Saturday, November 16, 2024
Homeតារាខ្មែរមាស សុខសោភា ត្រៀមចេញទៅ៣ប្រទេសទៀត សន្សំលុយរៀបការធំ

មាស សុខសោភា ត្រៀមចេញទៅ៣ប្រទេសទៀត សន្សំលុយរៀបការធំ

មាស សុខសោភា ដែលទើបនឹងហោះមកពីប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ បានប្រកាសថា នៅឆ្នាំ២០១៨ នេះ នាងនឹងមិនផ្តោតតែលើការរកប្រាក់នៅក្នុងស្រុកប៉ុណ្ណោះទេ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅច្រៀងក្រៅស្រុក៣ប្រទេស នារដូវធ្លាក់ភ្លៀងជោកជាំនេះ។

ប្រភពបានឱ្យដឹងថា សុខសោភា ចង់ក្តោបទាំងទីផ្សារក្នុងនិងក្រៅស្រុក ព្រោះតែនាងចង់សន្សំលុយរៀបការធំ ដោយចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លារឡើយ…។

មាស សុខសោភា ក្លាយជាតារាចម្រៀងនៅផលិតកម្មថោន បន្ទាប់ពីសុគន្ធ និសា បានចាកចេញទៅហង្សមាសនោះ ហេតុនេះហើយបានជាថៅកែថោន ថ្នមចិត្តតារាចម្រៀងសំនៀងផ្អែមរូបនេះខ្លាំង ដើម្បីឃាំងផ្លូវនាងកុំឱ្យចូលទៅហង្សមាស។

យ៉ាងណា មាស សុខសោភា បានប្រាប់មុននេះ ការចូលទៅហង្សមាស គឺនាងសុំពេលគិតពិចារណាមើលសិនប៉ុណ្ណោះ ហើយបើសិនជាហង្សមាស មានលក្ខខណ្ឌច្រើនពេក ដែលមិនអាចឱ្យនាងទទួលបាននោះ គឺសោភា ព្រោះនាងមិនទៅឡើយ ព្រោះនាងចង់នៅខាងក្រៅដោយសិទ្ធិសេរីភាពខ្លួនឯងពេញលេញវិញ។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ការដែលអតីតតារាល្បីជាងគេរបស់ផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត ឈានចូលទៅហង្សមាស នោះ គឺអាចធ្វើឱ្យតារាល្បីៗជាច្រើនទៀត នឹងដើរតាមគន្លងសិរីមន្ត ដែរ ក្នុងនោះរួមទាំងមាស សុខសោភា ផងដែរ ហើយបើសិនជាហង្សមាស ទទួលបានសុខសោភា មែននោះ ផលិតកម្មធំជាងគេ១នេះ នឹងជិះសេះលែងដៃ ដោយលែងមានគូប្រជែង ហើយហង្សមាស នឹងចំណេញរាប់លានដុល្លារ ជាមិនខាន ព្រោះថា មានក្រុមហ៊ុន Agency ជាច្រើន ដែលត្រូវការអ្នកចម្រៀងសំនៀងផ្អែមរូបនេះ ហើយពេលនោះ សោភា នឹងអាចប្រជែងកាន់តែខ្លាំងក្លាជាមួយឱក សុគន្ធកញ្ញា ដើម្បីបានតំណែងលេខ១មកវិញជាមិនខាន បន្ទាប់ពីត្រូវសុគន្ធកញ្ញា ឆក់តំណែងនេះ៧ឆ្នាំមក។

ប្រភពបានឱ្យដឹងថា មាស សុខសោភា នៅស្ទាក់ស្ទើរក្នុងចិត្ត ព្រោះថា នៅថោន នាងជាតួឯកចម្រៀង ហើយថៅកែផលិតកម្មនេះ បានផ្តល់សិទ្ធិឱ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ទៀតផង តែបើទៅដល់ហង្សមាស គឺនាងមិនអាចច្រៀងឱ្យផលិតកម្មណាក្រៅពីហង្សមាស ឡើយ។ ម៉្យាងទៀត បងប្រុសសុខសោភា មានតំណែងធំទូរទស្សន៍ថោន ហេតុនេះហើយបើនាងចេញពីថោន ទៅហង្សមាស បងប្រុសរបស់នាងនឹងប្រឈមការបាត់បង់តំណែងធំជាមិនខានឡើយ។

