Friday, January 31, 2025
Homeសន្ដិសុខសង្គមផឹកស៊ីទាស់សម្តី កាច់មែកត្របែក ព្រួតគ្នាវាយសំពងក្បាល

ផឹកស៊ីទាស់សម្តី កាច់មែកត្របែក ព្រួតគ្នាវាយសំពងក្បាល

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ បានជួបជុំផឹកស៊ីជាមួយនឹងយុវជនឈាមរាវ២នាក់ លុះក្រោយពេលផឹកស្រវឹង ចាប់ផ្តើមក្លែមសម្តីដាក់គ្នា រហូតដល់កើតជាទំនាស់ពាក្យសម្តី លុះភាគីខាងក្មេងស្ទាវទប់កំហឹងមិនបាន ក៏នាំគ្នាកាច់មែកត្របែក មកវាយសំពងទៅលើក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសរយះចិញ្ចើម និងរបួសកូនដៃ ចំណែកភាគីបង្កត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចតំបន់រ៉ែមាស ស្ថិតក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈិន ឈាង អាយុ២៣ឆ្នាំ និងទី២-ឈ្មោះសៀ ស៊្រាង អាយុ២៣ឆ្នាំ។ ជនសង្ស័យទាំង២ មានលំនៅក្នុងភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកបុរសរងគ្រោះ មានឈ្មោះជា ផល្លា អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មកស្នាក់នៅបណ្តោះអាសន្ននៅភូមិឃុំកើតហេតុខាងលើ រងរបួស ដាច់ចំចិញ្ចើមស្តាំ និងម្រាមកូនដៃស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ២នាក់ទៀត បានជួបជុំគ្នាផឹកស៊ី លុះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីក្មេងស្ទាវទប់កំហឹងមិនបាន ក៏នាំគ្នាទៅកាច់មែក ត្របែកមកវាយសំពងទៅលើជនរងគ្រោះ បណ្តាលឱ្យចំចិញ្ចើមខាងស្តាំ និងកូនដៃខាងស្តាំរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ចំណែកក្រុមក្មេងស្ទាវបាននាំគ្នារត់គេច ខ្លួនបាត់។ រហូតមកដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ប្រពន្ធជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ រដ្ឋបាលនគរបាលជាំតាម៉ៅ ហើយភ្លាមនោះកម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកមុខសញ្ញាសង្ស័យទាំងពីរ និងឃាត់ខ្លួនបាននៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល នៅចំណុចភូមិឃុំកើតហេតុខាងលើ បញ្ជូនទៅឱ្យជំនាញផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។

ជនសង្ស័យទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

RELATED ARTICLES