ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ បានសុំម្តាយរបស់ខ្លួនទៅលេងផ្ទះជីដូន នៅភូមិក្បែរគ្នា លុះទៅដល់ ក៏បានបបួលក្មេងស្រីម្នាក់ ចុះទៅងូតទឹកទំនប់លេង ស្រាប់តែអកុសល រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឱ្យលង់ទាំង២នាក់ និងត្រូវបានប្រជាពលរដ្ឋនៅក្បែរ នោះប្រទះឃើញជួយស្រង់ទាន់ពេល ហើយត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ តែអុសល ក្មេងប្រុសរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម មុនដឹកទៅដល់មន្ទីរពេទ្យ ចំណែកក្មេងស្រីត្រូវបានគ្រូពេទ្យសង្គ្រោះ រួចរស់ជីវិតហើយ។
ហេតុការណ៍ក្មេងប្រុសស្រី២នាក់លង់ទឹក បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទំនប់ទឹកលាវ ស្ថិតក្នុងភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះរ៉ាត់ មានិត អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកម្តាយឈ្មោះអូម ម៉ៅ អាយុ៤០ឆ្នាំ សព្វថ្ងៃមានលំនៅក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ចំណែកក្មេងស្រីរងគ្រោះដែលមានសំណាងបានរួចរស់ជីវិត មានឈ្មោះណោត សារ៉េន អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានសុំម្តាយទៅលេងផ្ទះជីដូនរបស់ខ្លួន នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលស្ថិតនៅភូមិជាប់គ្នា។ លុះពេលក្មេងប្រុសរងគ្រោះមកដល់ផ្ទះ ជីដូនហើយ ក្មេងប្រុសរងគ្រោះ ក៏បានបបួលក្មេងស្រីឈ្មោះណោត សារ៉េន ដែលរស់នៅ ក្បែរផ្ទះជីដូន ទៅលេងទឹកប្រឡាយនៅចំណុចទំនប់លាវខាងលិច ភូមិបន្ទាយឆ្មារលិច ចម្ងាយប្រមាណ៥០ម៉ែត្រ។
ប្រភពដដែលបន្តថា លុះពេលដែលក្មេងប្រុសស្រីទាំង២នាក់ចុះងូតទឹកលេង ទំនងជារអិលជើលចូលកន្លែងជ្រៅ ស្រាប់តែធ្វើឱ្យលង់ទឹកទាំង២នាក់ ហើយភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះប្រទះឃើញ បានចុះជួយស្រង់ទាន់ពេលវេលា និងត្រូវក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។
ប្រភពដដែលបានឱ្យដឹងទៀតថា ខណៈ ដែលកំពុងដឹកបញ្ជូនក្មេងប្រុសស្រីទាំង២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះដោយសារតែស្ថានភាពរបស់ក្មេងប្រុសរងគ្រោះឈ្មោះ រ៉ាត់ ម៉ានិត មានសភាពធ្ងន់ពេក ទើបបណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មមុនទៅដល់មន្ទីរពេទ្យ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ណោត សារ៉េន ត្រូវបានជួយសង្គ្រោះទាន់ពេល វេលា រួចផុតពីការបាត់បង់ជីវិត។
សាកសពក្មេងប្រុសរងគ្រោះ បន្ទាប់ពីត្រូវសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យរួច បញ្ជាក់ថា ពិតជាលង់ទឹកស្លាប់ប្រាកដមែននោះ ក៏ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