មាស សុខសោភា នៅឆ្នាំ២០១៨ នេះ នាងបានបណ្តើរប្តី បុរសខ្មែរនៅកាណាដា លោកអ៊ឹត រ៉ាដា ជាចំហ ឱ្យអ្នកកាសែតថត ដោយមិនមានការរត់គេចដូចកាលឆ្នាំមុនៗឡើយ ហើយនាងថា អាច២ឬ៣ឆ្នាំខាងមុខទៀត នឹងអាចចូលរោងការតាមប្រពៃណីខ្មែរ តែមិនទាន់មានការកំណត់ពេលវេលាជាក់លាក់ឡើយ។ ប៉ុន្តែ ថ្មីៗនេះធ្លាយដំណឹងថា មាស សុខសោភា ដែលទើបហោះមកពីច្រៀងសម្តែងនៅប្រទេសកូរ៉េនោះ នឹងត្រៀមចេញសម្រុកទៅច្រៀងនៅ៣ប្រទេសផ្សេងគ្នាទៀត នាពេលខាងមុខនេះ ដើម្បីសន្សំលុយរៀបការឱ្យបានមុនកំណត់ ដោយគ្រោងចំណាយធំមិនក្រោម១០ម៉ឺនដុល្លារឡើយ។

មាស សុខសោភា បានប្រាប់ថា “ខ្ញុំត្រៀមចេញទៅច្រៀងសម្តែង៣ប្រទេសទៀត នៅឆ្នាំ២០១៨នេះ មែន គឺប្រទេសអាមេរិក បារាំង និងអូស្ត្រាលី។ ខ្ញុំមិនមានការសោកស្តាយថា ទៅច្រៀងនៅបរទេស​ខ្លាចស្ងាត់នៅស្រុកខ្មែរនោះទេ ព្រោះថា នៅបរទេស ក៏មានគេគាំទ្រដូចនៅស្រុកខ្មែរ អ‘ចីងឹដែរ”។

មាស សុខសោភា មានតម្លៃខ្លួនច្រៀង​១កម្មវិធី​ ស៊ីថ្លៃជិត៣ពាន់ដុល្លារ ហេតុនេះហើយក្នុង១ខែៗ នាងរកប្រាក់ចំណូលបានមិនក្រោម២ម៉ឺនដុល្លារឡើយ សម្រាប់រដូវក្តៅនេះ។ ការកើបលុយនៅពេលដែលកេរ្តិ៍ឈ្មោះនាងកំពុងតែល្បីនេះ ធ្វើឱ្យសោភា មានប្រាក់ទិញរថយន្តទំនើប Land Cruiser V៨ វីឡាតម្លៃជាង២០ម៉ឺនដុល្លារ និងដីធ្លីមួយចំនួនទៀត។ សោភា ពេលនេះនៅខ្វះតែម៉្យាងទេនោះ គឺការចូលរោងការតាមប្រពៃណីខ្មែរ ខណៈដែលម្តាយរបស់នាងក៏ចង់ឱ្យតារារូបនេះចូលរោងការដូចសុគន្ធ និសា ដែរ។

មាស សុខសោភា ដែលខ្វះដៃគូតារាចម្រៀងប្រុសនៅផលិតកម្មថោន នោះ នឹងចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ ជាមិនខាន ប្រសិនបើនាងចូលទៅហង្សមាស តាមសុគន្ធ និសា នោះ។ ប៉ុន្តែ តាមប្រភពថា ប្តីសោភា ចង់ឱ្យនាងនៅបន្តច្រៀងក្នុងផលិតកម្មថោន និងពង្រឹងផលិតកម្មផ្ទាល់ខ្លួន Camtrax ជាជាងចូលទៅផលិតកម្មផ្សេងទៀត បើទោះជានៅឆ្នាំ២០១៨ នេះ មានដំណឹងថា ហង្សមាស ចង់អូសទាញមាស សុខសោភា ឱ្យចូលរួមជាមួយទ្រនំធំនេះឱ្យខាងតែបានក៏ដោយ៕

RELATED ARTICLES