ភ្នំពេញ ៖ អ្នកវិភាគ និងមជ្ឈដ្ឋានតាមដាន សង្គម និងនយោបាយ បានលើកឡើងថា បើ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមជួបសន្ទនាផ្នែកនយោបាយ ជាមួយលោកសម រង្ស៊ី អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ និងជាប្រធានចលនា សង្គ្រោះជាតិ នោះ នឹងធ្វើឱ្យអតីតមេបក្សប្រឆាំងរូបនេះ ស្ងប់ចិត្ត លែងប្រឆាំងខ្លាំងក្លា នឹងសម្តេចនាយករដ្ឋមន្ត្រីទៀត។
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ដែលជាអ្នកតាមដាន និងវិភាគបញ្ហានយោបាយ សង្គមមួយរូប លោករស់ សារ៉ុម បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ថា “សម្តេចតេជោ ហ៊ុន សែន គួររំលែកពេលតិចតួច ជួបអតីតមិត្តចាស់ វស្សា លោកសម រង្ស៊ី ជាចំហនៅទីណាក៏បាន មុនរដូវកាលបោះឆ្នោតតំណាងរាស្ត្រ២០១៨ ដើម្បីទុកជាគំរូឱ្យពលរដ្ឋខ្មែរមើល៍ ហើយកុំ ក្រែងចិត្តអី សម រង្ស៊ី កឹម សុខា គឺមិនដូចគ្នា ទេ។ ការជួបនេះ បើកផ្លូវឱ្យគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតខាងមុខ ដោយសន្តិវិធី លោកសម រង្ស៊ី បិទភ្នែកជិត ហើយទទួលស្គាល់ ថា អសមត្ថភាពនយោបាយដឹកនាំឯកភាពផ្ទៃក្នុងបក្ស កុំចង់ស្រមៃដឹកនាំប្រទេស”។
បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ថា “ខ្ញុំគ្រាន់តែលើកយក កត្តា២ ដែលលោកសម រង្ស៊ី កំពុងតែច្រឡំ ខ្លួនឯង ព្រោះស្រមៃខុសរឿង។ ទី១ គាត់គិត ថា នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវ រលាយ ប្រជាជននឹងក្តៅក្រហាយ នឹងធ្វើពហិការបោះឆ្នោត ហើយសំឡេងគណបក្សប្រឆាំង វាអាចឆ្ពោះទៅ ដែលហៅថា រុញទូកបណ្តោយ ទឹក។ ដូច្នេះ បានជាខ្ញុំលើកឡើងថា ឱ្យលោក សម រង្ស៊ី អស់ចិត្តហ្នឹង ឱ្យលោកសម រង្ស៊ី ឃើញថា អ្វីដែលគាត់វាយតម្លៃតាមទស្សនទានរបស់គាត់ គឺឱ្យគាត់គិតឡើងវិញថា សភាពការណ៍ដែលលោកសម រង្ស៊ី បានគិតថា វានឹង ច្របូកច្របល់ ឥឡូវវាមានអីច្របូកច្របល់? ព្រោះប្រជាជនខ្មែរឆ្អែតឆ្អន់ហើយ អារឿង សង្គ្រាមនោះ វាឆ្អែតឆ្អន់ហើយ រឿងវិបត្តិ នយោបាយ រឿងការប្រជែងអំណាចគ្នារបស់ អ្នកនយោបាយនោះ។ អ៊ីចឹង ទោះបីជាពេល ខ្លះ យើងមើលឃើញថា ការរំលាយគណបក្ស សង្គ្រោះជាតិ អាចជាសម្ពាធមួយសម្រាប់ គណបក្សកាន់អំណាច សម្ពាធមួយដល់រាជរដ្ឋាភិបាលកម្ពុជា ឬទណ្ឌកម្មអីគ្រប់បែបយ៉ាង ពីអន្តរជាតិ ហ្នឹងវាទៅអត់រួច។ លោកសម រង្ស៊ី កំពុងតែសភាពការណ៍ហ្នឹងអត់ត្រូវ ដោយសារ សកម្មជន និងអ្នកនៅមូលដ្ឋានក្នុងស្រុកនេះ មិនមែនគិតដូចលោកសម រង្ស៊ី គិតទាំងអស់ នោះទេ ហើយមួយទៀត នយោបាយអន្តរជាតិ យើងឃើញហើយថា រវាងប្លុកសេរី និងប្លុក កុម្មុយនីស្ត ថ្វីត្បិតសង្គ្រាមត្រជាក់បានរលត់ សហភាពសូវៀត ដួលរលំមែន ក៏ប៉ុន្តែការប្រជែង គ្នារវាងមហាអំណាចសេរី ហើយនិងកុម្មុយនីស្ត នេះ គឺមានតរហូតដល់សព្វថ្ងៃនេះ។ អ៊ីចឹង កម្ពុជា ហើយនិងចិន ពិបាកកាត់ផ្តាច់គ្នា អ៊ីចឹង ចរន្តនយោបាយដែលលោកសម រង្ស៊ី គិតថា ពួកលោកខាងលិចអាចជួយក្រុមប្រឆាំងបាន ហ្នឹង ខ្ញុំយល់ថា វាមិនអាចទៅរួចទេ។ អ៊ីចឹង មានតែជួបគ្នាក្នុងនាមអ្នកនយោបាយទៅ មិនមែនជួបគ្នាក្នុងនាមប្រធានគណបក្សប្រជាជន កម្ពុជា និងអតីតប្រធានគណបក្សសង្គ្រោះជាតិទេ គឺជួបគ្នារកយន្តការយ៉ាងម៉េចថា ឱ្យដំណើរវិវឌ្ឍ នៃប្រទេសកម្ពុជារបស់យើងទៅមុខ ធានាបាន នូវភាពសុខដុមរមនា សម្រាប់ប្រជាជន ហើយ បើសិនជាភាគីណាដើម្បីតែច្បាមអំណាច ឬ មួយដើម្បីតែការពារផ្ទាល់ខ្លួនហ្នឹង វាអត់មាន អីចំណេញសម្រាប់ប្រជាជនទេ។ អ៊ីចឹង អ្នក នយោបាយជំនាន់ចាស់នេះ គួរតែផ្តល់បទពិសោធន៍ សម្រាប់អ្នកជំនាន់ក្រោយ កុំមានធុនហ្នឹងទៀត។ កាលណាមានធុនហ្នឹងទៀត ការបែកបាក់ជាតិ វានៅតែបន្តទៅមុខ ហើយអ្នកដែលហិនហោច មិនមែនបរទេសទេ គឺខ្មែរ។ អ៊ីចឹងអ្វីដែល ខ្ញុំចង់ឃើញ បើអាច គួរតែជួបគ្នា អាហ្នឹង១ ។ ទី២ ការលើកលែងទោសសម រង្ស៊ី ដើម្បីឱ្យមក ធ្វើនយោបាយវិញ មិនចាំបាច់សម្តេចហ៊ុន សែន ក៏ខ្ញុំយល់ថា អាចលើកលែងទោសបានដែរ ព្រោះ ហេតុអី? ព្រះកូណា ជាមហាក្សត្រ ព្រះអង្គក៏ មានសិទ្ធិក្នុងការលើកលែងទោសដែរ មិនចាំបាច់សំណើពីនាយករដ្ឋមន្ត្រីទេ។ អ៊ីចឹងខ្ញុំយល់ ថា បើជួបគ្នា ច្បាស់ជារកច្រកឃើញហើយៗ រកច្រកចេញសម្រាប់ចំណេញប្រជាជនខ្មែរ មិនមែនរកច្រកចេញដើម្បីចំណេញតែគណបក្ស ប្រជាជន ឬក៏ចំណេញតែក្រុមរបស់លោកសម រង្ស៊ី ដែរ ហើយខ្ញុំសុំផ្តាំទៅលោកសម រង្ស៊ី វិញ ថា របាយការណ៍ ឬសភាពការណ៍ដែលលោក ទទួលបាន តាមរយៈអ្នកដែលលោកចាត់ទាំង ប៉ុន្មានហ្នឹង គឺមិនអាចជួយលោកបានទេ ដោយសាររាយការណ៍តាមមើលឃើញ។ សភាពការណ៍ប្រទេសជាតិ រាយការណ៍តាមការមើល ឃើញ វាអត់ដូចអ្វីដែលជាក់ស្តែងទេ។ អ៊ីចឹង ចលនាសង្គ្រោះជាតិហ្នឹងស្លាប់ហើយ វាអត់ រស់ទេ គឺដោយសារតែការបង្កើតដោយតក់ក្រហល់ ការបង្កើតឡើងដោយគ្មានការគាំទ្រ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ អ៊ីចឹងសង្ឃឹមថា យើងជួបគ្នាចុះ រវាងសម្តេចហ៊ុន សែន ហើយ និងឯកឧត្តមសម រង្ស៊ី គឺជួបគ្នា ប៉ុន្តែក្នុងនាម លក្ខណៈជាឈាមខ្មែរទៅ ជាអ្នកនយោបាយ ចាស់ទុំកន្លងទៅៗ ជួបគ្នានិយាយគ្នាចប់ហើយ វិបត្តិនយោបាយស្រុកខ្មែរ រឿងកឹម សុខា គាត់ ធីបចោលទៅ”។
លោករស់ សារ៉ុម បានមានប្រសាសន៍ បន្តថា “ខ្ញុំយល់ថា លោកសម រង្ស៊ី គាត់ដឹង ច្បាស់ណាស់ថា គាត់មិនអាចយកឈ្នះគណបក្ស ប្រជាជនបានទេ ជាពិសេស គាត់មិនអាចយក ឈ្នះសម្តេចហ៊ុន សែន បានទេ ក្នុងជំនាន់គាត់ នេះ។ កត្តាផ្ទៃក្នុងរបស់គាត់ ទោះបីជាគាត់ សម្រួលវិញបាន ក៏គាត់មិនអាចជោគជ័យបានដែរ។ ជោគជ័យយ៉ាងម៉េច? ខ្ញុំលើកជាក់ស្តែង បើសិន ជាគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ វាស្មើ នឹងគណបក្សប្រជាជនងាប់។ អ៊ីចឹង បើសិនជា ចំណុចងាប់រៀងខ្លួន អ៊ីចឹងគេមិនអាចធ្វើបានទេ”។
ដោយឡែក ប្រជាពលរដ្ឋម្នាក់ឈ្មោះ ផាង ប៊ុនធឿន បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ ខ្លួន ស្នើសុំឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ជួបសន្ទនាផ្សះផ្សាគ្នាជាថ្មី ទុកដូចជាកាដូមុនបុណ្យចូលឆ្នាំខ្មែរ។
ម្ចាស់គណនីហ្វេសប៊ុកនោះ បានសរសេរ ថា “សូមគោរពសម្តេចនាយករដ្ឋមន្ត្រី និងសូម គោរពឯកឧត្តមប្រធានសម រង្ស៊ី ជាទីគោរព!
