ម៉ាក សែនសូនីតា ដែលចោលប្រុសក្មេង ស្រវាពោះម៉ាយនោះ ពេលនេះមិនមានសេរីភាពពេញលេញក្នុងការលេងសិល្បៈដូចមុនទៀតទេ ព្រោះត្រូវគូស្នេហ៍លោកថៅកែ ប៉ូល វិបូរ ហាមដាច់ខាតមិនឱ្យលេងឈុតឆាកថើបបឺតមាត់ឡើយ…។
ការបានតួឯកក្នុងរឿង “ចន្ទ្រា” របស់កញ្ញាម៉ាក សែនសូនីតា នៅផលិតកម្ម Angkor Picture ដែលមានលោកប៉ូល វិបូរ ហៅនីត ជាថៅកែនោះ ទីបំផុតបានធ្វើឱ្យស្រីស្អាតម៉ាក សែនសូនីតា មិនអាចរើខ្លួនរួចពីកណ្តាប់ដៃអន្ទាក់ស្នេហ៍លោកថៅកែបានឡើយ ហើយទីបំផុតពួកគេបានក្លាយជាគូស្នេហ៍ស៊ីជម្រៅ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ទោះជាលោកប៉ូល វិបូរ មិនទាន់ក្លាយជាប្តីតូតា ស្របច្បាប់ក្តី តែអតីតនាយករងទូរទស្សន៍ CTN រូបនេះ បានហួងហែងស្រីស្អាតមិនឱ្យថតសម្តែងនូវឈុតណាដែលតម្រូវឱ្យមានតារាប្រុសថើបបឺតមាត់នោះជាដាច់ខាត បើមិនដូចច្នេះទេ លោកនឹងឱ្យតូតា ឈប់ពីសិល្បៈទាំងស្រុងតែម្តង នៅដើមឆ្នាំ2018នេះ។
ប្រភពបានឱ្យដឹងថា តូតា បានទៅថត MV បទថ្មីរបស់តារាចម្រៀងលោកអែនឌី ជា Original Songs គឺបទ “Crush ធ្វើឱ្យខូចចិត្ត” តែលោកអែនឌី ដែលធ្លាប់តែថតជាមួយស្រីស្អាតៗ ហើយមានឈុតរោលរាលឱបថើបបឺតមាត់តួស្រីៗវក់វី គ្មានអ្នកណាម្នាក់រត់រួចនោះ ស្រាប់តែពេលនេះ តូតា មិនឱ្យថើបបឺតមាត់ទៀតឡើយ ទើបធ្វើឱ្យអ្នកចម្រៀងរូបនេះត្រូវប្តូរប្លង់ថ្មីទាំងខកចិត្តវិញ។
លោកអែនឌី និយាយខ្លីថា “អូ! តូតា ថាសង្សារគាត់ (ប៉ូល វិបូរ) មិនឱ្យគាត់ថតមានឈុតបឺតមាត់ទេ បានជាបទនេះអត់មានថើបមាត់ហ្នឹង។ គាត់ខ្លាចសង្សារគាត់ប្រចណ្ឌ ហើយតាមពិត បទហ្នឹងក៏មិនតម្រូវខ្លាំងទៅលើការថើបបឺតមាត់ហ្នឹង ដោយខានមិនបានដែរ”។
ម៉ាក សែនសូនីតា ដែលត្រូវគូស្នេហ៍ជាថៅកែដាក់គំនាបខ្លាំងនោះ ប្រាកដជាអាចធ្វើឱ្យអាជីពសិល្បៈនាង មានការប៉ះពាល់លើទីផ្សារជាមិនខាន ព្រោះថាក្នុងភាពយន្តខ្លះ ការថើបបឺតមាត់ ប្រាកដជាមិនអាចគេចផុតបានឡើយ ដើម្បីឱ្យសាច់រឿងកាន់តែទាក់ទាញ តែបើតូតា ហ៊ានជំទាស់ប្រឆាំងលោកថៅកែនោះ ច្បាស់ជានាងលែងបានលេងសិល្បៈទៀតជាមិនខាន ព្រោះថា លោកវិបូរ ស្រលាញ់តូតា ខ្លាំងណាស់ ចង់លាក់ទុកស្រីស្អាតរូបនេះចូលទៅក្នុងពោះ ដើម្បីកុំឱ្យប្រុសផ្សេងឃើញទៀតផង តែការដែលលោកថៅកែក្នាញ់ស្រីស្រស់ខ្លាំងពេកនេះហើយ ទើបធ្វើឱ្យតូតា កាន់តែមានមន្ត្រីធំ និងលោកថៅកែកាន់តែច្រើនតាមស្នេហ៍ដល់ហាង “ផែសមុទ្រ” គឺហាក់មិនខ្វល់ពីលោកនីត បន្តិចឡើយ។
