ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់ប្រហារគូស្នេហ៍២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានចូលខ្លួនមកសារភាព កំហុសនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារមួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ រហូតដល់ផ្ទុះការងឿងឆ្ងល់ពីសំណាក់មហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែគ្រប់គ្នាចងដឹងថា មូលហេតុអ្វីទើបបានជាមានការបាញ់ប្រហារដ៏ឃោរឃៅនេះកើតឡើង រហូតបណ្តាលឱ្យជនរងគ្រោះ០២នាក់រងរបួសធ្ងន់។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យជាខ្មាន់កាំភ្លើង នៅចំពោះមុខមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ មូលហេតុដែលនាំឱ្យឈានដល់ការបាញ់ប្រហារ៥គ្រាប់ បណ្តាលឱ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាលនេះ គឺផ្តើមចេញពីការភាន់ច្រឡំប៉ុណ្ណោះ ពោលគឺ មិនមែនជាគំនុំស្នេហាស្រីកោណ ដូចអ្វីដែលមហាជនមានមន្ទិលសង្ស័យតាំងពីដើមមកនោះទេ។
គូស្នេហ៍ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យរងរបួសធ្ងន់ទាំង២នាក់ រួមមាន ភាគីនារីជាស្រីស្នេហ៍ មានឈ្មោះសិង វិន អាយុ២៥ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ រងរបួសចំនួន៣គ្រាប់ (ចំស្មាខាងស្តាំ២គ្រាប់ និងកំភួនដៃខាងឆ្វេង១គ្រាប់)។ ចំណែកភាគីបុរសជាសង្សារ មានឈ្មោះគង់ វិន អាយុ៣០ឆ្នាំ មុខរបរអ្នកជំនួញ ស្នាក់នៅម្តុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រងរបួសចំនួន១គ្រាប់ (ចំស្មាខាងស្តាំ)។ ដោយឡែក ជនសង្ស័យជាខ្មាន់កាំភ្លើង មានឈ្មោះប៊ុន តេង ហៅហ្គោ អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅផ្ទះជួលលេខ T53A បុរីហ្គ្រេនជ្រោយចង្វារ ផ្លូវលេខ៣ ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានរៀបរាប់ថា រូបគេមានឈ្មោះប៊ុន តេង កើតឆ្នាំ១៩៨៦ មានមុខរបរជាយោធា នៅថ្ងៃកើតហេតុ រូបគេពិតជាបានបាញ់ប្រហារលើមនុស្សប្រុសស្រីទាំង២នាក់នោះ ពិតប្រាកដមែន ដោយប្រើប្រាស់អាវុធខ្លី១ដើម ម៉ាក BERATA តែការបាញ់ ប្រហារនោះ គឺព្រោះតែមានការភ័ន្តច្រឡំប៉ុណ្ណោះ។
ជនដៃដល់បានរៀបរាប់បន្តថា រវាងរូបគេជាមួយនឹងជនរងគ្រោះទាំង២នាក់ខាងលើ គឺជាមនុស្សស្គាល់គ្នាប្រហែលកន្លះឆ្នាំមកហើយ តាមរយៈការផឹកស៊ីជាមួយមិត្តភក្តិតៗគ្នា។ នៅមុនថ្ងៃកើតហេតុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេរួមជាមួយមិត្តភក្តិសរុបមានគ្នា៨នាក់ បាននាំគ្នាចូលរួមផឹកស៊ីក្នុងខារ៉ាអូខេ រីវើឡែស ព្រែកលាប។ ក្នុងអំឡុងពេលផឹកស៊ី រូបគេ (ជនដៃដល់) និងមិត្តភក្តិឈ្មោះប៊ី បានទាស់សម្តីគ្នា រហូតដល់ខ្លួនបានវាយឈ្មោះប៊ី ១ដៃ បណ្តាលឱ្យជ្រុះអាវុធខ្លីរបស់ខ្លួន ហើយក៏ត្រូវបានមិត្តភក្តិផ្សេតទៀតជួយឃាត់។ ភ្លាមនោះឈ្មោះពេជ្រ សាឡន បានរើសយកអាវុធខ្លីហុចមកឱ្យខ្លួនវិញ ហើយក្រោយមកកម្មវិធីត្រូវបានបញ្ចប់ រូបគេ (ជនដៃដល់) ក៏បានជិះរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-6967 ជូនឈ្មោះសម្បត្តិ និងឈ្មោះប៊ី ទៅផ្ទះរៀងៗខ្លួន។
