Thursday, November 21, 2024
Homeនយោបាយលោកកឹម សុខា តុលាការកំពូលសម្រេចមិនដោះលែង

លោកកឹម សុខា តុលាការកំពូលសម្រេចមិនដោះលែង

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់សវនាការកាលពី ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ តុលាការ កំពូល បានសម្រេចឱ្យបន្តឃុំខ្លួនលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុង ពន្ធនាគារដដែល គឺតុលាការកំពូលសម្រេចរក្សា តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដដែល។

លោកកែត ឃី មេធាវីម្នាក់ ក្នុងចំណោម មេធាវីទាំង៨រូប របស់លោកកឹម សុខា បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ថា មានហេតុផលមួយចំនួន ដែល តុលាការកំពូល បានលើកឡើងក្នុងការសម្រេច មិនឱ្យលោកកឹម សុខា បាននៅក្រៅឃុំនោះ។

លោកកែត ឃី បានមានប្រសាសន៍ថា “មូលហេតុដែលយើងស្តាប់ហ្នឹង គឺតំណាង អយ្យការ គាត់ថា រឿងហ្នឹងជារឿងបទឧក្រិដ្ឋ ធ្ងន់ ដែលទណ្ឌកម្មហ្នឹងធ្ងន់ គាត់មិនអនុញ្ញាត ឱ្យនៅក្រៅឃុំ នេះខាងតំណាងអយ្យការ។ ប៉ុន្តែ ខាងតុលាការហ្នឹង យើងអត់ទាន់បានទទួល សាលដីកាមើលអំពីការយល់ឃើញរបស់ចៅក្រមហ្នឹង។ ដល់អ៊ីចឹង យើងបានតែសេចក្តី សម្រេច គ្រាន់តែសម្រេចថា តម្កល់សាលដីកា សាលាឧទ្ធរណ៍ ទុកជាបានការ ឯការយល់ឃើញ នោះ យើងអត់ទាន់ដឹងទេ ទាល់តែយើងបាន សាលដីកា ទើបយើងដឹងការយល់ឃើញហ្នឹង”។

សំណើសុំឱ្យលោកកឹម សុខា នៅក្រៅឃុំ ត្រូវបានដាក់ទៅកាន់តុលាការគ្រប់ជាន់ថ្នាក់អស់ ហើយ ដែលរួមមាន សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល។ ប៉ុន្តែចាប់ តាំងពីតុលាការជាន់ទាប រហូតដល់តុលាការ កំពូល សុទ្ធតែបដិសេធសំណើសុំនៅក្រៅឃុំ របស់លោកកឹម សុខា។

ក្រុមមេធាវី លើកឡើងថា ការស្នើឱ្យ ដោះលែងលោកកឹម សុខា ពីពន្ធនាគារជា បណ្តោះអាសន្ន គឺដើម្បីឱ្យលោកបានទៅព្យាបាលជំងឺនៅឯបរទេស។

បើតាមក្រុមមេធាវី លោកកឹម សុខា មានជំងឺដល់បីប្រភេទឯណោះ គឺលើសឈាម ទឹកនោមផ្អែម និងកៀបសរសៃដៃខាងឆ្វេង។ ប៉ុន្តែតុលាការមិនអនុញ្ញាតឱ្យលោកកឹម សុខា នៅក្រៅឃុំ តាមការស្នើសុំ ធ្វើឱ្យក្រុមមេធាវី មានការសោកស្តាយ និងកំពុងបន្តពិភាក្សារក នីតិវិធីផ្សេងទៀត ដើម្បីជួយកូនក្តីឱ្យបាននៅ ក្រៅឃុំដូចបំណង។

