ខេត្តព្រះសីហនុ ៖ ក្មេងស្ទាវ២នាក់ ក្រោយពីផឹកស៊ីស្រវឹងអស់សាច់ក្លែម ក៏បែកគំនិត កាន់ដាវសាំម៉ូរ៉ៃ និងកាំភ្លើងឈើ១ដើម ចូលទៅលួចមាន់អ្នកភូមិ យកមកធ្វើម្ហូបក្លែមស្រាបន្ត លុះម្ចាស់មាន់ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមូលដ្ឋានយោធារាមរវៈ៨ ស្ថិតក្នុងស្រុកព្រៃនប់។
ជនសង្ស័យទាំង២នាក់ ដែលផឹកស៊ីអស់សាច់ក្លែមបែកគំនិត លួចមាន់អ្នកស្រុកកាប់ក្លែមស្រាបន្ត រហូតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បានរួមមាន ទី១-ឈ្មោះឡាំ មេត អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ និងទី២-ឈ្មោះអួន បារាំង អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង២នាក់ ធ្វើជាកម្មករសំណង់ និងស្នាក់នៅចំណុចវរៈ៨មូលដ្ឋានរាម និងមានស្រុកកំណើតនៅភូមិក្បាលស្ពាន ឃុំម្កាក់ ស្រុកសិរីសោ ភ័ណ្ឌ ខេត្តបន្ទាយមានជ័យជាមួយគ្នា។ ចំណែកម្ចាស់មាន់ មានឈ្មោះឥន្ធ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាយោធានៅមូលដ្ឋានរាមវរៈ៨។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសឈ្មោះឥន្ធ ប៊ុនធឿន ដោយបានប្តឹងចោទប្រកាន់ថា មានជនស្ស័យ២នាក់ បានធ្វើសកម្មភាពកាន់ដាវសាំម៉ូរ៉ៃ និងកាំភ្លើងឈើ លបចូលមកលួចមាន់ពីទ្រុងមាន់ក្នុងបរិវេណផ្ទះរបស់គាត់ តែគាត់មិនហ៊ានស្រែកឆោឡោឡើង ព្រោះឃើញជនសង្ស័យសុទ្ធតែប្រដាប់ដោយអាវុធក្នុងដៃគ្រប់គ្នា ទើបសម្រេចដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេទាំងនាក់ ពិតជាបានធ្វើសកម្មភាពដូចអ្វីដែលចោទប្រកាន់មែន ដោយនៅមុនពេលកើតហេតុ ពួកគេបានផឹកស្រាជាមួយគ្នារហូតដល់អស់សាច់ក្លែម នឹកឃើញផ្ទះជនរងគ្រោះមានចិញ្ចឹមមាន់ច្រើន ក៏នាំគ្នា ដើរទៅលួចមាន់យកមកកាប់ក្លែមស្រា ដោយបានកាន់ដាវសាំម៉ូរ៉ៃ និងកាំភ្លើងឈើជាប់ដៃផង។
លោកវរសេនីយ៍ត្រី ហួ យ៉ែ អធិការរងនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ប្រាប់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន សមត្ថកិច្ចបានដកហូត ដាវសាំម៉ូរ៉ៃ១ដើម កាំភ្លើងឈើ១ដើម ព្រមទាំងសាច់មាន់ដែលនៅដល់ និងរោមមាន់ដែលក្រុមជនសង្ស័យបោចយកទៅលាក់ទុក។
លោកអធិការង បញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ចំនួន២ករណី ពីបទចោរកម្ម (លួចមាន់) និងរក្សាទុកអាវុធ ខុសច្បាប់។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