ខេត្តសៀមរាប ៖ បុរសជាជនបរទេស ម្នាក់ មិនដឹងមានកំហឹងពីរឿងអ្វី ក៏ស្រាប់តែ ធ្វើសកម្មភាពដុតផ្ទះដែលខ្លួនបានជួលស្នាក់នៅ បណ្តាលឱ្យមានការឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
ជនបរទេសដែលធ្វើសកម្មភាពដុតផ្ទះជួល ឆេះហ្មត់ មានឈ្មោះ ឡៀវេ ន្ញៀ ឡនៀ អាយុ ៥៣ឆ្នាំ ជាជនជាតិអង់គ្លេស បានចូលមកស្នាក់ នៅក្នុងផ្ទះជួលខាងលើ តាំងពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងត្រូវចាកចេញវិញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។ ចំណែកម្ចាស់ផ្ទះជួលដែល ទទួលរងការដុតបំផ្លាញពីជនបរទេសខាងលើ មានឈ្មោះអ៊ុ ថា ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ លក់គ្រឿងទេស ស្នាក់នៅភូមិសង្កាត់កើតហេតុ ខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេមិនដឹងថា ជន-បង្កហេតុខាងលើមានកំហឹងពីរឿងអ្វីនោះទេ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ជន នោះក៏បានធ្វើសកម្មភាពដុតផ្ទះជួល បង្កឱ្យមាន ការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង និងត្រូវ បានម្ចាស់ផ្ទះកើតហេតុ ស្រែកឆោឡោ ផ្អើល ប្រជាពលរដ្ឋជួយពន្លត់ និងរាយការណ៍សុំអន្ត- រាគមន៍ពីសមត្ថកិច្ចមូលដ្ឋានផងដែរ។
នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត បន្ទប់ជួលទំហំ៦ ម៉ែត្រគុណនឹង១៣ម៉ែត្រ ទាំងស្រុង គ្រែចំនួន២ ទូទឹកកក១ ម៉ាស៊ីនបោកខោអាវ១ ទូចាន១ ម៉ាស៊ីនត្រជាក់១ កង្ហារឈរចំនួន២ ទូខោអាវ១ តុឈើដាក់ទូរទស្សន៍៤ ទូរស័ព្ទ ភិហៀនេ ៧ ចំនួន ១គ្រឿង លុយចំនួន៦០០ដុល្លារ រួមនឹងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត។
ក្រោយកើតហេតុ ជនបរទេសដែលធ្វើ សកម្មភាពដុតផ្ទះជួលបណ្តាលឱ្យឆេះគ្មានសល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និងចាត់ ការបន្តតាមនីតិវិធី៕