ជនដៃដល់ បានបន្តសារភាពទៀតថា លុះស្អែកឡើងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេ (ជនដៃដល់) បានបាត់បង់កាំភ្លើងអស់១ ក៏បើករថយន្តទៅផ្ទះឈ្មោះពេជ្រ សាឡន ដើម្បីសួររកបង់កាំភ្លើង តែ ពេជ្រ សាឡន បានប្រាប់ថាមិនឃើញ ទើបខ្លួនគិតថា ប្រហែលជាធ្លាក់នៅក្នុងបន្ទប់ខារ៉ាអូខេ ភ្លាមនោះខ្លួនក៏បើករថយន្តទៅសួរដល់បន្ទប់ខារ៉ាអូខេ តែគេប្រាប់ថា បានឃើញមនុស្សស្រីម្នាក់យកចេញក្រៅបាត់ទៅហើយ ហើយខ្លួនក៏ត្រឡប់មកផ្ទះវិញដើម្បីជូនប្រពន្ធទៅកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារដីហុយ។ រហូតដល់ម៉ោងប្រហែល ១១យប់ ថ្ងៃទី២៥ ដដែល ខ្លួនបានត្រឡប់មកពីកម្មវិធីឡើងផ្ទះបងប្អូនវិញ ខ្លួនក៏បានបើករថយន្តទៅផ្ទះ ពេជ្រ សាឡន ម្តងទៀត ក្នុងគោលបំណងទៅសួររកបង់កាំភ្លើងដែលបាត់ តែពេលទៅដល់មុខផ្ទះ ពេជ្រ សាឡន ស្រាប់តែឃើញរថយន្តម៉ាក TACOMA ១គ្រឿង ដែលមានជនរងគ្រោះឈ្មោះគង់ វិន ហៅវ៉ែនតា ជិះជាមួយឈ្មោះសិង វិន ហៅភ័ស្ត ឈប់ក្បែរផ្ទះ ពេជ្រ សាឡន ខ្លួនក៏អែបរថយន្តទៅឈប់ទន្ទឹមគ្នា និងចុចកញ្ចក់រថយន្តចុះដូចគ្នា ហើយខ្លួនក៏សួរទៅឈ្មោះវ៉ែនតាថា បានឃើញបង់កាំភ្លើងរបស់ខ្លួនឬអត់? ស្រាប់តែឈ្មោះគង់ វិន ហៅវ៉ែនតា មិនព្រមឆ្លើយតប និងលើកអាវឡើង ទើបខ្លួននឹកក្នុងចិត្តថា ប្រហែលគេខឹងហើយដកកាំភ្លើងបាញ់រូបខ្លួន ទើបខ្លួនក៏ដកកាំភ្លើងខ្លីបាញ់ពួកគេមុន អស់ចំនួន៥គ្រាប់ រួចគេចខ្លួនទៅផ្ទះតែម្តង។ លុះព្រឹកឡើង រូបគេបានជិះតាក់ស៊ីទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បីលាក់ខ្លួនតាមព្រំដែន។ ក្រោយមក ដោយបានដឹងថាសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់យ៉ាងប្រកិតៗ ទើបខ្លួនសម្រេចចិត្ត ចូលមកសារភាពតែម្តង។
គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីបាញ់ប្រហារមួយ បានកើតឡើង បណ្តាលឱ្យគូស្នេហ៍២នាក់ទទួលរងរបួសធ្ងន់ស្រាល នៅត្រង់ចំណុចមុខបន្ទប់ជួលអត់លេខ ខាងលិចផ្សារក្រមួនប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវ១៩៧៤ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបុរសម្នាក់បានបើករថយន្តជូនស្រីស្នេហ៍ត្រឡប់ទៅផ្ទះវិញ ពេលយប់ លុះពេលទៅដល់មុខផ្ទះជួលវិញ បម្រុងនឹងចុះពីលើរថយន្ត ក៏ស្រាប់តែត្រូវខ្មាន់កាំភ្លើង បើករថយន្តទំនើប១គ្រឿង មកឈប់ក្បែរ រួចដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ ទៅលើគូស្នេហ៍ក្នុងរថយន្ត តែសំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ស្រាល ហើយធ្លុះធ្លាយរថយន្តជាច្រើនកន្លែង ចំណែកខ្មាន់កាំភ្លើងបានបើករថយន្តគេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ដែលគេដឹងថា ជាគូស្នេហ៍ នឹងគ្នា បានជិះរថយន្ត១គ្រឿងម៉ាក Toyota Tacoma ស្លាកលេខ ភ្នំពេញ 2Q-5081 ធ្វើដំណើរតាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះជួលរបស់នារីជាស្រីស្នេហ៍ ក៏ឈប់រថយន្ត ចំណែកភាគីខាងស្រីបម្រុងនឹងចុះពីលើរថយន្តទៅហើយ ស្រាប់តែភ្លាមនោះ មានរថយន្តឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត Rang Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នា បានមកឈប់ទន្ទឹមនឹងរថយន្តរបស់គូស្នេហ៍ខាងលើ ហើយភ្លាមនោះ អ្នកបើកបររថយន្តជាខ្មាន់កាំភ្លើង ក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក១ដើម មកបាញ់ប្រហារទៅលើរថយន្តគូស្នេហ៍នោះ ចំនួន៥គ្រាប់ ពីខាងស្តាំរថយន្ត បណ្តាលឱ្យត្រូវជនរងគ្រោះទាំងពីរនាក់ ដែលជិះនៅក្នុងរថយន្ត ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិត ត្រូវចំនួន៣គ្រាប់ ចំស្មាស្តាំ២គ្រាប់ និងកំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសជាគូស្នេហ៍ដែលជាអ្នកបើករថយន្តត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកមើល ហើយភ្លាមៗនោះ ជនជាខ្មាន់កាំភ្លើង ក៏បើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងឆាប់រហ័ស៕