Tuesday, October 7, 2025
Homeព័ត៌មានជាតិប្តីសំពង១អង្កត់អុសរយះក្បាល ផ្ទុះភ្លើងប្រចណ្ឌ ខឹងប្រពន្ធស្និទ្ធស្នាលព្រះសង្ឃ

ប្តីសំពង១អង្កត់អុសរយះក្បាល ផ្ទុះភ្លើងប្រចណ្ឌ ខឹងប្រពន្ធស្និទ្ធស្នាលព្រះសង្ឃ

ខេត្តកំពង់ធំ ៖ បុរសម្នាក់ឃើញប្រពន្ធរបស់ខ្លួន មានទំនាក់ទំនងរាប់អានជាមួយព្រះសង្ឃមួយអង្គដូចបងប្អូន និងចេះតែប្រាស្រ័យទាក់ទងគ្នាជិតស្និទ្ធពេក ក៏ផ្ទុះភ្លើងប្រចណ្ឌ កើតជាជម្លោះពាក្យសម្តី រួចក៏ទាញអង្កត់អុសវាយសំពងប្រពន្ធ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន រងរបួសធ្ងន់។

ករណីប្តីផ្ទុះភ្លើងប្រចណ្ឌ រឿងប្រពន្ធរាប់អានជិតស្និទ្ធនឹងព្រះសង្ឃមួយអង្គពេក ក៏ឈានដល់អំពើហិង្សាវាយប្រពន្ធ១អង្កត់អុស រយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក។

ជនដៃដល់ជាប្តីដែលវាយប្រពន្ធរយះក្បាល ព្រោះតែភ្លើងប្រចណ្ឌនេះ មានឈ្មោះប៉ែន សាមឌី អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែចម្ការ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះថៃ ចាន់ណា អាយុ៣៣ឆ្នាំ (រងរបួសក្បាលធ្ងន់ធ្ងរ)។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដើមឡើយ ស្ត្រីរងគ្រោះជាប្រពន្ធតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ជារៀងរាល់ថ្ងៃសីល រួចក៏បានរាប់អានជាមួយព្រះសង្ឃមួយអង្គ ប្រៀបបាននឹងបងប្អូន។ ចំណែកបុរសជាប្តីវិញ គឺជាមនុស្សពូកែប្រចណ្ឌប្រពន្ធខ្លាំងណាស់ ហេតុនេះហើយ ទើបក្រោយពីដឹងថា ប្រពន្ធបានរាប់អានជិតស្និទ្ធជាមួយព្រះសង្ឃបែបនេះ ធ្វើឱ្យបុរសជាប្តីមិនសប្បាយចិត្តសោះឡើយ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានរៀបចំដាំបាយទឹកធ្វើម្ហូប បំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ លុះប្តីសួរនាំដឹងថា ប្រពន្ធធ្វើចង្ហាន់សម្រាប់យកទៅប្រគេនព្រះសង្ឃ ក៏ចាប់ផ្តើមនិយាយដៀមដាម ផ្លែផ្កាសម្តី “អូនអើយ ប្រុសពេញដី កុំស្រលាញ់លោកអី ទុកលោកធ្វើបុណ្យ” រួចក៏ចាប់ផ្តើមធ្វើឱ្យប្តីប្រពន្ធអ្នកទាំងពីរកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យបុរសជាប្តីទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញអង្កត់អុសប្រវែង៣៣សង់ទីម៉ែត្រ វាយសំពងទៅលើប្រពន្ធចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចពេញខ្លួនតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងបានចូលមកជួយឃាត់ និងចាប់បំបែកបុរសជាប្តីចេញ រួចប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីបានឆ្លើយសារភាពថា មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាបែបនេះ គឺដោយសារតែខ្លួនបានទាស់សម្តីជាមួយប្រពន្ធ រឿងប្រពន្ធរាប់អានជិតស្និទ្ធជាមួយព្រះសង្ឃមួយអង្គខ្លាំងពេក រហូតធ្វើឱ្យខ្លួនទប់កំហឹងមិនបាន ក៏ជ្រុលដៃវ៉ៃប្រពន្ធ១អង្កត់អុសបែបនេះទៅ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES