ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ក្រោយពីរួមរស់នឹងប្តីបានកូន២នាក់ ស្រាប់តែត្រូវប្តីហេងស៊យក្បត់ចិត្ត ចុះចោលប្រពន្ធកូនទៅរួមរស់ជាមួយស្រីថ្មីយ៉ាងរំភើយ ជាហេតុធ្វើឱ្យស្ត្រីអភ័ព្វឈឺចិត្តស្អិតទ្រូង ស្ទើរបាត់បង់សតិស្មារតី រហូតដល់ស្រាតខោអាវចេញពីខ្លួនអស់គ្មានសល់ (ននលគក) រួចក៏ស្ទុះរត់ទៅកណ្តាលផ្លូវ បំណងសម្លាប់ខ្លួនឱ្យរថយន្តបុក តែត្រូវប្រជាពលរដ្ឋអ្នកដំណើរ និងប្រជាការពារជួយឃាត់ទាន់ពេលវេលា។
ហេតុការណ៍ស្ត្រីតូចចិត្តប្តីរត់ចោលផ្ទះទៅមានស្រីថ្មី បែរជាស្រាតខោអាវចេញអស់ រួចស្ទុះរត់ចូលឡានប៉ងសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីខូចចិត្តដែលស្រាតខោអាវ រត់សំដៅចូលឡាន ប៉ងធ្វើអត្តឃាតរូបនេះ មានឈ្មោះគ្រី ស្រីមាស អាយុ២៥ឆ្នាំ មុខរបរដើររើសអេតចាយ មានប្តី និងមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅភូមិប្លុកសំណង់អនាធិបតេយ្យ ខាងក្រោយស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។
តាមប្រភពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើស្ថិតក្នុងសភាពស្មារតីហាក់មិនប្រក្រតី បានដើរស្រាតខោអាវចេញអស់ពីខ្លួន សល់តែខ្លួនននលគក រួចដើរតាមពីចំណុចមុខស្ថានទូតបារាំង រហូតដល់មុខសណ្ឋាគារភ្នំពេញ បន្ទាប់មកក៏ស្ទុះទៅទាញដុំថ្មយកមកវាយក្បាលខ្លួនឯង រួចបោកក្បាលទៅនឹងបង្គោលថ្ម បន្ទាប់មកក៏ស្ទុះរត់ទៅកណ្តាលផ្លូវបំណងរថយន្តបុក តែដោយត្រូវអ្នកដំណើរឃាត់ ក៏រត់ទៅទាញសំបកកំប៉ុងពីកន្លែងប៉ះកង់ យកមកអារកខ្លួនឯង ពោលគឺបញ្ចោញនូវសកម្មភាពចម្លែកៗ បង្កឱ្យប្រជាពលរដ្ឋអ្នកដំណើរមានការភ្ញាក់ផ្អើលចោមរោមមើលគ្រប់ៗគ្នា។
ប្រភពដដែលបន្តថា ក្រោយមក ដោយសារតែឃើញស្ត្រីខាងលើស្រាតសម្លៀកបំពាក់ចេញពីខ្លួនអស់ បង្ហាញកេរ្តិ៍ខ្មាស គួរឱ្យហួសចិត្ត និងទើសភ្នែកខ្លាំងពេក ទើបប្រជាពលរដ្ឋក្បែរនោះបានជួយយកក្រមាមករុំឱ្យ បន្ទាប់មកក៏មានអ្នកយកសម្លៀកបំពាក់មួយឈុតមកស្លៀកឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីឱ្យសមត្ថកិច្ចសាកសួរពីដំណើរដើមរឿងឱ្យបានច្បាស់លាស់។
ដោយឡែក តាមសម្តីបុរសជាអ្នកប៉ះកង់នៅក្បែរមន្ទីរពេទ្យកាល់ម៉ែតម្នាក់ ដែលអះអាងថា ស្គាល់ស្ត្រីខាងលើយ៉ាងច្បាស់ បានឱ្យដឹងថា ស្ត្រីខាងលើនេះគាត់ស្គាល់តាំងពីនាងនៅក្មេងៗម៉្លេះ ដោយនាងតែដើររើសអេតចាយតាំងពីតូច រហូតដល់សព្វថ្ងៃ។ កន្លងមក នាងធ្លាប់មានប្តី និងបានរួមរស់នឹងគ្នារហូតបង្កើតកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យដែរ តែក្រោយមក បុរសជាប្តីហេងស៊យបានរត់ចោលប្រពន្ធកូនបាត់ ដោយទៅសម្ងំរួមរស់ជាមួយនឹងស្រីថ្មី ទើបធ្វើឱ្យស្ត្រីជាប្រពន្ធរូបនេះ ឈឺចិត្តស្អិតទ្រូង ចង់បាត់បង់សតិស្មារតី រហូតដល់បញ្ចោញសកម្មភាពដូចពេលនេះ ដោយស្រាតខោអាវចេញអស់ ដើរពេញផ្លូវ ប៉ងសម្លាប់ខ្លួន ដោយយកដុំថ្មវ៉ៃក្បាលខ្លួនឯងផង បោកក្បាលនឹងបង្គោលថ្មផង ព្រមទាំងរត់ចូលឡានប៉ងឱ្យរថយន្តបុកផង និងថែមទាំងយកសំបកកំប៉ុងអារកសម្លាប់ខ្លួនផង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ ជួយឃាត់ទាន់ពេលវេលា។
ក្រោយសមត្ថកិច្ចធ្វើការសួរនាំ ស្ត្រីខាងលើបានប្រាប់លេខទូរស័ព្ទប្តីឱ្យសមត្ថកិច្ចទាក់ទងទៅ ប៉ុន្តែពេលសមត្ថកិច្ចខលទៅ ត្រូវម្ចាស់លេខទូរស័ព្ទនោះ ចុចបិទរហូត ពោលគឺមិនព្រមទទួលទាល់តែសោះ។ ក្រោយមក សមត្ថកិច្ចបានសម្រេចទាក់ទងទៅវិទ្យុអេប៊ីស៊ី ឱ្យមកទទួលស្ត្រីខាងលើ យកទៅស្នាក់នៅបណ្តោះអាសន្នសិន៕