ខេត្តរតនគីរី ៖ យុវជនវ័យជំទង់ម្នាក់ បានលួងលោមហៅក្មេងស្រីម្នាក់ចូលទៅក្នុងបន្ទប់ទឹក រួចក៏សម្ងំធ្វើសកម្មភាពប្រើដៃលូកលេងប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះ អស់រយៈពេលជិត១ម៉ោង លុះចេញមកវិញ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ឃើញកូនស្រីមានឈាមប្រឡាក់ជាប់ខោ ក៏សួរនាំ ទើបបែកធ្លាយរឿងរ៉ាវដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជនល្មោភកាមរូបនោះ យកទៅចាត់ការតាមច្បាប់។
ករណីយុវជនឈាមរាវ ប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រី បណ្តាលឱ្យចេញឈាមនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកខាងក្រោយផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងស្រុកតាវែង។ លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
ជនសង្ស័យដែលល្បួងនាំក្មេងស្រីចូលបន្ទប់ទឹក រួចប្រើដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតដល់ចេញឈាម និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហឿន សុផលរ៉ាប់ ហៅក្តាប់ អាយុ១៥ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៧ឆ្នាំ ជាក្មេងស្រីមានសតិមិនសូវប្រក្រតី នោះទេ។ ជនសង្ស័យ និងក្មេងរងគ្រោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (ផ្ទះជាប់ព្រំគ្នា)។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះហឿន សុផលរ៉ាប់ ហៅក្តាប់ ដែលរស់នៅផ្ទះជាប់គ្នា ថាបានលួងលោមហៅកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ៧ឆ្នាំ និងជាមនុស្សមានសតិមិនប្រក្រតី ចូលបន្ទប់ទឹក រួចប្រើដៃលូកលេងប្រដាប់ភេទកូនស្រីរបស់គាត់អស់រយៈពេលជិត១ម៉ោង រហូតដល់ចេញឈាម កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។
ប្រភពដដែលបន្តថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហឿន សុផលរ៉ាប់ ហៅក្តាប់ បានឆ្លើយសារភាពថា រូបគេពិតជាហៅក្មេងស្រីរងគ្រោះឱ្យចូលក្នុងបន្ទប់ទឹកខាងក្រោយផ្ទះរបស់ខ្លួន រួចប្រើដៃលូកលេងប្រដាប់ភេទរបស់នាងមែន តែមិនបានធ្វើអ្វីលើសពីនេះទេ។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្ត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