Saturday, February 1, 2025
Homeសន្ដិសុខសង្គមចោរប្លន់ហាងកាហ្វេ គេចខ្លួន១០ថ្ងៃ ជាប់ខ្នោះ

ចោរប្លន់ហាងកាហ្វេ គេចខ្លួន១០ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពភ្ជង់ប្លន់ក្នុងហាងកាហ្វេ Wring Coffee តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយប្រមូលយកលុយកាក់ ទូរស័ព្ទ និងម៉ូតូធំ១គ្រឿង កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នោះ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ មានឈ្មោះហូ ម៉េងហ័រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទីតាំងដែលសមត្ថកិច្ច ចុះឃាត់ខ្លួន និងមានស្រុកកំណើតនៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើងនៅចំណុច ហាងកាហ្វេយីហោ Wring Coffee ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយជនសង្ស័យម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានដើរចូលទៅផឹកកាហ្វេនៅក្នុងហាងខាងលើ លុះបុគ្គលិកហាងដាក់កាហ្វេឱ្យមិនទាន់ទាំងផឹកអស់ផង ជនសង្ស័យក៏ដើរសំដៅទៅរកបុគ្គលិកអ្នកគិត លុយ រួចបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ចង់ប្លន់តែម្តង។

តាមការអះអាងរបស់ម្ចាស់ហាងកាហ្វេ Wring Coffee ខាងលើបានអះអាងថា សម្ភារៈ និងទ្រព្យសម្បត្តិដែលត្រូវជនសង្ស័យ ប្លន់យកទៅ រួមមាន ម៉ូតូធំ១គ្រឿង ទូរសព្ទ័ដៃ ១គ្រឿង និងប្រាក់មួយចំនួន។

ក្រោយកើតហេតុ ជនប្លន់ប្រដាប់អាវុធ ខាងលើបានបើកម៉ូតូដែលប្លន់បាន រួមជាមួយ សម្ភារៈ គេចខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែក ម្ចាស់ហាងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍។

មន្ត្រីកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបាននិងឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៨ ក្រោមកិច្ចសហការរវាងកម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ អាវុធហត្ថខណ្ឌជ្រោយចង្វា និងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES