ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលកន្លងមកគេធ្លាប់តែឃើញកញ្ញាធី សុវណ្ណថា ដែលជិះរថយន្ដ Lexus LX570 ធ្លាប់តែប្រឡូកក្នុងឆាកនយោបាយយ៉ាងជោគជាំនោះ ស្រាប់តែនៅថ្ងៃ០៨ ខែមីនា ចំថ្ងៃសិទ្ធិនារីអន្ដរជាតិ នោះ គេបែរជាឃើញសុវណ្ណថា ក្លាយជាអ្នកបង្ហាញម៉ូដដើរបង្ហាញផលិតផលគ្រឿងសម្អាងរបស់ឌួង ហ្សូរីដា ផ្អើលពេញផ្សារទំនើបអ៊ីអន ។
ធី សុវណ្ណថា មានសម្រស់លេចធ្លោគួរសមនៅពេលដែលប៉ះជាមួយអ្នកបង្ហាញម៉ូដសុទ្ធតែជាតារាល្បីៗ មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, យ៉ែម ស្រីពេជ្រ, អ៊ឹង និមល និងអាចិន ជាដើមនោះ ហើយគេឃើញទឹកមុខសុវណ្ណថា មើលទៅដូចជាភ័យៗ ព្រោះថានេះជាលើកទី១ ដែលនាងលេចមុខដើរម៉ូដក្នុងក្រុមបង្ហាញម៉ូដដែលដឹកនាំដោយកញ្ញាឌួង ហ្សូរីដា នោះ។
ដោយឡែក សម្រាប់អ្នកមកទស្សនាផ្ទាល់វេទិកាបង្ហាញម៉ូដនោះ បានលាន់មាត់ថា ”អីយ៉ា! ស្ងាត់ៗ ធី សុវណ្ណថា ក្លាយទៅជាអ្នកបង្ហាញម៉ូដហើយតើ… មើលទៅពិតជាល្បីណាស់ទាំងឆាកនយោបាយ និងជាតារាទៀតន៎…”។ ការដើរម៉ូដនោះក៏មានអ្នកទៅទស្សនាផ្ទាល់បានសុំថតរូប Selfie ជាមួយសុវណ្ណថា ដែរ ដែលធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង ញញឹមបិទមាត់មិនជិតឡើយ។
ឌួង ហ្សូរីដា បានឲ្យដឹងថា ”ថ្ងៃដែលកញ្ញាធី សុវណ្ណថា ដើរម៉ូដហ្នឹងជាលើកទី១ហើយ សម្រាប់គាត់ ព្រោះថាពីមុនមកគាត់មិនដែលដើរម៉ូដឲ្យយើងនោះទេ។ ដោយសារតែលើកដំបូងអីចឹង កញ្ញាសុវណ្ណថា គាត់ភ័យដែរមើលទៅ តែមិនអីទេ ដំណើរការដោយរលូន។ កម្មវិធីនេះខ្ញុំដាក់លក់ផលិតផលរបស់ហាង “មុទិតា” រយៈពេល៣ថ្ងៃ គឺថ្ងៃទី០៨ដល់ថ្ងៃទី១១ ខែមីនា ហើយនៅថ្ងៃដំបូងនោះ យើងលក់ផលិតផលដាច់ខ្លាំងណាស់ ទាំងភ្ញៀវជាតិនិងអន្ដរជាតិមកទិញច្រើន ព្រោះយើងមានបញ្ចុះតម្លៃជាពិសេសនូវផលិតផលសុខភាព និងសម្ភស្សសុទ្ធ១០០% គ្រប់ប្រភេទនាំចូលពីបរទេស”។
មហាជនជាច្រើនបានលើកឡើងថា ការក្លាយទៅជាអ្នកបង្ហាញម៉ូដរបស់កញ្ញាធី សុវណ្ណថា នៅពេលនេះ អាចជាការដកឃ្លាពីឆាកនយោបាយមួយអន្លឺ ឬយ៉ាងណា ស្របពេលដែលអ្នកខ្លះទៀតបានលើកឡើងថា សុវណ្ណថា ពេលនេះក្លាយទៅជាសមាជិករបស់ក្រុមបង្ហាញម៉ូដដែលមានហ្សូរីដា ជាប្រធាននោះទៅហើយ។
ឌួង ហ្សូរីដា បន្ថែមថា ”តាមពិត គាត់ (សុវណ្ណថា) មិនមែនជាសមាជិកអចិន្ត្រៃយ៍របស់យើងទេ តែពេលនេះខ្ញុំឃើញគាត់ចង់ប្រឡូកចូលសិល្បៈអីចឹង យើងស្វាគមន៍អ្នកដែលមានសមត្ថភាព រូបសម្រស់ និងមិនជាប់កុងត្រាឲ្យខាងណា អាចចូលរួមជាមួយយើងបាន ព្រោះក្រុមហ៊ុនយើងមិនមែនជា Agency ទេ តែជាសមាគមតារាបង្ហាញម៉ូដកម្ពុជា (Cambodian Supermodels Association) ។ តាមដឹង កញ្ញាធី សុវណ្ណថា ក៏ជា “Miss Queen of The Spa 2018” ដែរ អីចឹងគាត់ចូលសិល្បៈហើយ គ្រាន់តែថា ការដើរបង្ហាញម៉ូដជាសារធារណៈអីចឹង លើកទី១ គឺគាត់មានអារម្មណ៍ភ័យៗដែរ ព្រោះថានៅជុំវិញខ្លួនគាត់ គឺសុទ្ធតែអ្នកបង្ហាញម៉ូដល្បីៗដែលមានបទពិសោធន៍”។
ទស្សនិកជនដែលទៅទស្សនាដោយផ្ទាល់ការតាំងស្ដូបលក់ផលិតផលរក្សាសម្រស់របស់ហ្សូរីដា នោះ បានឲ្យដឹងថា ពិធីការិនីរូបនេះលេងមួយក្បាច់នេះផ្អើលពេញផ្សារទំនើបអ៊ីអនតែម្ដង ព្រោះថាមនុស្សម្នាជាច្រើនទៅចោមមើលកញ្ញាធី សុវណ្ណថា ដែលស្រាប់តែចេះដើរម៉ូដកាច់រាងលេងចង្កេះលើឆាក ដូចតារាម៉ូដល្បីអីចឹង ធ្វើឲ្យអ្នកដើរម៉ូដអាជីពផ្សេងទៀតបានលាន់មាត់ថា បើសុវណ្ណថា ចាប់អាជីពដើរម៉ូដនេះ ស្មើនយោបាយដែរនោះ ពួកគេនឹងប្រឈមការបាត់បង់អាជីពជាមិនខាន៕