ក្នុងចំណោមតារាចម្រៀងម្ចាស់ពានទាំងអស់របស់ហង្សមាស ត្រូវបានមហាជនមើលឃើញថា មានតែប៊ុត សីហា ទេ ដែលមានសំឡេងខ្លាំងជាងគេ ហើយអាចឡើងខ្លាំង ប្រសិនបើហង្សមាស លើកស្ទួយ។ ប៉ុន្តែពេលនេះ តួឯកពិតប្រាកដដែលហង្សមាស នឹងលើកតម្កើងនាពេលខាងមុខនេះ គឺជានី រតនា ទៅវិញទេ ក្រោយពេលដែលប៊ុត សីហា ត្រូវថៅកែផលិតកម្មរស្មីហង្សមាស បញ្ឈប់ពីហង្សមាស បន្ទាប់ពីអ្នកចម្រៀងរូបនេះ ជាប់ពាក់ព័ន្ធគ្រឿងញៀន ដែលត្រូវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នោះ…។
មហាជននិងតារាចម្រៀងទាំងឡាយបានលើកឡើងថា ម្ចាស់ពានតារាចម្រៀងប្រុសទាំងអស់ របស់ផលិតកម្មរស្មីហង្សមាស មានដូចជា នី រតនា, ថែល ថៃ, ដួង វីរៈសិទ្ធ នោះ គឺមានតែប៊ុត សីហា ជ័យលាភី “The Voice Cambodia” រដូវកាលទី1ទេ ដែលមានសំឡេងខ្លាំងជាងគេ និងអាចច្រៀងបទស្រែកខ្លាំងៗ បានជាងតារាវ័យក្មេងដទៃទៀត នៅហង្សមាស ហេតុនេះហើយគេជឿថា ហង្សមាស ដែលជាផលិតកម្មចង់លើកតារាណាឱ្យល្បី គឺត្រូវតែល្បីនោះ នឹងលើកសីហា ឱ្យក្លាយទៅជាតារាចម្រៀងសំខាន់របស់ខ្លួន នាពេលខាងមុខជាមិនខាន។
ប៉ុន្តែពេលនេះ ប៊ុត សីហា បានអស់តំណែងពីហង្សមាស មុនផុតកុងត្រានៅឆ្នាំ2020 នោះទៅហើយ ដោយសារតែអតីតកូនក្រុមតារាចម្រៀងឆន សុវណ្ណរាជ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការណ៍ជាមួយនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2018 ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលបទល្មើសនេះ សមត្ថកិច្ចបានតាមដានជាយូរមកហើយ។
បើទោះជាមានការដោះលែងវិញ ដើម្បីឱ្យគេកែខ្លួននៅមណ្ឌលបន្សាបគ្រឿងញៀនក៏ដោយ តែពេលនេះ ថៅកែផលិតកម្មរស្មីហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន បានប្រាប់អ្នកអានព័ត៌មាន លោកមាស រិទ្ធី ថា ហង្សមាស លែងទទួលប៊ុត សីហា ជាអ្នកចម្រៀងរបស់ខ្លួនទៀតហើយ ចាប់ពីពេលនេះតទៅ បើទោះជាសីហា កែប្រែខ្លួនយ៉ាងណាក៏ដោយ គឺសុំអស់និស្ស័យត្រឹមប៉ុណ្ណោះ។
ការបាត់បង់តំណែងរបស់ប៊ុត សីហា នៅពេលនេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា ហង្សមាស នឹងងាកទៅលើកតម្កើងម្ចាស់ពាន “Cambodian Idol” រដូវកាលទី1 នី រតនា ថែមទៀតជាមិនខាន ដែលអាចធ្វើឱ្យអ្នកចម្រៀងរូបនេះ ក្តោបឱកាសក្លាយទៅជាតារាចម្រៀងសំខាន់របស់ហង្សមាស នាពេលអនាគត បើទោះជាសំឡេងរបស់រតនា មិនខ្លាំងជាងសីហា ក៏ដោយ តែអ្នកចម្រៀងមានស្រុកកំណើតនៅខេត្តកំពង់ធំ នេះ មិនធ្លាប់មានរឿងអាស្រូវដូចសីហា ទេ។
ប្រភពបានឱ្យដឹងថា នី រតនា ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនហង្សមាស ពេញចិត្តខ្លាំងលើខ្លួន ទើបប្រគល់តំណែងជាតួឯក ក្នុងរឿង “រាជបុត្រកង្កែប” ដែលប៉ះជាមួយវី ឌីណែត ត្រៀមដាក់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ហង្សមាស នាពេលខាងមុខនេះហើយ ដើម្បីធ្វើឱ្យរតនា កាន់តែល្បីថែមទៀត។
ក្នុងជំនួបផ្ទាល់ជាមួយនី រតនា កាលពីពេលថ្មីៗនេះ អ្នកចម្រៀងដែលធ្លាប់មានប្រវត្តិកម្សត់ធ្វើជាកម្មករនៅផ្សារថៃ រូបនេះ បានឱ្យដឹងថា ខ្លួនពិតជាមានការជឿជាក់លើភាពយន្តថ្មី លើកទី1 ក្នុងអាជីពនោះមែន តែពេលនេះថតបានពាក់កណ្តាល ហើយនឹងជួបឈុតពិបាកៗមួយចំនួនដែរ។
រតនា ថ្លែងថា “ខ្ញុំពេញចិត្តដែលហង្សមាស បានផ្តល់ឱកាសឱ្យខ្ញុំសម្តែងជាតួឯកក្នុងភាពយន្តនោះ តែមិនមែនថា ទាល់តែគាត់ឱ្យលេងតួឯក បានខ្ញុំសម្តែងនោះទេ គឺឱ្យតែគាត់ដាក់ឱ្យ ខ្ញុំលេងទាំងអស់ មិនប្រកាន់ទេ ព្រោះអីខ្ញុំជាតារាចម្រៀងមានកុងត្រាជាមួយហង្សមាស។ ឥឡូវរឿងហ្នឹងខ្ញុំបានថត50ភាគរយ ហើយនឹងបានជួបឈុតពិបាកៗច្រើនដែរ តែមិនអីទេ ព្រោះឱ្យតែសិល្បៈ គឺខ្ញុំស្រលាញ់ទាំងអស់ អ៊ីចឹងខ្ញុំទទួលបានបទពិសោធន៍កាន់តែច្រើនថែមទៀតនៅពេលនេះ ព្រោះអីពីមុន ខ្ញុំធ្លាប់តែថតជា MV ពេលនេះ ថតកុនយើងដឹងបានមួយផ្នែកទៀត។ រឿងនេះនឹងថតចប់មុនបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ហើយនឹងដាក់បញ្ចាំងនាពេលឆាប់ៗដែរ”។
នី រតនា នឹងបានទាំងតំណែងជាតួឯកក្នុងភាពយន្តក្រោយៗទៀត រួមទាំងបទចម្រៀងល្អ ក្រោយពីប៊ុត សីហា អស់កៅអីអង្គុយនៅហង្សមាស៕