមែន ដោយមិនទទួលថតរឿងថ្មីឲ្យផលិតកម្មផ្សេងទៀតទេ សម្រាប់ការមកលើកនេះ។

អ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីឆ្នាំ១៩៩២ តែបានប្រេះឆាគ្នា កាលពីឆ្នាំ២០០០ ដោយបន្សល់ចំណងដៃស្នេហ៍កូន២នាក់ គឺកូនប្រុសឈ្មោះ ភិរុណ ឥន្ទា្របុត្រ និងកូនស្រី ភិរុណ លក្ស្មីទេវី ហើយចំពោះមូលហេតុនៃការលែងលះគ្នាជាមួយលោកភិរុណនោះ ត្រូវបានអ្នកនាងទេវី និយាយខ្លីថា មកពីការមិនចុះសម្រុងគ្នា។ ក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដី លោកពេជ្រ ភិរុណ មក អ្នកនាងអម្ពរ ទេវី បានចេញទៅរស់នៅអាមេរិក កាលពីឆ្នាំ២០០១ ដោយសម្អាងថា មានហេតុផលផ្ទាល់ខ្លួន ហើយពេលនេះ​អ្នកនាងមានស្វាមីថ្មីជាអ្នកជំនួញ និងមានកូនស្រីម្នាក់ទៀតហើយ។ ចំណែកទំនាក់ទំនងជាមួយអតីតប្ដី លោកភិរុណ គឺអ្នកនាងទេវី នៅបន្ដជាធម្មតា ដោយរាប់អានគ្នាជាបងប្អូនវិញ ហើយរាល់ការមកថតកុននៅស្រុកខ្មែរ ជាថ្មីនេះ គឺលោកភិរុណ ជាអ្នកចាត់ចែងរៀបចំសម្លៀកបំពាក់ និងបន្ទប់គេងសម្រាប់អ្នកនាងអម្ពរ ទេវី ទាំងអស់៕

RELATED ARTICLES