ភ្នំពេញ ៖ តារាសម្តែងប្រុសកំពុងកើនប្រជាប្រិយភាព លោកហេង នរៈកក្កដា បានជួបទុក្ខដ៏ធំមួយនៅក្នុងជីវិត បន្ទាប់ពីអ្នកម្តាយជាទីគោរពស្រលាញ់របស់លោក ដែលបានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយនោះ បានទទួលមរណភាព តាំងពីវេលាទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាសម្តែង ហេង នរៈកក្កដា បានបង្ហោះរូបភាពដែលខ្លួនកំពុងយំសោកឱបសពម្តាយជាទីស្រលាញ់ រួចបានបង្ហោះសារមួយ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ថា “ម៉ាក់ខ្ញុំស្លាប់ហើយ ម៉ាក់ម៉េចម៉ាក់ដាច់ចោលខ្ញុំម៉្លេះ? ម៉ាក់ទៅបាត់ ឱ្យកូនមានម៉ាក់ណាហៅទៀតទៅ? ម៉ាក់អើយម៉ាក់ មកវិញមកម៉ាក់…”។
លោកហេង នរៈកក្កដា ក៏បានបង្ហោះសារបន្ថែមទៀតថា “ម៉ែអើយ ម៉ែទៅលឿនពេកហើយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាប ជាមួយកូន កូនសន្យាថា ពេលម៉ែជា កូនជូនម៉ែទៅ ចុះលូវម៉េចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថា កូនពិបាកណាស់ កូនធ្វើចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអើយ ម៉ែមកវិញមកម៉ែ…”។
ដោយឡែក សារទុក្ខសោករបស់លោកហេង នរៈកក្កដា ដែលគួរឱ្យសង្វេគបំផុតនោះ គឺលោកកក្កដា បានសរសេរថា “ថ្ងៃ៨មីនា ជាថ្ងៃដែលស្ត្រីគ្រប់រូបសប្បាយរីករាយ ចុះហេតុអ្វីបានជាទេវតាធ្វើបាបដល់អ្នកម្តាយខ្ញុំម៉្លេះ? តើអ្នកម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? បើយកគាត់ទៅហើយ ម៉េចមិនយកខ្ញុំទៅដែរទៅ? ទុកឱ្យខ្ញុំនៅធ្វើអី? ខ្ញុំពិបាករស់នៅណាស់ពេលនេះ អ្នកម្តាយកំសត់កូនអើយ កូនពិបាកក្នុងខ្លួនណាស់ មានជាតិក្រោយពិត កូនសុំធ្វើជាកូនរបស់អ្នកម្តាយគ្រប់ៗជាតិ ទោះបីជាអ្នកបម្រើរបស់អ្នកម្តាយក៏ដោយ ក៏សុខចិត្តដែរ ឱ្យតែបានជួបអ្នកម្តាយ…”។
ជាមួយនេះ គណនីហ្វេសប៊ុករបស់ឈ្មោះ Heng Chancharya ដែលត្រូវជាបងស្រីបង្កើតតារាសម្តែង ហេង នរៈកក្កដា បានបង្ហោះសារមួយថា “សូមឱ្យម៉ាក់ទៅកាន់សុគតិភព ពេលនេះ ម៉ាក់ផុតកម្មផុតពៀរហើយ សូមម៉ាក់កើតជាតិណាៗ កុំឱ្យយល់ជំងឺអាក្រក់ទាំងអស់នេះទៀត សូមម៉ាក់កើតក្នុងភពថ្មី ជួបតែសុខសប្បាយ ជួបតែមនុស្សល្អ ធ្វើដំណើរតាមផ្លូវសូមឱ្យសុខរហូត កូនៗបានជួយម៉ាក់អស់ពីសមត្ថភាពហើយ ចាប់ពីពេលនេះកូនលែងមានម៉ាក់ហៅទៀតហើយ ម៉ោង៣ទៀបភ្លឺ…”។
យ៉ាងណាមិញ បន្ទាប់ពីតារាសម្តែងរូបនេះ បង្ហោះសារទុក្ខសោករបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានមិត្តភក្តិ អ្នកសិល្បៈ ក៏ដូចជាមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលរួមសម្តែងនូវការរំលែកទុក្ខ និងអាណិតលោកកក្កដា យ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំមួយនេះ៕