ប្រភពបានឱ្យដឹងថា ម៉ាក សែនសូនីតា មានថៅកែសណ្ឋាគារម្នាក់ដែលជាជនបរទេស តាមស្នេហ៍នាង មុនលោកនីត ទៅទៀត ហើយរហូតមកដល់ពេលនេះ ទោះជាថៅកែនោះដឹងថា តារាមានមន្តស្នេហ៍រូបនេះមានម្ចាស់ចិត្តទៅហើយក្តី តែលោកមិនចាប់អារម្មណ៍ទេ គឺនៅតែតាមស្នេហ៍នាង ទើបធ្វើឱ្យនីត កាន់តែកើតចិត្តប្រចណ្ឌតូតា ខ្លាំងជាងពេលមុន។
ប្រភពបានឱ្យដឹងថា តូតា ដែលកំពុងជិះរថយន្តទំនើប Lexus LX450d តម្លៃ17ម៉ឺនដុល្លារនោះ មិនមែនជាកាដូរបស់លោកថៅកែផលិតកម្មនេះឡើយ ហើយគេសង្ស័យថា នាងមានប្រុសផ្សេងទៀតនៅក្រោយខ្នង។ តែការលេចឮទាំងនេះត្រូវបានតូតា ច្រានចោល ហើយនាងថា ឡានទំនើបនោះបានមកពីការលក់រថយន្តចាស់ Land Cruiser V8 និងលុយរបស់នាងដែលសន្សំដោយការងារសិល្បៈ រួមទាំង ម្តាយនាងជួយផង ទើបទិញវាបានជិះពេលនេះ។
តូតា ដែលសាងស្នេហ៍ជាមួយប្រុសក្មេងទឹម នីដា ប្អូនប្រុសកញ្ញាទឹម រដ្ឋា ជាច្រើនឆ្នាំនោះ បានបោះបង់ចោលប្រុសក្មេង នៅពេលដែលនាងជ្រើសយកលោកនីត ជាគូស្នេហ៍ ទើបនាំឱ្យតារាមួយចំនួន និយាយថា តូតា បានចាស់ ចោលក្មេង។
ប្រភពបានឱ្យដឹងថា ទោះជាពេលនេះ តូតា កំពុងតែមានសេចក្តីសុខជាមួយសង្សារថ្មី លោកវិបូរ ហៅនីត មែន តែតារារូបនេះនៅតែមានការអាណិតចំពោះសង្សារចាស់ ប្រុសក្មេងនីដា ហើយថែមទាំងចង់ជួបដោយការលួងលោមចិត្តផងដែរ បន្ទាប់ពីដឹងដំណឹងថា លោកនីដា ហូរទឹកនេត្រាដោយសាររូបនាងស្នេហ៍ពោះម៉ាយ ចោលកំលោះនោះ។ ប៉ុន្តែតូតា បានប្រាប់ដំណឹងនេះ ទៅលោកនីដា តាំងពីមុននាងចែកផ្លូវគ្នាម៉្លេះថា នាងមិនប្រាកដថា នឹងជ្រើសលោកនីដា ធ្វើជាប្តីទេ ព្រោះនាងមានជម្រើសច្រើនណាស់ ហើយទីបំផុតនាងរកបានបណ្តូលចិត្តថ្មី គឺលោកថៅកែនីត ដែលនៅក្បែរខ្លួន ហើយជាមនុស្សម្នាក់ដែលធ្លាប់តែហៅនាងថា “កូនក្មេង²” នោះ។
យ៉ាងណា មង្គលការរបស់តូតា និងលោកវិបូរ មិនទាន់កំណត់ពេលវេលាជាក់លាក់ទេ ដោយតារារូបនេះអះអាងថា ពេល រៀបការនាង គឺឈុតកូនក្រមុំត្រូវមានហាងសម្អាងការដល់ទៅ3 ឆ្លាស់គ្នា គឺពេលព្រឹក ថ្ងៃ និងល្ងាច ប្រើសម្អាងការហាងផ្សេងគ្នាទាំងអស់់៕