លោកកែត ឃី បានមានប្រសាសន៍បន្ត ថា “យើងបានលើកហេតុផលជាច្រើន ដើម្បី ឱ្យតុលាការកំពូល ពិចារណាអំពីគាត់ គួរតែ បាននៅក្រៅឃុំ គឺបញ្ហាសុខភាពរបស់គាត់ ដែលវ័យគាត់ចាស់ ហើយអាជំងឺកៀបសរសៃ ហ្នឹង ធ្វើឱ្យគាត់ឈឺចុកចាប់រាល់យប់។ អ៊ីចឹង គាត់សម្រាន្តអត់បាន ដល់កាលណាសម្រាន្ត អត់បាន អាជំងឺលើសឈាមហ្នឹងក៏កាន់តែរួមរឹតថែម ហើយអាជំងឺទឹកនោមផ្អែម ក៏កាន់តែ រួមរឹតគាត់ទៀត។ អ៊ីចឹងគាត់ទៅជាជំងឺបីមុខ ក្នុងពេលតែមួយ។ អ៊ីចឹងយើងបានបង្ហាញពី ទុក្ខលំបាករបស់គាត់ ប៉ុន្តែការយល់ឃើញរបស់ ចៅក្រមហ្នឹង យើងអត់ទាន់បានទទួលបានទេ។

លោកកែត ឃី បន្តទៀតថា “ឥឡូវនេះ យើងបានដាក់ពាក្យមួយ ដើម្បីប្តឹងឧទ្ធរណ៍លើ ដីកាសម្រេចពន្យារការឃុំខ្លួនគាត់តទៅទៀត។ ក្នុងដីកានោះបានបញ្ជាក់ថា កាលណាឃុំគាត់ យូរ មិនព្រមរកយុត្តិធម៌ឱ្យគាត់ឱ្យបានឆាប់ ធ្វើ ឱ្យគាត់កាន់តែលំបាកក្នុងស្ថានភាពជំងឺ គឺយើង ទាំងអស់គ្នាយល់ថា គាត់មិនមានទោសដូច ការចោទប្រកាន់ទេ។ អ៊ីចឹងបានសុំឱ្យលើករឿង នេះមកជម្រះឱ្យបានឆាប់ ដើម្បីឱ្យឃើញថា តើ គាត់មានទោសដូចការចោទប្រកាន់ឬអត់?”។

គួរបញ្ជាក់ថា សវនការតុលាការកំពូល នេះបានធ្វើឡើង ក្រោយពេលដែលចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី និងព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ កាលពីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ បានធ្វើដំណើរ ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីសាកសួរលោកកឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ម្តងទៀត ខណៈដែល អតីតមេបក្សប្រឆាំងរូបនេះ កំពុងជាប់ឃុំនៅ ទីនោះ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ហើយជាលទ្ធផល តុលាការ បានសម្រេចបន្តឃុំខ្លួនលោកកឹម សុខា នៅពន្ធនាគារជាបណ្តោះអាសន្នរយៈពេល៦ ខែទៀត។

គួរបញ្ជាក់ដែរថា កាលពីសវនាការសាលា ឧទ្ធរណ៍ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចបានបញ្ជូនលោកកឹម សុខា ពីពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ឱ្យមានវត្តមាននៅក្នុង សវនាការ។ ដោយឡែក សវនាការតុលាការ កំពូល ម្សិលមិញ លោកកឹម សុខា មិនត្រូវបាន នាំខ្លួនពន្ធនាគារខេត្តត្បូងឃ្មុំ ឱ្យមកចូលរួមក្នុង សវនាការនោះទេ គឺមានតែក្រុមមេធាវីរបស់ លោក បានចូលរួមក្នុងសវនាការនេះ។

លោកកែត ឃី បានមានប្រសាសន៍បន្ថែម លើចំណុចនេះថា “ព្រឹកមិញ ជាការកត់សម្គាល់ រៀបចូលដល់សវនាការភ្លាម គឺមេធាវីយើងបាន លើកថា ត្រូវតែយកគាត់មក ហើយខាងតំណាង អយ្យការហ្នឹង គេថា ដោយសារការជំនុំជម្រះ ហ្នឹងមុនអង្គសេចក្តី អ៊ីចឹងមិនចាំបាច់គាត់មាន វត្តមានទេ ប៉ុន្តែយើងទាមទារឱ្យគាត់មក ទី១ បង្ហាញពីសុខភាពគាត់ឱ្យតុលាការកំពូលមើល ឃើញច្បាស់នៅនឹងភ្នែកថា គាត់ឈឺកម្រិតណាៗ”៕

កុលបុត្រ

RELATED ARTICLES