ខេត្តកំពត ៖ រថយន្តធុនធំមួយគ្រឿងជាប់ផុងទៅមុខមិនរួច ក៏ព្យាយាមបើកថយក្រោយដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលកិន បុរសពិការម្នាក់កំពុងជិះកង់ បណ្តាលឱ្យបែកខ្ទេចក្បាល សំប៉ែតដូចចេកចៀន ស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំមួយខ្សែស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។
បុរសរងគ្រោះដែលត្រូវរថយន្តកិនខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះសុខ កូប អាយុ៥៧ឆ្នាំ ជាជនពិការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលអ្នកភូមិម្នាក់បានជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះឈ្មោះសុខ កូប បានដេកស្លាប់ក្បែរកង់របស់ខ្លួន ក្នុងសភាពបែកក្បាលខ្ទេច មើលទៅគួរឱ្យរន្ធត់បំផុត។ ភ្លាមនោះ ក៏កើតមានការផ្អើលឆោឡោពេញភូមិ ចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងស្រាវជ្រាវ។ យោងតាមការពិនិត្យលើស្លាកស្នាមនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះអាចបណ្តាល មកពីរថយន្តជាប់ផុង ហើយតៃកុងបានជាន់ហ្គែបង្ខំបង្កើនកម្លាំងបើកថយក្រោយ ទាំងមិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យជ្រុលទៅកិនបុរសរងគ្រោះដែលកំពុងជិះកង់មិនពីក្រោយ បណ្តាលឱ្យខ្ទេចក្បាល សំប៉ែតដូចចេកចៀនតែម្តង ព្រោះនៅលើផ្លូវលំ ឃើញមានស្លាកស្នាម កង់រថយន្តធុនធំ បើកឆ្លងកាត់ ហើយនៅចំងាយពីសាកសពប្រមាណ៥ម៉ែត្រ មានជង្ហក់ធំមួយ ដែលបង្កឱ្យរថយន្តបើកឆ្លងកាត់ត្រូវជាប់ផុង។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងទៀតថា សមត្ថកិច្ចនៅមិនទាន់អាចកំណត់អំពីភិនភាគរថយន្តបង្កបាននៅឡើយទេ ព្រោះក្រោយបង្កហេតុរួច រថយន្តបង្កបានបើកគេចបាត់ភ្លាមៗ ហើយរថយន្តនោះ អាចចូលទៅដឹកឈើនៅក្បែរកន្លែងកើតហេតុនេះតែម្តង។ យ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរករថយន្តបង្ក ដើម្បីមកធ្វើការដោះស្រាយជាមួយភាគីជនរងគ្រោះ តាមនីតិវិធិី៕