Saturday, February 1, 2025
Homeសន្ដិសុខសង្គមប្តីប្រពន្ធជិះគោយន្តដឹកគ្រែលក់ រថភ្លើងបុករបួសធ្ងន់

ប្តីប្រពន្ធជិះគោយន្តដឹកគ្រែលក់ រថភ្លើងបុករបួសធ្ងន់

ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែក និងរន្ធត់មួយបានកើតឡើងរវាងរថភ្លើងនិងគោយន្ត ដោយប្តីប្រពន្ធ២នាក់ កំពុងបើកគោយន្តដឹកគ្រែដើរលក់ និងឆ្លងកាត់ផ្លូវរថភ្លើងដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់គោយន្ត រងរបួសធ្ងន់ទាំង ២នាក់ប្តីប្រពន្ធ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុកគោយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបំបែកមួយកន្លែង ត្រង់ចំណុចផ្លូវខ្មោចចោរ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រួមមានបុរសជាប្តីមានឈ្មោះ ក្រឹម ច្រឹក អាយុ៤១ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះជា សាវន អាយុ៣៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃដឹកគ្រែលក់មួយគ្រឿង ជិះដោយ ២នាក់ប្តីប្រពន្ធខាងលើ បានបើកបរតាមផ្លូវក្រួសក្រហម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកឆ្លងផ្លូវ រថភ្លើង ក៏ស្រាប់តែមានរថភ្លើង១ខ្សែដឹកភ្ញៀវទេសចរណ៍ បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅខេត្តព្រះស៊ីហនុ) បានមកដល់ រួចក៏ជ្រុលទៅបុកគោយន្តមួយកំណាត់ក្បាលម៉ាស៊ីនបណ្តាលឱ្យដាច់ម៉ាស៊ីគោយន្ត រួចខ្ទាតទៅលើស្នាមភ្លោះចម្ងាយជាង១០ម៉ែត្រពីគោយន្ត។ ចំណែកបុរសអ្នកបើកគោយន្តនិងប្រពន្ធ បានខ្ទាតចេញពីគោយន្តបោកនឹងចង្កូតគោយន្ត រងរបួសត្រង់ចង្កាទាំងពីរនាក់។

ក្រោយកើតហេតុ អ្នកស្រុកបានជួយហៅគ្រូពេទ្យឯកជននៅក្នុងភូមិ មកជួយដេររបួស ចាក់ថ្នាំ និងបន្តោកសេរ៉ូមឱ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដល់កន្លែងកើតហេតុតែម្តង។

តាមសម្តីសាក្សីម្នាក់ទៀត បានឱ្យដឹងថា បន្ទាប់ពីមានហេតុការនេះកើតឡើង ខាងរថភ្លើងបានឈប់មើលជនរងគ្រោះទាំងពីរនាក់មួយភ្លែត ព្រមទាំងបានថតរូបជនរងគ្រោះ និងគោយន្តដែលក្រឡាប់នោះផងដែរ រួចហើយក៏ចេញដំណើរទៅខេត្តព្រះស៊ីហនុបាត់ទៅ។

ដោយឡែកតាមស្ថានភាពរបួសរបស់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ គឺមានការលំបាក សន្និដ្ឋានថារបួសធ្ងន់ ឬស្រាលណាស់ ដោយសារតាមស្លាកស្នាមខាងក្រៅ គ្រាន់តែរលាត់ត្រង់ចង្កា ដេរប្រហែលជា៥ទៅ៦ថ្នេរតែប៉ុណ្ណោះ។ ប៉ុន្តែជនរងគ្រោះទាំងពីរនាក់ត្អូញថាចុកចាប់ក្នុងខ្លួនយ៉ាងខ្លាំង ដោយងើបអង្គុយមិនបានផង។

យ៉ាងណាក្តីគ្រូពេទ្យដែលមកជួយសង្គ្រោះបឋម បានប្រាប់ជនរងគ្រោះថា ត្រូវចូលទៅមន្ទីរពេទ្យបង្អែកដើម្បីឱ្យពេទ្យថតមើលទៅ ពីព្រោះរបួសជនរងគ្រោះអាចមានខ្ទាំក្នុងខ្លួន ដោយសារបោកនឹងចង្កូតគោយន្តរហូតដល់បាក់ចង្កូតទៅហើយ៕

RELATED ARTICLES