Saturday, February 1, 2025
Homeសន្ដិសុខសង្គមបង្កៃគ្រាប់ M79 ក្រោមរថយន្តឡិចសុីស នៅសង្កាត់ទឹកល្អក់ទី២

បង្កៃគ្រាប់ M79 ក្រោមរថយន្តឡិចសុីស នៅសង្កាត់ទឹកល្អក់ទី២

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តរបស់ខ្លួនចូលយានដ្ឋានមួយកន្លែងដើម្បីឱ្យជាងជួយដូរហ្វឺត ដែលធ្វើឱ្យលិចប្រេងមិនឈប់ លុះជាងបើករថយន្តឡើងប៉ុងមើលបាតក្រោម ស្រាប់តែប្រទះឃើញគ្រាប់ប្រភេទ M79 មួយគ្រាប់ ត្រូវគេចងភ្ជាប់នឹងទុយោស្អំធុងទឹករថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចយានដ្ឋានជួសជុលរថយន្តយីហោ ជាងវៃ ដែលមានទីតាំងនៅផ្ទះលេខ២៧៩ ផ្លូវលេខ១៥៦ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

រថយន្តដែលត្រូវបានគេប្រទះឃើញមានគ្រាប់ M79 បង្កៃជាប់ពីក្រោមនោះ ម៉ាក Lexus RX-330 ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2V-7668 មានជាកម្មសិទ្ធិរបស់ឈ្មោះងួន ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដែកអ៊ីណុក ស្នាក់នៅផ្ទះលេខ២៩០ ផ្លូវលេខ ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមសម្តីបុរសជាម្ចាស់រថយន្តដែលត្រូវគេបង្កៃគ្រាប់ M79 ពីក្រោម ដោយមិនដឹងខ្លួន បានរៀបរាប់ប្រាប់ថា គាត់បានទិញរថយន្តខាងលើពីឈ្មោះស៊ីណា លីម៉េង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអ្នកគក់ជេររថយន្ត មានលំនៅផ្ទះលេខ១៣១ ផ្លូវលេខ 118Z ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយគាត់បានទិញរថយន្ត១គ្រឿងនេះ តាំងពីឆ្នាំ២០១៤មកម៉្លេះ ហើយតាំងពីទិញមក គាត់មិនដែលឱ្យអ្នកណាខ្ចីជិះទេ ហើយក៏មិនដែលមានទំនាស់ជាមួយអ្នកណាដែរ។

បុរសជាម្ចាស់រថយន្តបានបន្តថា រហូតមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដោយសារតែរថយន្តរបស់គាត់ចេះតែលិចប្រេងម៉ាស៊ីនពេក ទើបគាត់បានបើករថយន្តទៅជួសជុលធ្វើហ្វឺត ការពារកុំឱ្យហូរលិចប្រេងម៉ាស៊ីនផ្នែកខាងក្រោមនៅយានដ្ឋាន ជួសជុលរថយន្តយីហោជាងវៃ ដែលមានទីតាំងផ្ទះលេខ២៧៩ ផ្លូវលេខ១៥៦ ក្រុមទី៣៤ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក លុះពេលទៅដល់គាត់ក៏ទុករថយន្តនៅកន្លែងជាង រួចក៏ត្រឡប់ទៅផ្ទះវិញរហូតមកដល់ម៉ោងប្រហែល ៣និង៣០នាទីរសៀលថ្ងៃដដែល គាត់ក៏បានទទួល ទូរស័ព្ទពីជាងឈ្មោះជាងវៃ ភេទប្រុស អាយុប្រហែល៤១ឆ្នាំ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តថា មានគ្រាប់ចងភ្ជាប់នឹងទុយោស្អំធុងទឹកខាងក្រោមរថយន្តរបស់គាត់។ លឺបែបនេះ គាត់កើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងប្រញាប់ធ្វើដំណើរមកយានដ្ឋានខាងលើ ដើម្បីពិនិត្យមើល ស្រាប់តែប្រទះឃើញ គ្រាប់ប្រភេទ M79 មួយគ្រាប់ ដែលត្រូវបានជាងកាត់ទំលាក់ចុះក្រោមរួចទៅហើយ។

តាមការបំភ្លឺរបស់ឈ្មោះសែត ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងផ្នែកម៉ាស៊ីន បានអះអាងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានបើករថយន្ត១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2V-7668 ដែលម្ចាស់គេយកមកជួសជុល ដូរហ្វឺតការពារលិចប្រេងម៉ាស៊ីន ឡើងលើប៉ុងដើម្បីពិនិត្យមើលម៉ាស៊ីន ហើយក៏ដោះទម្របន្ទះខាងក្រោមធុងស្អំទឹក ស្រាប់តែឃើញគ្រាប់១គ្រាប់ តែដំបូងឡើយ ខ្លួនមិនដឹងថាជាគ្រាប់នោះឡើយ និងស្មានថាជាកំប៉ុងទឹកដោះគោ ក៏បានកាត់គ្រាប់នោះមកទុកនៅក្បែរជើងសសរប៉ុង។ រហូតមួយសន្ទុះក្រោយមក មានអ្នកយករថយន្តមកជួសជុល ប្រទះឃើញស្គាល់ ថានេះគឺជាគ្រាប់ M79 ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ទូរស័ព្ទផ្តល់ដំណឹងដល់ម្ចាស់រថយន្ត ហើយក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីរាយការណ៍បន្តសុំឱ្យខាងជំនាញចុះមកពិនិត្យ។

ក្រោយកើតហេតុ មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីន ស៊ីម៉ាក់ បានចុះពិនិត្យដល់ទីតាំងកើទហេតុ និងបានយក គ្រាប់ប្រភេទ M79 ១គ្រាប់ដែលមានចងខ្សែជ័រពណ៌ខ្មៅ ទៅរក្សាទុកនៅកន្លែងសុវត្ថិភាពហើយ។ ចំណែកសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកដើមហេតុ និងជនដែលបានដាក់បង្កៃគ្រាប់នៅក្រោមរថយន្តខាងលើផងដែរ៕

RELATED ARTICLES