ទេព បូព្រឹក្ស បានក្លាយទៅជាគូស្នេហ៍តារាចម្រៀងរ៉េប ងួន ចាន់ដេវីត យ៉ាងបើកចំហ ដោយពួកគេបានដាក់ទុនចូលគ្នា ១៤ម៉ឺនដុល្លារ រកស៊ីធំបើកហាងលក់ផលិតផលរក្សាសម្រស់ ដែលត្រៀមសម្ពោធនៅមុនចូលឆ្នាំខ្មែរនេះហើយ។
ការមានទ្រព្យយ៉ាងឆាប់រហ័សរបស់ទេព បូព្រឹក្ស នៅពេលនេះ ត្រូវបានគេសង្ស័យថា នាងបង្ហាញស្នេហ៍ងួន ចាន់ដេវីត គ្រាន់តែជាការពាំងមុខលោកធំផ្កាយ៤ម្នាក់ កុំឱ្យគេដឹងរឿងស្នេហ៍ក្រោយខ្នងប៉ុណ្ណោះ…។
ទេព បូព្រឹក្ស ដែលធ្លាយរឿងមានស្នេហ៍ជាមួយលោកផ្កាយ៤ វ័យក្មេង ផ្អើលអស់មហាជន និងចង្កោមអ្នកសិល្បៈនោះ ស្រាប់តែស្មគ្រ័ចិត្តបង្ហាញគូស្នេហ៍រួមដំបូលតែមួយងួន ចាន់ដេវីត ដោយបើកចំហ ដែលរឹតតែធ្វើឱ្យមានការខ្សឹបខ្សៀវ ពេញចង្កោមអ្នកសិល្បៈថា ពួកគេទាំង២នាក់ លេងល្ខោនស្នេហ៍ ដើម្បីជាការបំបាំងភ្នែកមហាជន ចំពោះរឿងដ៏រសើបនៅក្រោយខ្នងប៉ុណ្ណោះ ព្រោះថាម្នាក់ៗសុទ្ធតែពេញចិត្តចំពោះការបញ្ចោញឱ្យគេឃើញជាចំហចំពោះរឿងស្នេហ៍នេះ។ ប៉ុន្តែបូព្រឹក្ស ធ្លាប់អះអាងថា រឿងគេថា នាងមានអ្នកធំតាមស្រលាញ់ មានសង្សារជាកូនឧកញ៉ានោះ គឺជារឿងធម្មតាទៅហើយ ព្រោះថា ពេលខ្លះនាងមិនដឹងខ្លួនឡើយ ហើយដោយសារតែនាងជាអ្នកសិល្បៈស្រីវ័យក្មេងអ៊ីចឹង គឺប្រាកដជាមានអ្នកធំៗស្រលាញ់អ៊ីចឹងមែន គ្រាន់តែសំខាន់លើរូបនាងផ្ទាល់ប៉ុណ្ណោះថា កំពុងតែធ្វើអី?
បូព្រឹក្ស ថែមទាំងអះអាងទៀតថា ស្នេហានាងជាមួយងួន ចាន់ដេវីត គឺជាស្នេហ៍ពិត ដែលមានគ្រួសារទាំងសងខាងដឹងឮអស់ទៀតផង។
ដើម្បីឱ្យស្នេហាអ្នកចម្រៀងវ័យក្មេងទេព បូព្រឹក្ស-ងួន ចាន់ដេវីត កាន់តែល្បីសុសសាយដូចអាជីពចម្រៀងនោះ ពេលនេះបូព្រឹក្ស និងដេវីត បានដាក់ហ៊ុនចូលគ្នារកស៊ីនាំផលិតផលរក្សាសម្រស់ពីបរទេស មកលក់នៅស្រុកខ្មែរ ហើយពួកគេចូលលុយគ្នា១៤ម៉ឺនដុល្លារទៀតផង ដែលអាជីវកម្មថ្មីក្រៅពីសិល្បៈនេះ នឹងបានចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនេះហើយ។
ក្នុងជំនួបផ្ទាល់ ទេព បូព្រឹក្ស ថ្លែងថា “ហាងហ្នឹង ខ្ញុំបានរកទីតាំងបានហើយ គឺនៅតាមផ្លូវម៉ៅសេទុង ខ្ញុំសេងពីហាងគេហើយ យើងយកអីវ៉ាន់ និងបុគ្គលិកខ្លួនឯង។ ហាងហ្នឹងកំពុងដេគ័រ និងឌីហ្សាញជិតរួចរាល់អស់ហើយ។ តាមពិតខ្ញុំចង់បើកហាងហ្នឹង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ចំទិវាក្តីស្រលាញ់ម៉្លេះ តែយើងរៀបចំមិនទាន់ ធ្វើអត់រួចរាល់ ក៏បានពន្យារពេលសិន។ ខ្ញុំគ្រោងដំណើរការហាងហ្នឹង នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ នេះហើយ។ ចំពោះការរកស៊ីនេះ ខ្ញុំនិងបងដេវីត ក៏បានពិភាក្សាគ្នាអស់ដែរ អ៊ីចឹងយើងចង់ឱ្យអាជីពសិល្បៈ និងការរកស៊ីនេះ ដើរទន្ទឹមគ្នាតែម្តង ព្រោះខ្ញុំស្រលាញ់ការរកស៊ីខាងហ្នឹងយូរហើយដែរ”។