ក្នុងនាមប្រជាពលរដ្ឋខ្មែរ សូមសំណូមពរ ដល់លោកទាំងពីរ មេត្តាផ្សះផ្សារវាងលោក ទាំងពីរ ដើម្បីផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៏ដូចជាស្តារស្ថានការណ៍នយោបាយ ឱ្យវិលរក ភាពដើមវិញ។ ចាត់ទុកថាលោកទាំងពីរ ផ្តល់ ជាកាដូជួនដល់ប្រជាពលរដ្ឋ មុនឱកាលចូលឆ្នាំ ខ្មែរ។ ហើយយើងខ្ញុំសង្ឃឹមថា លោកទាំងពីរ នឹងអាចផ្តល់កាដូដ៏វិសេសវិសាលនេះ មុនចូល ឆ្នាំខ្មែរ។
ជាបញ្ចប់ សូមជួនពរសម្តេចនាយករដ្ឋមន្ត្រី នឹងក្រុមគ្រួសារ និងឯកឧត្តមប្រធាន សម រង្ស៊ី នឹងក្រុមគ្រួសារ សូមជួបប្រកបតែសុខភាព ល្អ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍន៍ដូចអារ្យប្រទេស”។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ និងជាប្រធានចលនា សង្គ្រោះជាតិ បានបញ្ជាក់ថា លោកត្រៀមខ្លួន ជានិច្ច ក្នុងការជួបសន្ទនាជាមួយរដ្ឋាភិបាល សម្តេចហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយ មួយដោយសន្តិវិធី។
លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ដូចភ្នាក់ងារសារព័ត៌មាន ត៉្រេរ៉េស បានផ្សព្វផ្សាយថ្ងៃនេះ ខ្ញុំបានបញ្ជាក់ ថា ៖ ខ្ញុំត្រៀមខ្លួនជានិច្ច ជួបសន្ទនាជាមួយ រដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធីចំពោះវិបត្តិដែលមិន ដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ហើយ ដែលមានការធានាពីអន្តរជាតិផងដែរ”។
ដោយឡែក នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៨ លោកសម រង្ស៊ី បានសរសេបន្ថែមថា “លោកហ៊ុន សែន មានជម្រើស ២យ៉ាង ៖
១-ចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ពេល នេះភ្លាម បន្ទាប់ពីចរចាជាមួយចលនាសង្គ្រោះជាតិ និងសហគមន៍អន្តរជាតិ។
២-ចុះចេញពីតំណែងដោយបង្ខំចិត្ត ពេល បន្តិចទៀត បន្ទាប់ពីស្ថានការណ៍កាន់តែក្តៅ ឡើងៗ មិនអាចឱ្យគាត់ទ្រាំបាន ដោយសារតែ កំហឹងប្រជាពលរដ្ឋខ្មែរ ដែលមានកងកម្លាំង ប្រដាប់អាវុធមួយផ្នែកធំគាំទ្រផង គួបផ្សំនឹង សម្ពាធកាន់តែខ្លាំងឡើងៗ ពីអន្តរជាតិ”។
ទោះជាយ៉ាងណា ជាការឆ្លើយតប សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់លាស់ជាបន្តបន្ទាប់ មកហើយថា សម្តេចនឹងមិនចរចាជាមួយបុគ្គល ទាំងឡាយណាដែលជាប់ទោសនោះទេ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅ ក្នុងវត្តឈូកវ៉ា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ សម្តេចហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា តើអ្នកបានធ្វើ អ្វីខ្លះហើយ អ្នកមកចង់ចរចាជាមួយនឹងខ្ញុំ? អ្នកបានប្រព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន។ សូមបញ្ជាក់ថា បេះដូង និងសកម្មភាពរបស់ ហ៊ុន សែន ជាងពាក់កណ្តាលជីវិត ប្រើប្រាស់ សម្រាប់តែការចរចា មិនមែនសម្រាប់ច្បាំងទេ ពេលវេលាដែលច្បាំង