ខេត្តកំពង់ធំ ៖ រថយន្តធុនទេសចរណ៍ចំនួន២គ្រឿង បើកក្នុងល្បឿនលឿនដូចគ្នា លុះភាគីម្ខាងព្យាយាមវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកភាគីម្ខាងទៀតយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់យ៉ាងអាណោចអធ័ម ចំណែក៤នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១១និង៤៨នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ស្ថិតក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍។
រថយន្តទាំង២គ្រឿងដែលជួបគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់នឹងរបួស រួមមានភាគីរថយន្តទី១-ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-6221 បើកបរដោយឈ្មោះម៉ាក រ៉ាដែន ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៏ (គេចខ្លួនបាត់)។ រថយន្តកាមរីបាឡែន មានអ្នករួមដំណើរចំនួន២នាក់ ទី១-ឈ្មោះវុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃ ស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ (របួសស្រាលបែកមុខមុតនឹងកញ្ចក់) និងទី២-ឈ្មោះជា ចាន់ណារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំង ស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ (ស្លាប់នៅនឹងកន្លែង)។
ចំណែករថយន្តទី២-ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2E-6221 បើកបរដោយឈ្មោះឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន (របួសធ្ងន់បាក់កជើងស្តាំ)។ រថយន្តកូរ៉ូឡាមានអ្នករួមដំណើរចំនួន២នាក់ដូចគ្នា រួមមាន ទី១-ឈ្មោះសុ ជាតា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់បាក់ឆ្អឹងស្មាស្តាំ) និងទី២-ឈ្មោះជា ឡែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់នៅនឹងកន្លែង)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៏ទឹកប្រាក់ បើកបរក្នុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តកាមរីបាឡែន បានព្យាយាមវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ រួចក៏ជ្រុលទៅបុករថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ដែលបើកបរក្នុងទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា) យ៉ាងពេញទំហឹង បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសបែបនេះតែម្តង។
ក្រោយកើតហេតុ ភាគីអ្នកបើករថយន្តម៉ាកកាមរីបាឡែន ដែលទទួលរងរបួសស្រាល បានរត់គេចខ្លួនបាត់ស្រមោល។ លុះបន្តិច ក្រោយមកសមត្ថកិច្ចបានចុះអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទាំង៣នាក់ ដែលទទួលរងរបួសធ្ងន់ស្រាលទៅកាន់មន្ទីរបេទ្យដើម្បីព្យាបាលសង្គ្រោះជីវិត។ ចំណែករថយន្តទាំង២គ្រឿង ក្រោយពីធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចជំនាញ បានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។
ដោយឡែក សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