តារាចម្រៀងផលិតកម្មថោន ឈិត សុវណ្ណបញ្ញា ហាក់ដូចជានៅមិនទាន់មានបទចម្រៀងណាផ្ទុះឡើយ តាំងពីរើបង្វេចចេញពីផលិតកម្មហង្សមាស ទៅផ្ញើខ្លួននៅថោន ទើបធ្វើឱ្យមានការលេចឮថា សុវណ្ណបញ្ញា ខកចិត្ត។
ប៉ុន្តែ ក្នុងជំនួបកាលពីពេលថ្មីៗនេះ សុវណ្ណបញ្ញា បញ្ជាក់ថា ប្រាក់ចំណូលសិល្បៈរបស់នាងនៅដូចមុនដដែល គឺមិនមានអ្វីត្រូវខកចិត្តស្តាយក្រោយទេ …។
ឈិត សុវណ្ណបញ្ញា ហាក់ស្រងូតស្រងាត់បន្តិច នៅពេលដែលទៅដល់ផលិតកម្មថោន ហើយបែរជាមិនទាន់មានបទចម្រៀងផ្ទុះដូចចិត្ត ទើបធ្វើឱ្យទីផ្សារអតីតតារាចម្រៀងហង្សមាស រូបនេះ នៅទ្រឹងនឹងថ្កល់គ្មានការប្រែប្រួលឡើយ។
ប្រភពបានឱ្យដឹងថា សុវណ្ណបញ្ញា ចង់ចេញ Solo Album នៅផលិតកម្មថោន តែក្តីស្រមៃនេះនៅតែមិនទាន់អាចសម្រេចដដែល ទើបធ្វើឱ្យបញ្ញា ក្រៀមស្រពោនឱរា។
ក្នុងជំនួបផ្ទាល់ជាមួយឈិត សុវណ្ណបញ្ញា តារាចម្រៀងតូចច្រឡឹងរូបនេះប្រាប់ថា មានបទខ្លះបានចេញ បទខ្លះមិនទាន់បានចេញទេ អ៊ីចឹងនាងក៏ច្រៀងបទចាស់ៗ ខ្លះៗពីមុនក៏មានដែរ តែមិនជាបញ្ហាអីឡើយ ព្រោះថា តារាចម្រៀងនៅថោន មានច្រើននាក់ដែរ ដូច្នេះបទចម្រៀងមានការបែងចែកគ្នាច្រៀង។
ឈិត សុវណ្ណបញ្ញា អះអាងថា “បទចម្រៀងខ្ញុំច្រៀងនៅថោន មានបទថ្មីៗច្រើនដែរតើ! តែក៏មានបទខ្លះបានចេញ និងបទខ្លះទៀតមិនទាន់ចេញដែរ។ សម្រាប់ខ្ញុំអត់បញ្ហាអីទេ ខ្ញុំចង់ធ្វើអ្វីឱ្យប្លែក ច្រៀងបទថ្មីខ្លះ ចាស់ខ្លះក៏បាន ព្រោះកាលនៅហង្សមាស ខ្ញុំធ្វើបទខ្លួនឯងខ្លះដែរ អ៊ីចឹងជួនកាលត្រូវយកបទទាំងនោះច្រៀងដែរ។ តាំងពីមកថោន ខ្ញុំនៅតែមានការងារធ្វើដូចមុនអ៊ីចឹង ចុះច្រៀងតាមខេត្តរហូតហ្នឹង! ហើយប្រាក់ចំណូលក៏មិនធ្លាក់ចុះដែរ តែខ្ញុំមិនអាចប្រាប់បានថា យើងរកបានប៉ុន្មានក្នុង១ខែទេ”។
ឈិត សុវណ្ណបញ្ញា មានតម្លៃខ្លួនច្រៀង១កម្មវិធី ជាង១ពាន់ដុល្លារ ហើយក្រៅពីជាតារាចម្រៀងនាងក៏ឈានទៅថតភាពយន្តបន្ថែមផងដែរ។ ប៉ុន្តែ ពេលនេះផលិតកម្មថោន មិនទាន់ផ្តល់តំណែងជាតួឯកសម្រាប់សុវណ្ណបញ្ញា ឡើយ ខណៈដែលមានបណ្តាផលិតករផ្សេងៗទៀត បានទាក់ទងតារារូបនេះឱ្យធ្វើជាតួឯកដែរ តែសុវណ្ណបញ្ញា មិនហ៊ានទទួលឡើយ។
អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ឱ្យដឹងថា “ខ្ញុំថតចប់រឿងទូរទស្សន៍ប៉ុស្តិ៍លេខ៨ មក មិនទាន់ទទួលថតរឿងថ្មីទៀតទេ។ មានផលិតកម្មមួយចំនួនបានទាក់ទងដែរ តែការថតបានទាល់តែមានការអនុញ្ញាតពីផលិតកម្មជាមុនសិន ទើបបាន។ ចំពោះផលិតកម្មថោន គាត់មិនទាន់និយាយរឿងឱ្យខ្ញុំថតភាពយន្តទេ ព្រោះខ្ញុំកុងត្រាជាមួយគាត់ គ្រាន់តែជាតារាចម្រៀងប៉ុណ្ណោះ”៕