គឺខ្ញុំព្រះករុណាខ្ញុំបាន ប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកការចរចា ក្នុង មួយជីវិតនេះ ពោរពេញទៅដោយការចរចា ហើយក្លាយទៅជាអ្នកឯកទេសនៃការចរចា ផង ប៉ុន្តែឥឡូវនេះ មានអ្នកមានចេតនាដែល គិតថា នៅថ្ងៃទី១៥ នេះ ខ្ញុំព្រះករុណាខ្ញុំចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសអូស្ត្រាលី ចាប់ហោះនៅពេលយប់ ហើយទៅភ្លឺនៅឯអូស្ត្រាលី ឯណោះ គេកំពុងតែនិយាយថា នឹងមាន ការចរចារវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងពួក ប្រឆាំង។ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់នៅទីនេះ ខ្ញុំព្រះករុណាខ្ញុំបើកទ្វារចំហបេះដូង សម្រាប់ ការសន្ទនាខាងនយោបាយ ក៏ប៉ុន្តែត្រូវតែចែក គ្នាឱ្យបានច្បាស់ អ្នកដែលជាប់ខាងផ្លូវច្បាប់ទាំង ប៉ុន្មាន មិនមានសិទ្ធិចរចាជាមួយនឹងហ៊ុន សែន ទេ រឿងនេះទុកឱ្យតុលាការដោះស្រាយបញ្ហា តាមផ្លូវតុលាការ។ សូមបញ្ជាក់រឿងនេះឱ្យ បានច្បាស់ អ្នកដែលត្រូវបានតុលាការកាត់រំលាយ ចោល ហើយដែលត្រូវបានកាត់សិទ្ធិនយោបាយ ក៏ដូចជាអ្នកត្រូវជាប់ពន្ធនាគារ ដែលមិនទាន់ បានជាប់ គ្មានសិទ្ធិនឹងចរចាជាមួយហ៊ុន សែន ទេ! សុំអ្នកទាំងឡាយកុំមានការភ័ន្តច្រឡំ ខ្ញុំ មិនមែនទៅអូស្ត្រាលី ដើម្បីទៅចរចាជាមួយ ពួកក្បត់ជាតិទេ ខ្ញុំទៅប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលជាកិច្ចដំណើរការពហុភាគី រវាង អាស៊ាន និងអូស្ត្រាលី ក្នុងឋានៈជាមេដឹកនាំ ប្រទេសសមាជិកអាស៊ានមួយរូប។ ខ្ញុំព្រះករុណា ខ្ញុំ ផ្តល់ឱកាសចរចាការសន្ទនាខាងនយោបាយ ជាមួយគណបក្សនយោបាយនានា ដែលបាន កើត ហើយគេមិនក្បត់ជាតិ ដូចគណបក្សដែល ត្រូវបានរំលាយ…”។
ដូចគ្នានេះដែរ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ថា នោះជាវោហារសព្ទល្បិចកល របស់ទណ្ឌិតសម រង្ស៊ី សុទ្ធសាធ ពីព្រោះស្ថានការណ៍នៅប្រទេសកម្ពុជា ពុំមានអ្វីដែលត្រូវ មានការចរចាទេ ហើយជាពិសេស រដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរាស្ត្រ ពុំមានអ្វីត្រូវចរចាជាមួយពួក ក្បត់ជាតិ និងពួកទណ្ឌិតទេ គឺរាជរដ្ឋាភិបាល ឬក៏គណបក្សប្រជាជនកម្ពុជា មិនទៅចរចា ជាមួយពួកក្បត់ជាតិ ឬជាមួយពួកគណបក្ស ដែលងាប់ទៅហើយនោះទេ។
លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “ជាការពិតទៅ លោកសម រង្ស៊ី ពេលនេះ កុំសង្ឃឹមថា គេយកធ្វើជាដៃគូសន្ទនា ឬក៏យក មកចាប់អារម្មណ៍ទៀតទេ ហើយកាលគណបក្ស សង្គ្រោះជាតិ នៅរស់ លោកសម រង្ស៊ី ជាដៃគូ សន្ទនាជាមួយសម្តេចតេជោ លោកសម រង្ស៊ី មិនស្មោះត្រង់ទៅហើយ ចុះទម្រាំគណបក្សមួយ ដែលងាប់ទៅហើយនោះ តើនរណាគេទៅយក ខ្មោចមកចរចាទៀត? ហើយមួយទៀត បរទេស ដែលខំព្យាយាមឱ្យគណបក្សដែលងាប់ទៅហើយ រស់ឡើងវិញ គឺគ្រាន់តែជាការយល់សប្តិទេ គឺ ពុំអាចធ្វើបានទេ ជាក់ស្តែងគឺទៅមិនរួចទេ៕
កុលបុត្រ