ខេត្តកណ្តាល ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ និងធ្វើឱ្យប្រជាពលរដ្ឋអ្នកដំណើរមានការភ័យឆោឡោ ព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈដែលកំពុងធ្វើដំណើរសុខៗ ខ្លោងទ្វារបុណ្យទន្លេក្រុងតាខ្មៅដ៏ធំ ដែលត្រូវបានគេដាក់កាត់ទទឹងផ្លូវ ដើម្បីជាការលំអរសោភ័ណ្ឌភាពទីក្រុងតាខ្មៅ ផងនោះ បានបាក់ធ្លាក់សង្កត់ទៅលើម៉ូតូ១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលឱ្យមនុស្សម្នាក់ទទួលរងរបួស តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
ហេតុការណ៍បាក់ខ្លោងទ្វារបុណ្យទន្លេក្រុងតាខ្មៅ ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ។
ជនរងគ្រោះដែលទទួលរងរបួសដោយសារឧប្បទ្ទវហេតុខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជនរងគ្រោះជាអ្នកបើករ៉ឺម៉កម៉ូតូ។ ចំណែកអ្នកដំណើរម្នាក់ទៀត ដែលជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ឈាមជ្រូក ទទួលរងការបាក់សង្កត់ពីខ្លោងទ្វារខាងលើដែរនោះ មិនមានទទួលរងគ្រោះថ្នាក់អ្វីទេ គ្រាន់តែម៉ូតូត្រូវខូចខាតតិចតួចប៉ុណ្ណោះ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមនុស្សម្នាក់កំពុងធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែខ្លោងទ្វារដែលត្រូវបានអាជ្ញាធរក្រុងតាខ្មៅ រៀបចំដាក់កាត់ទទឹងផ្លូវ ជាការលំអរសោភណ្ឌភាព និងបញ្ជាក់បង្ហាញពីការចូលរួមអបអរសាទរពិធីបុណ្យទន្លេ ដែលរៀបចំឡើងនៅក្នុងទឹកដីក្រុងតាខ្មៅផង បានបាក់ធ្លាក់ចុះទាំងកំរោល បណ្តាលឱ្យសង្កត់ទៅលើម៉ូតូ១គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង និងធ្វើឱ្យបុរសជាអ្នកបើករ៉ឺម៉កម៉ូតូ ទទួលរងរបួសតែម្តង។
ជុំវិញការបាក់ខ្លោងទ្វារបុណ្យទន្លេ កាត់ទទឹងផ្លូវខាងលើនេះ ត្រូវបានមហាជនខ្លះលើកឡើងថា ជាឧប្បទ្ទវហេតុ តែខ្លះបានចាត់ទុកថា ឧប្បទ្ទវហេតុនេះបង្កឡើងចេញពីការធ្វេសប្រហែសរបស់ក្រុមបច្ចេកទេសសាងសង់ខ្លោងទ្វារដ៏ធំមួយនេះ ដែលរៀបចំសាងសង់ឱ្យតែរួចពីដៃ ឆាប់បានលុយដាក់ហោប៉ៅ ទោះជាបង្កគ្រោះថ្នាក់ដល់អ្នកណា ក៏គេមិនខ្វល់ ហើយនេះចាត់ទុកថាជាសំណាងធំណាស់ ដែលពេលបាក់នៅលើផ្លូវ មិនសូវមានមនុស្សឆ្លងកាត់ច្រើន ពុំនោះទេ ច្បាស់ជាមានសោកនាដកម្មធំមិនខាន។
គួរបញ្ជាក់ថា ខ្លោងទ្វារបុណ្យទន្លេ កាត់ទទឹងផ្លូវជាតិលេខ២ដ៏ធំមួយនេះ ធ្វើពីដែកបាំងរំលេចដោយក្តាររចនារូបភាពបុណ្យទន្លេ មានទំហំធំ និងទម្ងន់រាប់រយគីឡូក្រាម។
ទាក់ទងទៅនឹងឧប្បទ្ទវហេតុខាងលើនេះ ប្រជាពលរដ្ឋខ្លះបានលើកជាសំណួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះជនរងគ្រោះ? ព្រោះថា កន្លងមក គេឃើញឱ្យតែប្រជាពលរដ្ឋអ្នកដំណើរ បើកបរបុកប៉ះជាមួយនឹងទ្រព្យសម្បត្តិសាធារណៈ ដើមឈើនៅលើដងផ្លូវ ឬចិញ្ចើមផ្លូវ អ្នកដំណើរនោះត្រូវទទួលខុសត្រូវចំពោះការខូចខាត ដោយចេញជាសំណងដល់រដ្ឋ ចុះត្រង់ទ្រព្យសម្បត្តិសាធារណៈ ដួលរលំ បាក់សង្កត់ទៅលើអ្នកដំណើរវិញ ជាក់ស្តែងករណីខាងលើជាឧទាហរណ៍ស្រាប់ តើជាករណីប្រធានស័ក្តិ ឬយ៉ាងណា…?៕