ទេព បូព្រឹក្ស ហៅស្រីនិច្ច បានបង្កើនអ្នករាំអមរហូតដល់ទៅជាង១០នាក់ នៅលើឆាកតន្ត្រី ហើយនាងក៏ឡើងថ្លៃច្រៀង១កម្មវិធី ស៊ីថ្លៃ១៥០០ទៅ១៨០០ដុល្លារ ហើយតារាពូកែលេងក្បាច់រាំរូបនេះ បង្ហើបឱ្យដឹងថា ក្នុង១ខែ នាងអាចរកប្រាក់ចំណូលបានមិនក្រោម៥ពាន់ដុល្លារ ក្រោយពីផាត់លើការចំណាយទាំងឡាយអស់នោះ។ ប៉ុន្តែ ការបញ្ចោញភាពហ៊ឺហារបស់ទេព បូព្រឹក្ស នារយៈពេលចុងក្រោយនេះ ដូចជាទិញវីឡាតម្លៃ១៤ម៉ឺនដុល្លារ រថយន្តទំនើប Land Cruiser V8 តម្លៃជិត១០ម៉ឺនដុល្លារ រួមទាំងការដាក់ទុនបើកហាងរក្សាសម្រស់ ១៤ម៉ឺនដុល្លារថែមទៀតនោះ ត្រូវបានគេសង្ស័យថា តារាពូកែរាំរូបនេះអាចមានជំនួយធំនៅពីក្រោយខ្នង ទោះជានាងបង្ហាញថា គូស្នេហ៍ជាងួន ចាន់ដេវីត ក្តី។ ប្រភពបានឱ្យដឹងថា ទេព បូព្រឹក្ស ត្រូវបានលោកផ្កាយ៤ អាយុ៣០ប្លាយម្នាក់ តាមស្នេហ៍យ៉ាងប្រកិតបំផុត។
តារាមួយចំនួនបានខ្សឹបខ្សៀវគ្នាថា ទេព បូព្រឹក្ស ដែលបង្ហាញឱ្យគេឃើញពីភាពផ្អែមល្ហែមរវាងនាង និងងួន ចាន់ដេវីត នោះ អាចជាល្ខោន ដើម្បីបំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ ព្រោះទោះជាម្ចាស់បទ “រាំញីកែងជើង” រូបនេះល្បី និងរកប្រាក់ចំណូលច្រើនយ៉ាងណា ក៏មិនអាចផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលស្រីនិច្ច មាននៅពេលនេះ ឡើយ ហេតុនេះហើយបានជាគេនៅតែសង្ស័យថា បូព្រឹក្ស មានលោកធំផ្កាយ៤នោះ នៅក្រោយខ្នងស្រីស្អាតពូកែរាំ គួរឱ្យក្នក់ក្នាញ់រូបនេះ។
ប៉ុន្តែយ៉ាងណា ក្នុងបទសម្ភាសន៍កន្លងមក បូព្រឹក្ស បានទទួលស្គាល់ថា ពេលនេះ នាងហាក់មានអ្វីៗគ្រប់យ៉ាងដែលប៉ងប្រាថ្នានោះហើយ តែទឹកប្រាក់ដែលនាងមានពេលនេះ គឺបានមកពីកម្លាំងញើសឈាមដែលនាងប្រឹងទាំងយប់ទាំងថ្ងៃពីអាជីពសិល្បៈនេះ ទើបបានមានលុយទិញអ្វីៗគ្រប់យ៉ាងនៅពេលនេះ។
មហាជនរង់ចាំមើលថា ក្រោយពេលដែលទេព បូព្រឹក្ស និងងួន ចាន់ដេវីត បញ្ចោញភាពផ្អែមល្ហែមលើសស្ករតាំងម៉ែ និងដាក់ទុនធំរកស៊ីចូលគ្នានេះ គូស្នហ៍យុវវ័យនេះនឹងគ្រោងភ្ជាប់ពាក្យ និងចូលរោងការដូចអ្វីដែលពួកគេថា ពេលមានគ្រប់យ៉ាង នឹងមានដំណឹងល្អនោះ តាមការសន្យាដែរឬទេ? ឬមួយក៏នេះគ្រាន់តែជាល្បែងស្នេហ៍បំភ័ន្តភ្នែករបស់ទេព បូព្រឹក្ស ដូចដែលគេកំពុងតែចោទប្រកាន់លើរូបនាងពេលនេះ?
ក្រៅពីទេព បូព្រឹក្ស តារាស្រីវ័យក្មេងដែលមានទ្រព្យយ៉ាងរហ័សដូចផ្លេកបន្ទោរ ហើយត្រូវបានគេសង្ស័យថា មានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នងនោះ មានដូចជា កញ្ញាមាន សូនីតា, នៅ សុនិតា, បេប៊ី, ពេជ្រ សូលីកា, គង់ វង្សយ៉ាទី, ម៉ាក សែនសូនីតា, ដួង ម៉ានិច្ច ជាដើម ប៉ុន្តែតារាស្រីទាំងនោះតែងតែប្រកែកថា គ្មានបុរសពិសេសណាជួយឧបត្ថម្ភទេ គឺជាទ្រព្យបានពីកម្លាំងញើសឈាមរបស់ពួកនាងនិងក្រុមគ្រួសារ…៕