Tuesday, October 7, 2025
Homeព័ត៌មានជាតិលោកតាខឹងសម្បា ព្រលែងខ្មោចព្រាយចូលសណ្ឋិតមនុស្ស ប្រជាពលរដ្ឋរៀបចំពិធីបណ្តេញ ផ្អើលខេត្តព្រះវិហារ

លោកតាខឹងសម្បា ព្រលែងខ្មោចព្រាយចូលសណ្ឋិតមនុស្ស ប្រជាពលរដ្ឋរៀបចំពិធីបណ្តេញ ផ្អើលខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំគ្នាមករៀបចំពិធីដេញខ្មោចព្រាយបិសាច បណ្តែតតាមទឹកទន្លេ នៅចំណុចអាស្រមអ្នកតាមួយកន្លែង ដែលជាទីទួលសក្ការៈបូជាមួយកន្លែងប្រចាំភូមិ បន្ទាប់ពីអ្នកភូមិជាច្រើនបានកើតមានអាការៈរវើរវាយចម្លែក និយាយស្តីមិនដឹងខុសត្រូវ ដែលតាមជំនឿរបស់អ្នកភូមិ គឺអ្នកទាំងនោះត្រូវខ្មោច ព្រាយ បិសាច អាប ចូលសណ្ឋិតក្នុងខ្លួន ដោយសារតែអ្នកស្រុកបានធ្វើឱ្យអ្នកតាខឹងសម្បា។

ពិធីបណ្តេញខ្មោចព្រាយបិសាចខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអាស្រមអ្នកតាមួយកន្លែង ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប។ ដោយមានការប្រមូលផ្ត្តុំប្រជាពលរដ្ឋ អ្នកភូមិកំពង់ស្រឡៅ រាប់រយនាក់ នាំគ្នាលត់ជង្គង់អុជធូបហុយទ្រលោមពេញអាកាស។

នៅក្នុងពិធីបែបន់ ដែលមានតាអាចារ្យ និងចាស់ទុំប្រចាំភូមិ ជួយរៀបចំដឹកនាំយ៉ាងត្រឹមត្រូវនោះ គេឃើញមានការរៀបចំជាស្លាធម៌ បាយសី បាយស បាយក្រហម រួចនាំគ្នាដង្ហែយកទៅបណ្តែតចោលតាមទឹកទន្លេ។ ជាមួយនេះ ក៏មានការអុជផាវ បង្កឱ្យមានសំឡេងផ្ទុះលាន់ទ្រហឹងពេញភូមិទៀតផង ចំណែកតាមផ្ទះអ្នកភូមិ ត្រូវចងព័ទ្ធដោយអំបោះសីមា ដើម្បីការពារដែរ។ រីឯមនុស្សម្នា អ្នកភូមិកំពង់ស្រឡៅ ស្ទើរ១ភូមិ បាននាំគ្នាលង់ជង្គង់ ព័ទ្ធជុំវិញអាស្រមអ្នកតា និងបែរបន់តាមជំនឿរៀងៗខ្លួន លាន់ឮសំឡេងទ្រហឹងពេញកន្លែងប្រារឰពិធី។

លោកស៊ឹម បឿន ស្មៀនឃុំកំពង់ស្រឡៅ១ បានបញ្ជាក់ឱ្យដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅ រៀបចំពិធីបែបនេះមែន ដោយក្នុងនោះ មានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប៉ូលិស និងប្រជាការពារភូមិ និយាយរួមក្នុងមួយភូមិកំពង់ស្រឡៅ គឺចូលរួមគ្រប់គ្នា។ ចំពោះមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅ រៀបចំធ្វើពិធីដង្ហែបណ្តេញខ្មោច ព្រាយ បិសាច អាប ចេញពីភូមិនេះ ក៏ព្រោះតែកាលពីប៉ុន្មានថ្ងៃមុននេះ រាប់ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រមាណ៦នាក់ ត្រូវបានខ្មោច ព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន រហូតដល់មានកូនកម្លោះក្រមុំមួយគូ ត្រូវខ្មោចព្រាយចូលសណ្ឋិតក្នុងថ្ងៃរៀបការ ហើយថែមទាំងមានកូនរបស់លោកមេឃុំកំពង់ស្រឡៅ១ ម្នាក់ផងដែរ ដែលត្រូវខ្មោចចូលសណ្ឋិត។

លោកស្មៀនឃុំកំពង់ស្រឡៅ១ បានបន្តថា អាការៈរបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវខ្មោចព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន គឺស្តែងចេញឱ្យឃើញតាមរយៈការនិយាយស្តី ស្រែកក្នុងសភាពរវើរវាយផ្តេសផ្តាស ចំណែកភ្នែកបាញ់ក្រឡោត សម្លឹងមើលទៅមនុស្សជុំវិញគួរឱ្យព្រឺខ្លាចបំផុត។ អាការៈបែបនេះ មិនអាចយកទៅព្យាបាលនៅមន្ទីរពេទ្យបានទេ គឺមានតែគ្រូអាចារ្យ ដែលមានមន្តអាគមន៍ស្តោះផ្លុំ ទើបអាចជួយឱ្យអ្នកជំងឺវិលមករកសភាពធម្មតាវិញបាន។

តាមប្រភពពីចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិកំពង់ស្រឡៅ បានឱ្យដឹងថា ពិធីបណ្តេញខ្មោចព្រាយបិសាច ខាងលើនេះ ប្រជាពលរដ្ឋក្នុងភូមិ ទើបតែធ្វើនៅក្នុងឆ្នាំនេះទេ ខណៈដែលឆ្នាំមុនៗកន្លងទៅ រៀបចំតែពិធីឡើងអ្នកតាប៉ុណ្ណោះ។ ដោយឡែកមូលហេតុដែលនាំឱ្យមានបញ្ហាខ្មោច ព្រាយ បីសាច ចូលសណ្ឋិតខ្លួនអ្នកភូមិនេះ គឺផ្តើមចេញពី៣ចំណុច ទី១-ការយកខ្មោចតៃហោងចូលមកក្នុងភូមិ ទី២-បុណ្យឡើងអ្នកតាមិនសូវមាន ប្រជាពលរដ្ឋចាស់ៗចូលរួម មានតែក្មេងៗ ហើយក៏គ្មានអ្នកស្នងរូបចូលសណ្ឋិត និងទី៣-មិនមានធ្វើពិធីអុំទូករាល់ឆ្នាំ សម្រាប់សែនដល់អ្នកតា ទើបធ្វើឱ្យអ្នកតាខឹងសម្បា ក៏ព្រលែងខ្មោចព្រាយ ចូលធ្វើបាបប្រជាពលរដ្ឋក្នុងភូមិបែបនេះតែម្តង៕

RELATED ARTICLES